backup og meta

​ត្រៀមធ្វើតេស្តកៀសកោសិកាមាត់ស្បូន ត្រូវចៀសវាងពីរចំណុច​នេះ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    ​ត្រៀមធ្វើតេស្តកៀសកោសិកាមាត់ស្បូន ត្រូវចៀសវាងពីរចំណុច​នេះ

    តេស្តកៀសកោសិកាមាត់ស្បូនអាចជួយឱ្យស្រ្តីរកឃើញកោសិកាមិនប្រក្រតី​នៅក្នុងមាត់ស្បូន មុនពេលកោសិកានោះក្លាយជាមហារីក។ ក្នុងអំឡុងពេលធ្វើតេស្ត គ្រូពេទ្យនឹងកៀស​យក​កោសិកា​ពី​មាត់ស្បូន​ស្រ្តីយកទៅពិនិត្យនៅក្រោមមីក្រូទស្សន៍ដើម្បីរកកោសិកាមិនប្រក្រតី ឬមហារីក។ តើស្រ្តី​គួរ​ធ្វើ​តេស្តកៀរកោសិកាមាត់ស្បូននៅពេលណា? ញឹកញាប់​ប៉ុនណា? ហើយគួរចៀសវាង​អ្វីខ្លះ​មុនពេល​ធ្វើតេស្ត?

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និង​សម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីទាំងអស់ក្រោយពេលមានដៃគូរួមភេទ ឬរៀបអាពាហ៍ពិពាហ៍​ហើយដែលស្ថិតក្នុងវ័យបន្តពូជចាំបាច់ត្រូវធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូន ព្រោះបើសិនជា​រកឃើញកោសិកាមិនប្រក្រតី ឬមហារីកទាន់ពេលវេលា នោះឱកាសព្យាបាល​មហារីកមាត់ស្បូន​អាច​ជា ១០០%​។

    ប៉ុន្តែប្រសិនបើស្រ្តីយើង​ធ្វេសប្រហែស និងបណ្តែតបណ្តោយមិនបានធ្វើ​តេស្ត រកមហារីក​កោសិកា​មាត់ស្បូន អាច​ប្រឈមនឹងគ្រោះថ្នាក់​នៅពេលដែលជំងឺមហាររីកមាត់ស្បូន​វិវឌ្ឍ​ដល់​ដំណាក់​កាល​មួយដែលពិបាកព្យាបាល ហើយបើការព្យាបាលនឹងតម្រូវឱ្យធ្វើការវះកាត់ដែល​ធ្វើ​ឱ្យខាត់បង់​ពេលវេលា លុយកាស និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។

    លោក​វេជ្ជបណ្ឌិត​បញ្ជាក់ថា ប្រសិនបើក្រោយពីធ្វើតេស្តកៀសកោសិកាមាត់ស្បូនហើយ គ្រូពេទ្យឃើញមាន​ការបំរែបំរួល​កោសិកា​នៅលើមាត់ស្បូន នោះគ្រូពេទ្យអាចធ្វើការព្យាបាល​ឱ្យស្រ្តី​បានទាន់ពេល និងមិនអស់​ថវិកា​ច្រើន​។

    តេស្តកៀសកោសិកាមាត់ស្បូន
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និង​សម្ភពត្បូងពេជ្រ

    ប្រសិនបើក្រោយពេលធ្វើតេស្តហើយ គ្រូពេទ្យឃើញមានការបំរែបំរួលកោសិការនៅលើមាត់ស្បូន ស្រ្តីត្រូវធ្វើតេស្តឆ្លុះមាត់ស្បូន ដើម្បីឱ្យដឹងថាកោសិកាតំបន់ណា​មានការប្រែប្រួលឈាន​ទៅរក​មហារីក ហើយគ្រូពេទ្យនឹងច្រឹបយកកោសិកាដែលមានការបំរែបំរួលនោះទៅពិនិត្យមើលថា កោសិកានោះជាបំរែបំរួលកោសិកាធម្មតា ឬជាការបំរែបំរួលឈានទៅរកមហារីក។

    លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតក៏បានបន្ថែមថា ជាទូទៅស្រ្តីគួរធ្វើតេស្ត​កៀស​កោសិកាមាត់ស្បូន ២ ទៅ ៣ ឆ្នាំម្តង ហើយយ៉ាងយូរបំផុតគឺ ៣ ឆ្នាំ ទោះបីជាស្រ្តីអត់មានរោគសញ្ញាអ្វីក៏ដោយ។

    មុនធ្វើតេស្តកៀសកោសិកាមាត់ស្បូន ស្រ្តីគួរចៀសវាង៖

    ១. រួមភេទ

    ស្រ្តីត្រូវតមការរួមភេទក្នុងរយៈពេលយ៉ាងតិច ២ ទៅ ៣​ ថ្ងៃមុនពេលធ្វើតេស្ត ព្រោះបើស្រ្តី​រួមភេទ​ក្នុងរយៈពេលនេះ គ្រូពេទ្យអាចបៀកបានស្ពែម៉ាតូសូអ៊ីតរបស់បុរស (មេជីវិតឈ្មោល) ដែល​ធ្វើឱ្យ​មាន​ការច្រឡំក្នុងការពិនិត្យ។

    ២. ដាក់ថ្នាំគ្រប់ប្រភេទក្នុងទ្វារមាស

    មុនពេលធ្វើតេស្តពីរបីថ្ងៃ ស្រ្តីគួរចៀសវាងប្រើសុលថ្នាំ ថ្នាំសម្លាប់មេរោគ ជែល អ័រម៉ូន ឬថ្នាំផ្សេងៗ​ក្នុងទ្វារមាស ព្រោះថ្នាំទាំងនោះអាចរំខានដល់​កោសិកាមាត់ស្បូន។

    ជួនកាលការដាក់ថ្នាំលាងអាចទៅសម្អាតកោសិកាមាត់ស្បូនអស់ ហើយថ្នាំ ឬជែលទាំងនោះអាច​បាំង​កោសិកាបំរែបំរួលនៅលើមាត់ស្បូន។ ពេលគ្រូពេទ្យធ្វើការបៀកកោសិកាមាត់ស្បូន គ្រូពេទ្យ​អាច​បៀកបានតែថ្នាំ ឬជែលទាំងនោះជំនួសឱ្យកោសិកាមាត់ស្បូនទៅវិញ។

    តេស្តកៀសកោសិកាមាត់ស្បូនអាចជួយការពារស្រ្តីពីគ្រោះថ្នាក់នៃជំងឺមហារីកមាត់ស្បូន ប្រសិន​បើ​ស្រ្តីធ្វើតេស្តជាប្រចាំ។

    អត្ថបទគួរអាន៖

  • រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
  • បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
  • ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?
  • ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV
  • ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​
  • ចំណុចសំខាន់

    – ស្រ្តីទាំងអស់ក្រោយពេលមានដៃគូរួមភេទ ឬរៀបអាពាហ៍ពិពាហ៍ហើយ​ដែលស្ថិតក្នុងវ័យបន្តពូជ​ចាំបាច់​ត្រូវធ្វើតេស្តស្រាវជ្រាវមហារីកមាត់ស្បូន ២ ទៅ ៣ ឆ្នាំម្តង ហើយយ៉ាងយូរបំផុតគឺ ៣ ឆ្នាំ ទោះ​បី​ជាស្រ្តីអត់មានរោគសញ្ញាអ្វីក៏ដោយ។
    – មុនធ្វើតេស្តតេស្តកៀសកោសិកាមាត់ស្បូន ស្រ្តីគួរ​ចៀសវាង​៖
    • រួមភេទ
    • ដាក់ថ្នាំគ្រប់ប្រភេទក្នុងទ្វារមាស

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម