backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Aldosterone test (តេស្តកម្រិតអ័រម៉ូនអាល់ដូស្តេរ៉ូន)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 27, 2019

និយម​ន័យ

១- អ្វីជា​តេស្ត​វាស់​អ័រម៉ូន​អាល់ដូស្តេរ៉ូន?

តេស្ត​នេះ ជាការ​​វាស់​កម្រិត​ជាតិ​អ័រម៉ូន​អាល់ដូស្តេរ៉ូន​នៅ​ក្នុង​ឈាម ​ដែល​បញ្ចេញ​ដោយ​ក្រពេញ​លើ​តម្រង​នោម មាន​តួនាទី​គ្រប់គ្រង​លំនឹង​ជាតិ​សូដ្យូម​ (អំបិល) ​និង​ប៉ូតាស្យូម​ក្នុង​រាងកាយ។ អ័រម៉ូន​នេះ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​កើន​ឡើង​សម្ពាធឈាម​ ពេលណា​ការ​បញ្ចេញ​អ័រម៉ូន​អាល់ដូស្តេរ៉ូន ​ច្រើន​ខុស​ប្រក្រតី​ នាំ​ឲ្យ​ជាតិ​ប៉ូតាស្យូម​ចុះ​ ​បង្ក​ឲ្យ​កើត​ជា​ជំងឺ វិបត្តិ​ក្រពេញ​លើ​តម្រងនោម (Hyperaldosteronism) មាន ​២ ​ប្រភេទ​។

ប្រភេទ​ទី ១ ​កើត​ដោយសារ​ក្រពេញ​ខ្លួន​ឯង​ផ្ទាល់​មាន​ដុះ​ដុំ​សាច់ ជា​ទូទៅ​បង្កើត​ដោយ​កោសិកា​ស្លូត និង​មិន​បង្ក​ឲ្យ​ទៅ​ជា​មហារីក​ទេ​ ប៉ុន្តែ​ប្រភេទ​ទី ២ អាច​បង្ក​មក​ពី​បញ្ហា​ជា​ច្រើន​ដូចជា​ ជំងឺ​បេះដូង​ខ្សោយ ​ក្រិន​ថ្លើម​ តម្រង​នោម​​កើន​ជាតិ​ប៉ូតាស្យូម​លើស​កម្រិត ​​ថយ​ចុះ​ជាតិ​សូដ្យូម​ និង​ជំងឺ​ពុល​ឈាម​ពេល​មាន​ផ្ទៃពោះ។ តេស្ត​នេះ​ភាគ​ច្រើន​គេ​ធ្វើ​នៅ​ពេល​គេ​សង្ស័យ​ថា​ក្រពេញ​លើ​តម្រង​នោម​មាន​ការ​បញ្ចេញ​អ័រម៉ូន​ខុស​ធម្មតា​។

២- ហេតុអ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ?

មាន​មូលហេតុ​មួយ​ចំនួន​ទាម​ទារ​ឲ្យ​យើង​ត្រូវ​ធ្វើ​តេស្ត​នេះ​ដូច​ជា៖

– ដឹង​ច្បាស់ពី​កម្រិត​អ័រម៉ូន​អាល់ដូស្តេរ៉ូន​ក្នុង​រាងកាយ

– ដើម្បី​ពិនិត្យ​សាច់​ដុំ​ក្នុង​ក្រពេញ​លើ​តម្រង​នោម

– រក​មូលហេតុ​នាំឲ្យ​ឡើង​សម្ពាធឈាម ឬ​កម្រិត​ប៉ូតាស្យូម​ធ្លាក់ចុះ។

កត្តាគួរប្រុង​ប្រយ័ត្ន​

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ត​ធ្វើ​តេស្ត​?

មុន​ធ្វើ​តេស្ត យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ​ព័ត៌មាន​មួយ​ចំនួន ពិសេស​បើ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​ ព្រោះ​អាច​ប៉ះពាល់​ដល់​លទ្ធផល​តេស្ត ​និង​កត្តា​ជា​ច្រើន​ដូចជា​ស្ត្រេស​ជាដើម។ ជាទូទៅ​គ្រូពេទ្យ​អាច​ណែនាំ​ពី​វិធី​ខ្លះៗ​មុន​នឹង​ធ្វើ​តេស្ត​ ដូចជា៖

– តម​អាហារប្រៃ​

– ចៀសវាង​ហាត់ប្រាណ​ខ្លាំង​ពេក​

– ចៀសវាង​ការ​ញ៉ាំឫស​ម្យ៉ាងឈ្មោះ Licorice (មាន​សារធាតុ​ច្រឡំ​ជាមួយ​អ័រម៉ូន​អាល់ដូស្តេរ៉ូន)

– ការ​កំណត់​ម៉ោង​ពេល​ធ្វើ​តេស្ត ​គឺ​សំខាន់​ព្រោះ​​ជា​ធម្មតា​អ័រម៉ូន​ប្រភេទ​នេះបញ្ចេញ​នៅ​ពេល​ព្រឹក។

ដំណើរការតេស្ត

៤- គួរ​ត្រៀម​អ្វីខ្លះមុនធ្វើ​តេស្ត?

