backup og meta

ចង់ដឹងថាមានអាលែកហ្ស៊ីនឹងអ្វីខ្លះ នេះជាវិធីគ្រូពេទ្យ​អាចតេស្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 14, 2022

    ចង់ដឹងថាមានអាលែកហ្ស៊ីនឹងអ្វីខ្លះ នេះជាវិធីគ្រូពេទ្យ​អាចតេស្ត

    គ្នា​យើងប្រហែលជា​សុទ្ធតែធ្លាប់ឮពីអាការៈម្យ៉ាងដែលគេហៅថា អាលែកហ្ស៊ី? តើអាការៈនេះយ៉ាងម៉េចទៅវិញ? តាមពិតទៅ​អាលែកហ្ស៊ីគឺ​ជា​ការ​ឆាប់​មាន​ប្រតិកម្ម​ខ្ពស់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ដែល​ចូល​ក្នុង​ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រាងកាយរបស់​យើង។ របស់​ដែល​អាចធ្វើឲ្យ​យើងមាន​ប្រតិកម្មអាលែកហ្ស៊ី​​មាន​ដូចជា​ចំណី​អាហារ​ ភេសជ្ជៈ​ រោម​សត្វ​ លម្អង​ផ្កា​ ឬ​ពិស​ឃ្មុំ ជាដើម។ អាលែកហ្ស៊ែន​​ដែល​ជា​សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ​អាច​រក​ឃើញ​ក្នុង​ចំណី​អាហារ​ ភេសជ្ជៈ​ និង​បរិស្ថាន​ផង​ដែរ។ ប្រសិន​បើ​គ្រូពេទ្យ​គិត​ថាយើង​​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី គ្រូពេទ្យ​​នឹង​តម្រូវ​ឲ្យ​យើង​​ធ្វើ​តេស្ត​អាលែកហ្ស៊ី។​ នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ស្វែង​រក​ចម្ងល់​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​តេស្អាលែកហ្ស៊ី​នេះ​។

    តើ​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ប៉ុន្មាន​ប្រភេទ?

    ប្រតិកម្ម​អាលែកហ្ស៊ីចែក​ចេញ​ជា​៣​ប្រភេទ​ធំៗ៖

    • អាលែកហ្ស៊ីដោយ​ការ​ស្រូប​ដង្ហើម៖​ គឺ​ជា​ប្រភេទអាលែកហ្ស៊ី​ដែលនិយមកើត​ជាង​គេ។ មាន​មនុស្ស​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​សារ​អាលែកហ្ស៊ី​ប្រភេទ​នេះ។ រោគ​សញ្ញា​របស់អាលែកហ្ស៊ីប្រភេទនេះ​គឺ​លេច​ឡើង​តែ​ក្នុង​រដូវ​ខ្លះ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ លម្អង​ផ្កា ផ្កា​​ស្មៅ​ និង​មេរោគ​ផ្សិត​គឺ​ជា​ធាតុ​បង្ក​ទាំង​៣ដែល​មាន​លំដាប់​ខ្ពស់​ជាង​គេ​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី​តាម​រដូវ​កាល​នេះ ហើយ​លម្អង​ផ្កា​គឺ​ជា​ធាតុ​បង្ក​អាលែកហ្ស៊ី​ខ្លាំង​ជាង​គេ។
    • អាលែកហ្ស៊ី​​ដោយ​ការ​ញ៉ាំ៖ ​គឺ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​ដោយ​សារ​ចំណី​អាហារ។ អាលែកហ្ស៊ី​ទាំង​នេះច្រើន​បង្ក​ដោយ​ទឹក​ដោះ​គោ ​សណ្ដែក​ដី​ ស៊ុត​ និង​ផ្លែ​ឈើ។
    • អាលែកហ្ស៊ី​ដោយ​ការ​ប៉ះពាល់​៖ អាលែកហ្ស៊ីនេះ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ធាតុ​បង្ក​ប៉ះ​ស្បែក​មនុស្សយើង។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    តើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​អាច​នឹង​រង​គ្រោះ​ដោយ​សារ​អាលែកហ្ស៊ី?

    ចំណុចនេះគឺ​​អាស្រ័យ​ទៅ​នឹង​ប្រភេទ​នៃ​ធាតុ​បង្ក​ និង​កន្លែង​ដែលធាតុបង្ក​​ចូល​ក្នុង​រាង​កាយ។ យើង​​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​គ្នា។

    ច្រមុះ ​ភ្នែក​ និង​បំពង់​ក

    យើង​នឹង​មាន​រោគ​សញ្ញា​អស់​ទាំងនេះ ដូចជា​​កណ្ដាស ​ហៀរ​សំបោរ ​ហូរ​ទឹក​ភ្នែក ​រមាស់​ភ្នែក​ និង​ឈឺ​បំពង់​ក​នៅ​ពេល​ដែល​ធាតុ​បង្កដូចជាលម្អងផ្កា ជាដើម​​ត្រូវ​បាន​ស្រូប​ចូលក្នុង​រាងកាយ​។

    សួត​ និង​ទ្រូង

    ជំងឺ​ហឺត​គឺ​ជា​ជំងឺ​ដែល​រលាក​រ៉ាំរ៉ៃ​អាច​បង្ក​ឲ្យ​ទង​សួត​ហើម​ និង​រួម​តូច។ ការ​រើ​ឡើង​នូវ​ជំងឺ​ហឺត​អាច​បង្ក​ដោយ​កត្តា​ជា​ច្រើន។ ជំងឺនេះ​​រួម​បញ្ចូល​ដូចជា​ការ​រលាក​ផ្លូវ​ដង្ហើម ​ប្រើ​ថ្នាំ​មួយ​ចំនួន​ និង​ធាតុ​បង្ក​ផ្សេង​ទៀត​ដូចជា​សត្វ​ល្អិត​ក្នុង​ធូលី​ ឬ​ផ្សែង​ម៉ាស៊ូត​ព្រម​ទាំង​ខ្យល់​ត្រជាក់ ​ឬ​អារម្មណ៍​មិន​នឹង​នរ។

    ក្រពះ​និង​ពោះវៀន

    រោគ​សញ្ញា​ធ្ងន់ធ្ងរ​ភាគ​ច្រើន​នៃ​អាលែកហ្ស៊ីដោយ​ការ​ស្រូប​ដង្ហើម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រពះ ​និង​ពោះវៀន​របស់យើង​ដូចជា​រមួល​ពោះ ​ក្អួត​និង​រាក​រូស។

    ស្បែក

    រោគ​សញ្ញា​ខ្លះ​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​ដោយ​ការ​ប៉ះ​រួម​មាន​ស្បែក​ឡើង​ក្រហម​ រមាស់​ហើម​ និង​ដាច់​រហែក។ ទោះ​បី​ជា​អាការៈនេះ​​ពិត​ជា​រំខាន​មែន​តែ​អាលែកហ្ស៊ី​ដោយ​ការ​ប៉ះ​នេះ​គឺ​កម្រ​មាន​គ្រោះថ្នាក់​ណាស់។

    អត្ថបទពាក់ព័ន្ធ៖

    អាលែកហ្ស៊ីនៅពេលយប់

    ទម្រង់​នៃ​ការ​ធ្វើ​តេស្ត​អាលែកហ្ស៊ី

    • តេស្ត​ស្បែក

    សម្រាប់​ការ​ធ្វើ​តេស្ត​ស្បែក​គ្រូពេទ្យ​នឹង​ដាក់​បញ្ចូល​នូវ​សារធាតុ​បង្ក​ក្នុង​ភាគ​ល្អិត​តូច(លម្អង​ផ្កា​ឬ​ចំណី)​នៅ​លើ​ស្បែក​របស់​យើង​​ដោយ​បង្កើត​ស្នាម​កោស ​ឬ​ស្នាម​ចាក់​តូច​មួយ​។ រួច​រង់​ចាំ​១៥​នាទី​ដើម្បី​ពិនិត្យ​មើល​ប្រសិន​បើ​ឡើង​ក្រហម​នៅ​កន្លែង​តេស្ត​នោះ​អ្នក​ជំងឺ​គឺ​បង្ហាញ​ថា​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ ការ​ធ្វើ​តេស្ត​អាលែកហ្ស៊ី​ច្រើន​ធ្វើ​នៅ​លើ​ដើម​ដៃ​ឬ​ខ្នង។

