គ្នាយើងមួយចំនួនញ៉ាំនុះញ៉ាំ មិនខ្វល់ថាពេលណាទេ ទោះជិតគេងក៏ឃ្លាន និងត្រូវទៅញ៉ាំឲ្យឆ្អែតសិនដែរទើបនៅសុខ។ ទម្លាប់នេះមិនល្អទេ មិនត្រឹមប៉ះពាល់សុខភាពប្រឈមជំងឺធាត់ ថែមទាំងប៉ះពាល់ដល់ដំណេករបស់យើង អាចគេងមិនគ្រប់គ្រាន់ និងនាំឲ្យថ្ងៃថ្មីក្លាយជាថ្ងៃមិនល្អបាន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ ចង់ណែនាំអាហារមួយចំនួន មិនគួរញ៉ាំមុនចូលគេង បើមិនចង់គេងមិនស្កប់ស្កល់នោះ។
១- ភីហ្សា
គ្នាយើងគួរពិចារណាឡើងវិញពីទម្លាប់ញ៉ាំភីហ្សានៅពេលយប់ជ្រៅ ក្រោមហេតុផលជាច្រើន យើងគួរបោះបង់ទម្លាប់នេះចោល។ ការសិក្សាថ្មីៗរកឃើញថា ឈីសដែលតែងឃើញមានលើភីហ្សានឹងធ្វើឲ្យយើងសុបិនអាក្រក់ ខណៈអាស៊ីដក្នុងទឹកប៉េងប៉ោះអាចនាំឲ្យយើងឈឺពោះអំឡុងពេលម៉ោង ២រំលងអធ្រាត្រ ត្រូវក្រោកទៅបន្ទប់ទឹក។ លើសពីនេះ ភីហ្សាក៏ត្រូវចាត់ទុកជាអាហារមិនគួរញ៉ាំមុនពេលចូលគេង ព្រោះអាហារល្ងាចដែលយើងញ៉ាំរួចមានផ្ទុកកាឡូរីកម្រិតខ្ពស់រួចជាស្រេច នាំឲ្យរាងកាយមិនត្រូវការកាឡូរីបន្ថែមដ៏ច្រើនមានក្នុងភីហ្សាទៀតនោះទេ។
២- បឺរហ្គឺរ
អាហារដែលញ៉ាំទៅធ្វើឲ្យឡើងគីឡូខ្លាំង ធាត់ខ្លាំងដូចជាពពួកបឺរហ្គឺរ នឹងធ្វើឲ្យក្រពះពោះវៀនយើងធ្វើការកាន់តែធ្ងន់ នាំឲ្យបង្កជាបញ្ហាជាច្រើនអំឡុងពេលយើងព្យាយាមគេងឲ្យលក់ស្កប់ស្កល់។ ការសិក្សាថ្មីៗនេះបង្ហាញថា ញ៉ាំខ្លាញ់ឆ្អែតច្រើនពេកមានទំនាក់ទំនងនឹងបញ្ហាគេងមិនលក់ ហើយពិបាកក្រោកនៅពេលព្រឹក។
៣- កាហ្វេ
គ្នាយើងជាច្រើននៅពេលយប់ជ្រៅនៅតែគិតដល់រឿងផឹកកាហ្វេ ដោយជឿថាមិនប៉ះពាល់ដល់ការងងុយគេងរបស់យើងក៏ពិតមែន ប៉ុន្តែភាគច្រើនក្នុងចំណោមគ្នាយើងញៀនកាហ្វេបែបនេះ តែងមិនទទួលបានសំណាងនោះឡើង ព្រោះនៅពេលកាហ្វេចាប់ផ្តើមជះឥទ្ធិពលលើដំណេករបស់យើង នោះយើងត្រូវរង់ចាំពេល ៦ម៉ោងទៅមុខទៀតទើបអាចងងុយគេងជាថ្មី។
អត្ថបទពាក់ព័ន្ធ៖
- ដាក់កាហ្វេជ្រុលដូចពិបាកក្នុងខ្លួន សាកវិធីនេះអាចជួយបន្ថយឥទ្ធិពលកាហ្វេបានខ្លះ
- ផឹកកាហ្វេច្រើននាំឲ្យពិបាកមានផ្ទៃពោះ និងប៉ះពាល់កូនក្នុងផ្ទៃ?
៤- អាហារហឹរ
ទោះជាអាហារហឹរអាចជួយបង្កើនរសជាតិរបស់យើងឲ្យឆ្ងាញ់ខ្លាំងក៏ពិតមែន ប៉ុន្តែក៏មានឥទ្ធិពលអវិជ្ជមានទៅលើក្រពះរបស់យើងដូចគ្នា ហើយបញ្ហាឧស្សាហ៍កើតមានបំផុតគឺធ្វើឲ្យយើងក្រហាយទ្រូង ដែលជាមូលហេតុនាំឲ្យពិបាកឈានដល់ងងុយគេង ឬគេងឲ្យបានស្កប់ស្កល់។
អត្ថបទពាក់ព័ន្ធ៖
- ដឹងប៉ុន្មានចំណុចនេះ អ្នកចូលចិត្តម្ទេស ច្បាស់ជាសប្បាយចិត្តវិញហើយ
- ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់?
៥- ទឹកក្រូច
រវាងជាតិហ្គាស (ពពុះ) និងជាតិកាហ្វេអ៊ីនអាចមានក្នុងទឹកក្រូចមួយចំនួន ពពួកភេសជ្ជៈប្រភេទនេះក៏មិនល្អសម្រាប់ផឹកមុនចូលគេងដូចគ្នា។ ពិសេសបើទឹកក្រូចនោះមានជាតិស្ករច្រើនទៀត រាងកាយយើងនឹងពោរពេញទៅដោយជាតិស្ករ ខណៈជាតិស្ករអាចរំញោចខ្លាំងនាំឲ្យជាប់ទាក់ទងនឹងបញ្ហាគេងភ្ញាក់ៗ ឬគេងមិនស្កប់ស្កល់។
៦- គ្រឿងស្រវឹង
ពិតណាស់ ស្រាមួយកែវ ឬពីរកែវ ប្រហែលជាអាចជួយឲ្យឆាប់ងងុយគេងក៏ពិតមែន ប៉ុន្តែជាតិអាល់កុលនឹងទៅរំខានដល់នាឡិកាធម្មជាតិក្នុងរាងកាយរបស់យើង។ ជាធម្មតាការផឹកស្រាមុនពេលចូលគេងអាចនឹងធ្វើឲ្យគុណភាពដំណេករបស់យើង កាន់តែធ្លាក់ចុះក្នុងកម្រិតអាក្រក់ខ្លាំង ហើយក៏អាចជាកត្តានាំឲ្យយើងឧស្សាហ៍ក្រោកបត់ជើងតូចនៅពាក់កណ្តាលយប់ និងនៅពេលព្រលឹមស្រាងៗជាដើម។
អត្ថបទពាក់ព័ន្ធ៖
- យប់ឡើងគេងមិនងាយលក់ សាក ៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
៧- ទឹកក្រូចស្រស់
ដូចធ្លាប់លើកឡើងហើយ ទឹកក្រូចស្រស់ ជាភេសជ្ជៈអស្ចារ្យមិនត្រឹមតែឆ្ងាញ់ទេ ថែមជួយសុខភាពបានច្រើនទៀត ប៉ុន្តែត្រូវចាំថា ទឹកក្រូចស្រស់មិនមែនសម្រាប់ផឹកមុនចូលគេងនោះទេ។ ទឹកក្រូចស្រស់ គឺសម្បូរទៅដោយជាតិអាស៊ីដ ដែលជះឥទ្ធិពលភ្លាមៗ បើសិនជាយើងមានបញ្ហាក្រពះ និងបញ្ហាប្លោកនោមស្រាប់។ ហេតុនេះ មុនចូលគេងគួរតែព្យាយាមញ៉ាំផ្លែឈើស្រស់ជំនួសវិញ ដូចជាផ្លែប៉ោម ព្រោះជាតិកាបូអ៊ីដ្រាតក្នុងផ្លែឈើទាំងនោះ អាចជួយជំរុញគុណភាពដំណេកយើងកាន់តែប្រសើរ ខណៈជាតិកាកសរសៃរបស់ផ្លែប៉ោម អាចជួយរាងកាយយើងស្រូបយកជាតិស្ករយឺតជាងមុន។
អត្ថបទពាក់ព័ន្ធ៖
- ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាននៅពេលយប់
- យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]