ជំងឺមហារីកលំពែង ផ្ដើមចេញពីជាលិការបស់លំពែង។ លំពែង ជាសរីរាង្គនៅក្នុងពោះនៅពីក្រោយក្រពះផ្នែកខាងក្រោម។ លំពែងបញ្ចេញអង់ហ្សីម ជួយដល់ការរំលាយអាហារ និងផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
ជំងឺមហារីកលំពែងកម្រនឹងរកឃើញនៅដំណាក់កាលដំបូងៗណាស់ ព្រោះថាវាមិនបញ្ចេញរោគសញ្ញា រហូតទាល់តែមានការរាលដាលដល់សរីរាង្គផ្សេង។ ការព្យាបាលជំងឺមហារីកលំពែងអាចមានជម្រើសផ្សេងៗផ្អែកលើកម្រិតនៃជំងឺ។ ជម្រើសនៃការព្យាបាលមានដូចជាវះកាត់ ប្រើគីមី វិទ្យុសកម្ម ឬការប្រើវិធីទាំងនេះរួមគ្នា។
១. កត្តាប្រឈមជំងឺមហារីកលំពែង
កត្តាមួយចំនួនធ្វើឲ្យមនុស្សយើងប្រឈមនឹងជំងឺមហារីកលំពែង៖
ជក់បារី
គ្រួសារមានប្រវត្តិកើតជំងឺមហារីកលំពែង
ធាត់
មនុស្សវ័យចំណាស់ ខណៈមនុស្សភាគច្រើនរកឃើញមហារីកលំពែងនៅវ័យ៦៥ឆ្នាំ។
ការសិក្សាជាច្រើនបានរកឃើញថា ការរួមបញ្ចូលគ្នានៃការជក់បារី មានជំងឺទឹកនោមផ្អែមយូរអង្វែង និងមានរបបអាហារមិនល្អ បង្កើនហានិភ័យកើតជំងឺមហារីកលំពែងខ្ពស់ជាអ្នកដែលមិនមានកត្តាទាំងនេះបញ្ចូលគ្នា។
២. រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកលំពែងមិនសូវលេចចេញនោះទេនៅដំណាក់កាលដំបូងៗរហូតដល់ជំងឺឈានដល់សភាពធ្ងន់ធ្ងរ។ រោគសញ្ញាទាំងនោះអាចមាន៖
- ឈឺពោះ រាលដាលទៅខ្នង
- បាត់បង់ចំណង់អាហារ និងស្រកគីឡូ
- ស្បែកឡើងលឿង(ខាន់លឿង)
- លាមកមានពណ៌ភ្លឺស្រាល
- ទឹកនោមមានពណ៌ក្រមៅ
- រមាស់ស្បែក
- មានកំណកឈាម និង
- អស់កម្លាំង ជាដើម។
ក្នុងករណី មានរោគសញ្ញាគួរឲ្យសង្ស័យគួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
៣. វិធីបង្ការ
យើងអាចបង្ការ ឬកាត់បន្ថយហានិភ័យជំងឺមហារីកលំពែង៖
ឈប់ជក់បារី៖ បើយើងជក់បារី គួរតែឈប់។ ដើម្បីផ្ដាច់បារី យើងអាចស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យ និងការលើកទឹកចិត្តពីគ្រួសារ។ បើយើងមិនមែនជាអ្នកជក់បារី កុំចង់សាកល្បង។
រក្សាទម្ងន់ឲ្យនៅកម្រិតសុខភាព៖ បើសិនជាយើងមានទម្ងន់ខ្លួនត្រឹមត្រូវល្អហើយ ចូរររក្សាវានៅល្អជានិច្ច។ បើសិនជាយើងជាមនុស្សលើសទម្ងន់ គួរតែចាប់ផ្ដើមសម្រកគីឡូយឺតៗ។ ដើម្បីស្រកគីឡូយើងត្រូវមានរបបអាហារល្អចំពោះសុខភាពមានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងហាត់ប្រាណជាប្រចាំ។
ជ្រើសរើសរបបអាហារល្អចំពោះសុខភាព៖ របបអាហារមានបន្លែ ផ្លែឈើចម្រុះពណ៌ និងគ្រាប់ធញ្ញជាតិ អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកលំពែង។
សម្រាប់អ្នកមានសមាជិកគ្រួសារ ធ្លាប់កើតជំងឺមហារីកលំពែង គួរជួបពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីបានតាមដាន និងអាចវាយតម្លៃថាយើងអាចប្រឈមកើតជំងឺនេះកម្រិតណាមួយ។
[embed-health-tool-bmi]