    • តេស្ត​ឈាម

    ក្រោយ​ការ​ធ្វើ​តេស្ត​ស្បែក​ប្រសិន​បើយើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​នោះ​គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​យើង​ទៅ​ធ្វើ​តេស្ត​ឈាម​បន្ថែម។  ឈាម​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​សម្រាប់​រក​វត្តមាន​អង់ទីករ​ដែល​ប្រឆាំង​នឹង​ធាតុ​បង្ក​(allergens)​ដែល​ជាក់លាក់។ វិធី​សាស្រ្ត​នេះ​គឺ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​រក​អង់ទីករ​ជាមួយ​នឹង​ធាតុ​បង្ក​ធំៗ។

    តេស្ត​សម្រាប់​អាលែកហ្ស៊ី​​ដោយ​ចំណី​អាហារ

    ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​អាលែកហ្ស៊ី​ដោយ​ចំណី​អាហារ​គ្រូ​ពេទ្យ​តែងតែ​ប្រើ​ការ​ធ្វើ​តេស្ត​ផ្សំ​រវាង​ស្បែក ​និង​ឈាម។ ប្រសិន​បើ​លទ្ធផល​​វិជ្ជមាន​ទាំង​ពីរ​នោះ​គឺ​មិន​ចាំបាច់​ធ្វើ​តេស្ត​អ្វី​ផ្សេង​ទៀត​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​លទ្ធផល​នៅ​មិន​ទាន់​ច្បាស់​លាស់​គ្រូពេទ្យ​អាច​នឹង​ធ្វើ​អ្វី​ថែម​ដូចជា​ការ​សាក​ល្បង​ជាមួយ​ចំណី​អាហារ។ អំឡុង​ពេល​ធ្វើ​តេស្ត​នេះ​អ្នក​ជំងឺ​គឺ​ត្រូវ​​ឲ្យ​បរិភោគ​​អាហារ​ដែល​ផ្ទុក​ធាតុ​បង្ក​អាលែកហ្ស៊ី​​បន្តិច​ម្ដងៗ ​ស្រប​ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​រក​រោគ​សញ្ញា។ ការ​ធ្វើ​តេស្ត​នេះ​អាច​មាន​ហានិភ័យ​ខ្ពស់​ព្រោះ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​លើ​អ្នក​ជំងឺ។ ដូចនេះ​គឺ​សម្រាប់​តែ​អ្នក​ឯកទេស​ខាង​អាលែកហ្ស៊ី​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ​ធ្វើ​តេស្ត​នេះ។

    អត្ថបទពាក់ព័ន្ធ៖ ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ

    តើ​មាន​ផលរំខាន​អ្វី​ខ្លះ​ក្រោយ​ការ​ធ្វើ​តេស្ត​អាលែកហ្ស៊ី​?

    រាល់​ការ​ធ្វើ​តេស្ត​វេជ្ជ​សាស្ត្រ​គឺ​តែង​មាន​ហានិភ័យ​មួយ​ចំនួន​មក​ជាមួយ។

    • សម្រាប់​តេស្ត​ស្បែក​រោគ​សញ្ញា​អាច​មាន​ការ​រមាស់​ និង​ហើម​នៅ​កន្លែង​ធ្វើ​តេស្ត។
    • សម្រាប់​តេស្ត​ឈាម​ គឺ​មាន​ការ​ឈឺ​ចាប់​ឬ​ឈាម​នៅ​ត្រង់​មុខ​ម្ជុល ហើយ​អាច​មាន​មនុស្ស​ភាគ​តិច​ប៉ុណ្ណោះ​ដែល​សន្លប់​អំឡុង​ពេល​ធ្វើ​តេស្ត​ឈាម។
    • សម្រាប់​តេស្ត​អាលែកហ្ស៊ី​លើ​ចំណី​អាហារ​គឺ​បូក​រួម​នូវ​ហានិភ័យ​ខ្លះៗ។ អ្វី​ដែល​អាក្រក់​បំផុត​អាច​កើត​មាន​ឡើង​គឺ​ការ​ប្រតិកម្ម​រហូត​ដល់​ស្លាប់​(anaphylaxis)។

    លទ្ធផល​តេស្ត​និង​ការ​ព្យាបាល

    ប្រសិន​បើ​គ្រូពេទ្យ​បាន​សម្រេច​ថា​អ្នក​ជំងឺ​ម្នាក់​មាន​អាលែកហ្ស៊ី​​គ្រូពេទ្យ​នឹង​ណែនាំ​នូវ​គម្រោង​ការ​ និង​ការ​ព្យាបាល​ដែល​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​អាលែកហ្ស៊ី​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម