ជំងឺមហារីកមាត់ស្បូន គឺជាជំងឺទី១ដែលស្រ្តីកម្ពុជាប្រឈមមុខ ក្រៅពីជំងឺស្រ្តីដទៃទៀត។ លោកវេជបណ្ឌិត អ៊ាវ សុខា វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីក និងឈាមបានឲ្យដឹងថា ទោះបីមហារីកស្បូន ជាជំងឺដែលស្រ្តីប្រឈមជាមួយខ្លាំង តែមិនបាច់បារម្ភពេកទេ ព្រោះស្រ្តីអាចការពារទប់ស្កាត់ជំងឺមហារីកមាត់ស្បូនបានដោយការចាក់វ៉ាក់សាំង និងការពិនិត្យកោសិកាមាត់ស្បូន។
១. ការចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន គឺអាចចាក់លើកុមារីចាប់ពីអាយុ៩ឆ្នាំឡើងទៅ និងមានសុខភាពល្អ។ វ៉ាក់សាំងនេះចាក់បានតែ៣ដងប៉ុណ្ណោះ ថ្ងៃ០ (ថ្ងៃចាក់លើកដំបូង) ខែទី១ និងខែទី៦។ វ៉ាក់សាំងសម្រាប់ប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន មាន២ប្រភេទ គឺមួយប្រភេទផលិតនៅអឺរ៉ុប និងមួយប្រភេទទៀតផលិតនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពខ្ពស់ក្នុងការការពារជំងឺមហារីកមាត់ស្បូនបានដូចគ្នា ហើយកម្ពុជាគឺមានវ៉ាក់សាំងទាំង២ប្រភេទនេះ។
[embed-health-tool-ovulation]
ទោះបីវ៉ាក់សាំងទាំង២ប្រភេទនេះមានប្រសិទ្ធភាពខ្ពស់ដូចគ្នាក៏ដោយ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា យើងមិនអាចចាក់វ៉ាក់សាំងទាំងពីរនេះលាយគ្នាបានទេ ព្រោះវាគ្មានការសិក្សាវិទ្យាសាស្រ្តណាបញ្ចាក់លម្អិតថាតើអាចប្រើវ៉ាក់សាំងទាំងពីរនេះលាយគ្នាបាននៅឡើយទេ។ លោកវេជ្ជបណ្ឌិតថា ការចាក់វ៉ាក់សាំងការពារតែមួយមុខមិនគ្រប់គ្រាន់ទេ នៅមានវិធីមួយទៀតដែលគួរធ្វើ គឺការពិនិត្យកោសិកាមាត់ស្បូន។
២. ការពិនិត្យកោសិកាមាត់ស្បូន
ស្រ្តីណាដែលធ្លាប់ឆ្លងកាត់ការរួមភេទលើកទីមួយហើយ ស្រី្តនោះត្រូវពិនិត្យកោសិកាមាត់ស្បូនក្នុងមួយឆ្នាំ/ម្តង សម្រាប់ស្រ្តីអាយុចាប់៤៥ឆ្នាំឡើង និងសម្រាប់ស្រ្តីដែលមានវ័យនៅក្មេង គឺ២ឆ្នាំ/ម្តង ធ្វើបែបនេះរហូតដល់វ័យ៧០ឆ្នាំ។ ការពិនិត្យកោសិកាមាត់ស្បូននេះ គឺដើម្បីពិនិត្យរកមើលកោសិកាណាដែលប្រែប្រួល អាចវិវត្តទៅជាមហារីកបាន និងដើម្បីព្យាបាលទប់ស្កាត់មុនពេលវាកាន់តែធ្ងន់ធ្ងរ ទោះបីមិនឈឺ ឬមិនមានចេញរោគសញ្ញាអ្វីក៏ដោយ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានឲ្យយោបល់ដល់ស្រ្តីគ្រប់រូបថា គួរចាក់វ៉ាក់សាំងការពារជំងឺមហារីកស្បូនឲ្យបានគ្រប់រូប និងតាមដានសុខភាពមាត់ស្បូនឲ្យបានទៀងទាត់ដើម្បីជៀសផុតពីជំងឺមហារីកមាត់ស្បូនដ៏កាចសាហាវនេះ។
អត្ថបទពាក់ព័ន្ធ៖
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- ធ្លាប់ឆ្ងល់អត់ តើពេទ្យព្យាបាលមហារីកមាត់ស្បូនដោយវិធីណា?
- ប្រយ័ត្នស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន
- ក្រោយព្យាបាលមហារីកមាត់ស្បូន គួរធ្វើអីខ្លះ?
- ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ
- វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?
ចំណុចសំខាន់
- ចាក់វ៉ាក់សាំង
- ពិនិត្យកោសិកាមាត់ស្បូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