១. ការចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន គឺអាចចាក់លើកុមារីចាប់ពីអាយុ៩ឆ្នាំឡើងទៅ និងមានសុខភាពល្អ។ វ៉ាក់សាំងនេះចាក់បានតែ៣ដងប៉ុណ្ណោះ ថ្ងៃ០ (ថ្ងៃចាក់លើកដំបូង) ខែទី១ និងខែទី៦។ វ៉ាក់សាំងសម្រាប់ប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន មាន២ប្រភេទ គឺមួយប្រភេទផលិតនៅអឺរ៉ុប និងមួយប្រភេទទៀតផលិតនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពខ្ពស់ក្នុងការការពារជំងឺមហារីកមាត់ស្បូនបានដូចគ្នា ហើយកម្ពុជាគឺមានវ៉ាក់សាំងទាំង២ប្រភេទនេះ។
ទោះបីវ៉ាក់សាំងទាំង២ប្រភេទនេះមានប្រសិទ្ធភាពខ្ពស់ដូចគ្នាក៏ដោយ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា យើងមិនអាចចាក់វ៉ាក់សាំងទាំងពីរនេះលាយគ្នាបានទេ ព្រោះវាគ្មានការសិក្សាវិទ្យាសាស្រ្តណាបញ្ចាក់លម្អិតថាតើអាចប្រើវ៉ាក់សាំងទាំងពីរនេះលាយគ្នាបាននៅឡើយទេ។ លោកវេជ្ជបណ្ឌិតថា ការចាក់វ៉ាក់សាំងការពារតែមួយមុខមិនគ្រប់គ្រាន់ទេ នៅមានវិធីមួយទៀតដែលគួរធ្វើ គឺការពិនិត្យកោសិកាមាត់ស្បូន។