backup og meta

ស្ថានភាពមួយចំនួន ធ្វើឲ្យគេច្រឡំថាមហារីកជា​ជំងឺឆ្លង

ស្ថានភាពមួយចំនួន ធ្វើឲ្យគេច្រឡំថាមហារីកជា​ជំងឺឆ្លង

ថ្វី​បើ​មហារីក​មិន​មែន​ជា​ជំងឺ​ឆ្លង​ដូច​ជា​ផ្ដាសាយ ឬ​ជំងឺ​កាម​រោគ ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ច្រឡំ ឬ​គិត​ថា​មហារីក​ជា​ជំងឺ​ឆ្លង​។

មនុស្សយើង​​មិន​អាច​ឆ្លង​ជំងឺ​មហារីក​ពី​អ្នក​ផ្សេង​នោះ​ទេ។ ការ​នៅ​ជិត​ស្និទ្ធ​គ្នា ការ​រួម​ភេទ ការ​ថើប ការ​ប៉ះពាល់​គ្នា ញ៉ាំ​អាហារ​ជាមួយ​គ្នា​ ឬ​តាម​រយៈ​ខ្យល់​ដង្ហើម​ជា​ដើម សុទ្ធ​តែ​មិន​អាច​ឆ្លង​ជំងឺ​មហារីក​នោះ​ទេ​។ កោសិកា​មហារីក​របស់​អ្នក​ណា​ម្នាក់​​មិន​អាច​រស់​នៅ​ក្នុង​រាង​កាយ​អ្នក​ផ្សេង​ម្នាក់​ទៀត​ដែល​កំពុង​មាន​សុខភាព​ល្អ​នោះ​ទេ។ ប្រព័ន្ធ​ភាព​របស់​មនុស្ស​យើង​នឹង​បំផ្លាញ​កោសិកា​មកពី​ខាង​ក្រៅ រួម​ទាំង​កោសិកា​មហារីក​របស់​អ្នក​ផ្សេង​ផង​ដែរ។​​

​​​ទោះ​បី​ជា​មហារីក​មិន​មែន​ជា​ជំងឺ​ឆ្លង​ តែ​មាន​ស្ថានភាព​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​យល់​ច្រឡំ​ថា​វា​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ស្ថាន​ភាព​ទាំង​នោះ​មាន​ដូច​ជា​​៖

១. ការ​ឆ្លង​រោគ​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក

ទោះបីជា​មហារីក​មិន​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​ទៀត​បាន ប៉ុន្តែ​មាន​មេ​រោគ​មួយ​ចំនួន​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​។ ការណ៍​នេះ​ហើយ​បានជា​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​មហារីក​ជា​ជំងឺ​ឆ្លង​។ ការ​ឆ្លង​រោគ​ដែល​អាច​បង្ក​ជា​ហានិភ័យ​កើត​ជំងឺ​មហារីក​មាន​ដូច​ជា​ការ​ឆ្លង​វីរុស បាក់តេរី និង​ប៉ារ៉ាស៊ីត ជា​ដើម​។

កោសិកាមហារីក

២. គ្រួសារ​មាន​ជំងឺ​មហារីក​

បើ​សិន​ជា​ជំងឺ​មហារីក​អាច​ឆ្លង​រាល​ដាល​មាន​ យើង​ប្រហែល​ជា​អាច​មាន​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ជំងឺ​មហារីក​ ដូច​ជា​ជំងឺ​ផ្ដាសាយ​ធំ​ដែរ​។ មួយ​វិញ​ទៀត បើ​មហារីក​ជា​ជំងឺ​ឆ្លង យើង​អាច​ស្រមៃ​មើល​ថា​វា​នឹង​ឆ្លង​ពេញ​ទាំង​គ្រួសារ និង​សូម្បី​តែ​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​អ្នក​ជំងឺ​មហារីក​ផង​ ប៉ុន្តែ​វា​មិន​មាន​ករណី​បែប​នេះ​ទេ​។

ជា​ការ​ពិត​ថា​មហារីក​អាច​កើត​ឡើង​ចំពោះ​គ្រួសារ​ណាមួយ​លើ​សមាជិក​លើស​ពី​ម្នាក់ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​មហារីក​ជា​អ្នក​ចម្លង​ជំងឺ​នេះ​ទៅ​សមាជិក​ម្នាក់​ទៀត​នោះ​ទេ​។ ហេតុ​ផល​ដែល​សមាជិក​គ្រួសារ​អាច​មាន​ជំងឺ​មហារីក​លើស​ពី​ម្នាក់​អាច​មក​ពី​​៖​

  • ​​​ហ្សែន​ដូច​គ្នា​រវាង​សមាជិក​គ្រួសារ​
  • ទម្លាប់​នៃ​ការ​រស់​នៅ​ដូច​គ្នា​​ ដូច​ជា​ជក់បារី ឬ​របប​អាហារ​មិន​មាន​សុខភាព
  • សមាជិក​គ្រួសារ​រស់​នៅ​តំបន់ ឬ​ទីតាំង​ដែល​ប្រឈម​សារធាតុ​បង្ក​ជំងឺ​មហារីក

៣. ក្នុង​សហគមន៍​មាន​អ្នក​កើត​ជំងឺ​មហារីក​ច្រើន

នៅ​ពេល​សហគមន៍​មួយ​មាន​អ្នក​កើត​ជំងឺ​មហារីក​ច្រើន ក៏​នាំ​ឲ្យ​មាន​ការ​គិត​ថា​មហារីក​ជា​ជំងឺ​​​ឆ្លង​ដែរ។ ប៉ុន្តែ​ថា​ការ​កើត​មាន​ជំងឺ​មហារីក​ជា​ចង្កោម​បែប​នេះ​ស្ទើរ​តែ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​នៃ​ការ​កើត​មហារីក​ក្នុង​សហគមន៍​នេះ ឬ​សហគមន៍​នោះ​ ខ្ពស់​ជាង​សហគមន៍​ផ្សេង​នោះ​ទេ​។ មូល​ហេតុ​នាំ ឲ្យ​​សហគមន៍​មួយ​មាន​មនុស្ស​កើតជំងឺ​មហារីក​ច្រើន​គ្នា ក៏​ពិបាក​នឹង​កំណត់​ដែរ តែ​គេ​អាច​មើល​លើ​កត្តា​បរិស្ថាន​រស់​នៅ ទម្លាប់​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​សហគមន៍​ទាំង​នោះ ថា​ជា​ដើម​ចម​នៃ​ការ​បង្ក​ជំងឺ​មហារីក​ឬ​យ៉ាងណា​។​

៤. មហារីក​ឆ្លង​តាម​រយៈ​ការ​ប្ដូរ​សរីរាង្គ

ក្នុង​ករណី​ដ៏​កម្រ កោសិកា​មហារីក​របស់​អ្នកបរិច្ចាគ​​សរីរាង្គ អាច​ធ្វើ​ឲ្យ​មហារីក​លូត​លាស់​ក្នុង​រាង​កាយ​អ្នក​​ទទួល​។ ករណី​នេះ មិន​ងាយ​នឹង​កើត​មាន​ទេ ព្រោះ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​យើង​បាន​តាម​ដាន និង​បំផ្លាញ​កោសិកា​មកពី​ក្រៅ​ដែល​មិន​មែន​ជា​កោសិកា​របស់​ខ្លួន​។ ប៉ុន្តែ​ អ្នក​​ប្ដូរ​​សរីរាង្គ ត្រូវ​គេ​​ប្រើ​ថ្នាំ​សម្រាប់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដើម្បី​កុំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​លើ​សរីរាង្គ​ដែល​នឹង​ត្រូវ​វះ​កាត់​ដាក់ឲ្យ​​។ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​នៃ​ជំងឺ​មហារីក​នេះ អ្នក​បរិច្ចាគ​សរីរាង្គ ត្រូវ​គេ​ស្កែន​​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​រក​មហារីក មុន​នឹង​ផ្ដល់​សរីរាង្គ​បាន​។

យ៉ាងណា ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ជំងឺ​មហារីក​​ច្រើន​កើត​លើ​អ្នក​វះកាត់​ដូរ​សរីរាង្គ​។​ រឿង​នេះ​អាច​ទំនង​ជា​មក​ពី​ថ្នាំ​ដែល​គេ​ប្រើ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​លើ​ករណី​បដិសេធ​សរីរាង្គ​ថ្មី​​​ជាជាង​ការ​ឆ្លង​រាង​ដាល​មហារីក​ពី​សរីរាង្គ​បរិច្ចាគ​។ ថ្នាំ​គេ​ប្រើ​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​អ្នក​ទទួល​សរីរាង្គ​ចុះ​ខ្សោយ និង​អាច​រារាំង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​ក្នុង​ការ​ស្វែង​រក​ និង​បំផ្លាញ​កោសិកា ឬ​វីរុស​បង្ក​ជំងឺ​មហារីក​។

៥. មហារីក​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ផ្ទៃ

ថ្វី​បើ​ម្ដាយ​មាន​ជំងឺ​មហារីក តែ​កម្រ​នឹង​ឆ្លង​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ​ណាស់​។ ជំងឺ​មហារីក​ប្រភេទ​ខ្លះ​អាច​ឆ្លង​ពី​ម្ដាយ​ទៅ​កាន់​ទង​សុក​​ ប៉ុន្តែ​ជំងឺ​មហារីក​ភាគ​ច្រើន​មិន​អាច​ឆ្លង​ទៅ​កូន​បាន​ទេ។

ដោយ​ហេតុ​ថា​ជំងឺ​មហារីក​មិន​មែន​ជា​ជំងឺ​ឆ្លង មិត្តភ័ក្ដិ ឬសមាជិក​គ្រួសារ មិន​គួរ​ទុក​អ្នក​ជំងឺ​មហារីក​ឲ្យ​នៅ​​តែ​ឯង​នោះ​ទេ​។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សាច់ញាតិ ឬ​មិត្តភ័ក្ដិ​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ឯកោ។ អ្នក​ជំងឺ​មហារីក​ ត្រូវ​ការ​ការ​គាំទ្រ និង​យក​ចិត្ត​ទុក​ដាក់​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cancer.org/cancer/cancer-causes/is-cancer-contagious.html#references

https://www.medicinenet.com/is_cancer_contagious/article.htm

https://www.cancer.gov/about-cancer/causes-prevention/risk/myths

កំណែ​ប្រែបច្ចុប្បន្ន

07/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មហារីករាលដាល តើរាលដាលដោយរបៀបម៉េច?

កម្ដៅព្រះអាទិត្យ បង្កជាជំងឺមហារីកស្បែកបែបណា?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម