ជំងឺក្រិនថ្លើម ជាដំណាក់កាលចុងក្រោយមួយនៃជំងឺថ្លើម និងជាផលវិបាករបស់ជំងឺថ្លើម។ អ្នកជំងឺនៅដំណាក់កាលដំបូងៗនៃជំងឺនេះ មិនមានចេញរោគសញ្ញានោះទេ។ មូលហេតុជាទូទៅដែលបង្កឲ្យមានជំងឺនេះ មានដូចជាផឹកគ្រឿងស្រវឹងច្រើនរយៈពេលយូរ ឆ្លងវីរុសថ្លើម និងមានជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹង។
ការព្យាបាលជំងឺក្រិនថ្លើមផ្អែកទៅតាមមូលហេតុបង្ក និងកម្រិតនៃការខូចខាត។ នៅប្រទេសជឿនលឿនការប្ដូរថ្លើមជាជម្រើសមួយនៃការព្យាបាល ក្នុងករណីថ្លើមលែងដំណើរការ។
១. មូលហេតុបង្កបីសំខាន់
– គ្រឿងស្រវឹង
ថ្លើមមាននាទីជួយសម្អាតជាតិពុលពីក្នុងឈាម ជួយដល់ការរំលាយអាហារ គ្រប់គ្រងកម្រិតជាតិស្ករ និងកូលេស្តេរ៉ូលក្នុងឈាម និងជួយប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។ ចំពោះជាតិ អាល់កុលក្នុងគ្រឿងស្រវឹងថ្លើមអាចចម្រោះបាន ប៉ុន្តែថារាល់ពេលចម្រោះនោះកោសិកាថ្លើមមួយចំនួនក៏បានងាប់ដែរ។ ថ្វីបើថ្លើមអាចបង្កើតកោសិកាថ្មីបានវិញមែន តែការផឹកគ្រឿងស្រវឹងក្នុងបរិមាណច្រើន និងយូរឆ្នាំជាប់ជាប្រចាំ ក៏អាចកាត់បន្ថយសមត្ថភាពរបស់ថ្លើមក្នុងការបង្កើតកោសិកាថ្មីដែរ។ ជាលទ្ធផល អាចធ្វើឲ្យថ្លើមបាត់បង់សមត្ថភាពបង្កើតកោសិកាថ្មី និងខូចថ្លើមអចិន្ត្រៃយ៍តែម្ដង។
ដូចគ្នាដែរ ការផឹកគ្រឿងស្រវឹងក្នុងបរិមាណច្រើន ក៏បង្កជាជំងឺខ្លាញ់រុំថ្លើមដែរ។ ក្រៅពីនេះ គ្រឿងស្រវឹងក៏អាចធ្វើឲ្យរលាកថ្លើមធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត ដោយធ្វើឲ្យថ្លើមមានសម្លាក និងបន្តទៅជាក្រិនថ្លើម។
– ជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹង
អ្នកធាត់លើសទម្ងន់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ សុទ្ធតែប្រឈមនឹងជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹង។ បញ្ហាសុខភាពទាំងនេះបញ្ចូលគ្នា ទំនងជាធ្វើឲ្យមានបរិមាណខ្លាញ់ផ្ទុកក្នុងថ្លើមកើនឡើង។ សម្រាប់មនុស្សមួយចំនួន មានខ្លាញ់ក្នុងថ្លើមលើសកម្រិត អាចប្រែខ្លាញ់ទាំងនោះទៅជាសារធាតុបំពុលកោសិកាថ្លើម ធ្វើឲ្យថ្លើមរលាក និងអាចធ្វើឲ្យថ្លើមឡើងសម្លាក ឬបង្កជាក្រិនថ្លើម។
– ជំងឺរលាកថ្លើមដោយសារមេរោគ
ជំងឺរលាកថ្លើម សំដៅលើករណីរលាកថ្លើម បណ្តាលមកពីការផឹកស្រាច្រើនលើសកម្រិត ថ្នាំមួយចំនួន ឬស្ថានភាពវេជ្ជសាស្ត្រ។ យ៉ាងនេះក្តី សឹងតែគ្រប់ករណី ជំងឺរលាកថ្លើមបង្កឡើងដោយមេរោគ។ គ្នាយើងអាចឆ្លងជំងឺរលាកថ្លើម ក្នុងករណីមានការប៉ះពាល់ឈាមអ្នកដែលបង្ករោគ ហើយករណីទាំងនោះមានដូចជា៖
- ចាក់ ឬមុតម្ជុលដោយចៃដន្យ មានវីរុសថ្លើម
- ប្រើប្រាស់ម្ជុលរួមគ្នា
- ធ្លាប់បញ្ចូលឈាម អ្នកមានជំងឺរលាកថ្លើមប្រភេទ B និង C (ឈាមមិនទាន់ពិនិត្យឃើញមេរោគ)
- រួមភេទ ឬប៉ះពាល់ទឹកកាម សារធាតុរាវអ្នកមានជំងឺថ្លើម។
មូល
២. រោគសញ្ញាជំងឺក្រិនថ្លើម
ដំណាក់កាលដំបូង ជំងឺក្រិនថ្លើមមិនមានរោគសញ្ញាច្បាស់លាស់នោះទេ ប៉ុន្តែពេលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អាចនឹងលេចចេញរោគសញ្ញាជាច្រើនដូចជា៖
- សរសៃឈាមឆ្មារៗ អាចមើលឃើញនៅលើស្បែកពោះផ្នែកខាងលើ
- អស់កម្លាំង
- បញ្ហាដំណេក
- ស្បែករមាស់
- ចំណង់អាហារថយចុះ
- ស្រកទម្ងន់
- ចង្អោរ
- ឈឺ និងចុកចាប់នៅតំបន់ថ្លើម
- បាតដៃក្រហម ឬមានពពាលក្រហមៗ
- ខ្សោយ។
ក្រៅពីរោគសញ្ញាទាំងនេះ នៅមានរោគសញ្ញាមួយចំនួនទៀតពេលជំងឺក្រិនថ្លើមវិវដ្ដកាន់តែធ្ងន់ធ្ងរ៖
- ពោះធំ បង្កដោយការចាល់សារធាតុរាវនៅក្នុងពោះ
- បេះដូងលោតកាន់តែញាប់
- ប្រែប្រួលដំណើរការរាងកាយ (ខួរក្បាលរងប៉ះពាល់ដោយការប្រមូលផ្តុំជាតិពុល)
- អញ្ចាញធ្មេញហូរឈាម
- បាត់បង់សាច់ដុំនៅដើមដៃ និងរាងកាយ
- បំប្លែងសារធាតុចេញពីស្រា និងឱសថយឺតយ៉ាវ
- វង្វេងវង្វាន់ស្មារតី
- វិលមុខ
- ហើមកជើង ប្រអប់ជើង និងជើង ដោយសារចាល់សារធាតុរាវ
- ជ្រុះសក់
- ងាយជាំ និង
- ខាន់លឿង ជាដើម។
៣. ក្រិនថ្លើមជាជំងឺមហារីក?
ក្រិនថ្លើមមិនមែនជាជំងឺមហារីកថ្លើមនោះទេ។ យ៉ាងណា អ្នកដែលមានជំងឺមហារីកថ្លើម ច្រើនក្រិនថ្លើម។ នេះមានន័យថាបើយើងមានជំងឺក្រិនថ្លើម ក៏មានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកថ្លើមដែរ។ ដូចគ្នាដែរ បើសិនជាយើងមានជំងឺថ្លើមប្រភេទB ឬប្រភេទ C ក៏មានឱកាសខ្ពស់ប្រឈមនឹងជំងឺក្រិនថ្លើម ពីព្រោះថាជំងឺទាំងពីរនេះ តែងតែនាំឲ្យវិវដ្ដទៅជាជំងឺក្រិនថ្លើម។ គ្រប់ទម្រង់នៃជំងឺថ្លើម អាចនាំឲ្យកើតជំងឺក្រិនថ្លើម ដែលបង្កឲ្យមានហានិភ័យកាន់តែខ្ពស់កើតជំងឺមហារីកថ្លើម។ ទោះបីជាយើងមានជំងឺថ្លើមប្រភេទB និងជំងឺខ្លាញ់រុំថ្លើមមិនវដ្ដទៅជាក្រិនថ្លើមក៏ដោយ ក៏យើងនៅតែអាចប្រឈមខ្ពស់ក្នុងការកើតជំងឺមហារីកថ្លើមដែរ។
៤. កើតជំងឺក្រិនថ្លើមនឹងត្រូវស្លាប់?
ការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺក្រិនថ្លើមមិនមែនមានន័យថាយើងត្រូវស្លាប់ភ្លាមៗដែរនោះទេ។ យ៉ាងណា បើជំងឺក្រិនថ្លើមបន្តវិវដ្ដទៅមុខ មានសម្លាកលើថ្លើមកាន់តែច្រើន និងដំណើរការរបស់ថ្លើមបន្តធ្លាក់ចុះ នោះការខ្សោយថ្លើមនឹងអាចបង្កការគំរាមកំហែងដល់អាយុជីវិត។ សម្រាប់ការព្យាបាលណាមួយ គ្រូពេទ្យនឹងផ្ដល់ការណែនាំទៅតាមស្ថានភាពជាក់ស្តែង។ សម្រាប់ប្រទេសជឿនលឿនមួយចំនួន គ្រូពេទ្យអាចពិភាក្សាពីការប្ដូរថ្លើមក្នុងជម្រើសព្យាបាល។
បញ្ហាថ្លើមផ្សេងទៀត
- ថ្លើមរឹង និងក្រិនថ្លើមខុសគ្នាដូមម្ដេច?
- មានបញ្ហាថ្លើម គួរញ៉ាំអាហារតាមនេះ បើមិនចង់ឲ្យថ្លើមកាន់តែខូច
- មូលហេតុលម្អិតម៉េចបានដល់ថ្នាក់ក្រិនថ្លើម ព្យាបាលលែងជា
- កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរថ្លើមដោយវិធីណា?
- ថ្លើមដំណើរការមិនប្រក្រតី អាចបង្កជាបញ្ហាអ្វីខ្លះ?
- ជំងឺរលាកថ្លើមមិនមែនមានត្រឹមA B C ទេ នៅមានជំងឺរលាកថ្លើម ២ ប្រភេទទៀត
[embed-health-tool-bmi]