ជាទូទៅ​​ដើម្បី​ពិនិត្យ​កម្រិត​អ័រម៉ូន​នេះ គឺ​ត្រូវ​បូម​ឈាម ពិនិត្យ​មើល​សារធាតុ​ចំបាច់មួយចំនួន ហើយ​មុន​ដំណើរ​ការ​បូមឈាម​ យើង​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖

– ចង​រឹត​ដើម​ដៃ ​ដើម្បី​ឲ្យ​ចាល់​ឈាម​ក្នុងសរសៃ​វ៉ែន ​(ងាយ​ស្រួល​បូម)

– ជូត​សម្អាត​កន្លែង​ចាក់​ម្ជុល​ដោយ​អាល់កុល

– ចាក់​ម្ជុល​ទៅក្នុងសរសៃ ​និង​បូមឈាម​ចូល​ក្នុង​សឺរ៉ាំង

– ស្រាយ​ខ្សែ​ចង​ដើម​ដៃ​ចេញ

– បាញ់​ឈាម​​បូម​បាន​ ចូល​ក្នុង​បំពង់​ដាក់​ឈាម​​

– ដាក់​សំឡី​ទប់​ក្រែង​មាន​ឈាម​ហូរ​​ចេញ​ពី​កន្លែង​ចាក់​ម្ជុល​។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

យើង​អាច​មាន​អារម្មណ៍​មិន​សូវ​ស្រួល នៅ​កន្លែង​ចងរឹត​ដោយ​ខ្សែ​យឺត និងឈឺ​បន្តិច​បន្តួច​ក្រោយ​ចាក់​ម្ជុល​ចូល​ក្នុងសរសៃ​ឈាម។

៦- ក្រោយ​ធ្វើ​តេស្តរួ​ច​មាន​អ្វី​កើត​ឡើង?

បន្ទាប់​ពី​បូម​ឈាម​ ​អាច​នឹង​មាន​ការ​ឈឺ​ចាប់​នៅ​កន្លែង​ចាក់​តិចតួច ​ប៉ុន្តែ​ពេល​ខ្លះ​អាច​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

– ឡើង​ជាំ​

– កាន់​ធ្ងន់ធ្ងរ​បើ​យើង​មាន​ ជំងឺ​ឈាមរាវ ​និង​ឈាម​ក្រ​កក

– ហើម​តំបន់​ចាក់ ​​ដោយសារ​ជំងឺ​រលាក​សរសៃវ៉ែន ​(Phlebitis)​ តែ​មិនចាំ​បាច់​បារម្ភទេ អាចប្រើ​កន្សែង​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហៗស្អំ​ ដើម្បីងាយត្រឡប់មកដូចដើមវិញ។​

លទ្ធផល

៧- លទ្ធផល​តេស្ត​

លទ្ធផល​អាច​មានភាព​ខុស​គ្នា អាស្រ័យ​តាម​មន្ទីរ​ពិសោធន៍​នីមួយៗ​ តែ​ជាទូទៅ​កម្រិត​ធម្មតា​គឺ​ ៧-៣០ ណាណូក្រាម​/​ដេស៊ីលីត្រ ឬ ០,១៩-០,៨ ណាណូ​ម៉ូល​/លីត្រ។ បើ​យើង​មាន​កម្រិត​ច្រើន​ជាង​នេះ​ អាច​បណ្ដាល​មក​ពី​វិបត្តិ​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន​ច្រើន​ពេក ​ហើយ​មូល​ហេតុ​មាន​ដូចជា៖

– សរសៃ​អាក់ទែ​ទៅ​ចិញ្ចឹម​តម្រង​នោម​​ មាន​សភាព​ចង្អៀត (Renal artery stenosis)

– ខ្សោយបេះដូង (Congestive heart failure)

– ខ្សោយ​តម្រង​នោម

– ក្រិន​ថ្លើម​

– របប​អាហារ​ខ្វះ​ជាតិ​សូដ្យូម​។

បើ​ជាតិ​អ័រម៉ូន​អាល់ដូស្តេរ៉ូន​ថយ​ចុះ​ គឺដោយសារជំងឺ​ វិបត្តិក្នុង​ការ​បញ្ចេញ​អ័រម៉ូន​អាល់ដូស្តេរ៉ូន​ នាំ​ឲ្យ​មាន​​រោគ​សញ្ញា​ដូចជា សម្ពាធឈាម​ថយ​ចុះ​ ខ្សោះ​ជាតិ​ទឹក​ ​ជាតិ​សូដ្យូម​ និង​ប៉ូតាស្យូម​ថយ​ចុះ​ ហើយ​កត្តា​ទាំង​នេះ​ភាគ​ច្រើន​ដោយ​ជំងឺ​ដូចជា៖

– វិបត្តិ​ក្រពេញ​លើ​តម្រង​នោម​

– ជំងឺ​អាឌីសូន​

– ថយ​ចុះ​អ័រម៉ូន​ដោយ​សារ​ខ្សោយ​តម្រង​នោម

– របប​អាហារ​សម្បូរ​ជាតិ​ប្រៃ

– ជំងឺ​ដុះ​កោសិកា​ក្រពេញ​លើ​តម្រងនោម​ពី​កំណើត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 27, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម