ការប៉ោងសរសៃជើងពេលពពោះ (សរសៃវ៉ែននៅជើង) កើតឡើងដោយសារបំរែបំរួលរាងកាយ និងដោយសារទម្ងន់គភ៌ដែលបានបន្ថែមសម្ពាធដល់ជើងរបស់ម៉ាក់ៗ។ តើមានវិធីសាស្រ្តអ្វីខ្លះអាចជួយម៉ាក់ៗកាត់បន្ថយកុំឱ្យមានបញ្ហានេះ?
នៅពេលម៉ាក់ៗពពោះ រាងកាយនឹងផលិតឈាមក៏ដូចជាសារធាតុរាវបន្ថែមដើម្បីទ្រទ្រង់គភ៌។ ទន្ទឹមនឹងនេះ ទម្ងន់របស់គភ៌ដែលលូតលាស់ជារៀងរាល់ថ្ងៃក៏ផ្តល់សម្ពាធដល់សរសៃវ៉ែន ដែលមាននាទីដឹកនាំឈាមពីជើងទៅកាន់បេះដូងវិញដែរ។
តក្តាទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗរួយស្រពន់ ហើមជើង និងប៉ោងសរសៃជើង។ ជាធម្មតាម៉ាក់ៗដែលពពោះប្រហែល ៧៥% អាចមានអាការៈទាំងនេះនៅសប្តាហ៍ទី២៧ រហូតដល់ពេលសម្រាល។
ម៉ាក់ៗអាចសាកល្បងកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះតាមវិធីសាស្រ្តដូចខាងក្រោម៖
១. ចៀសវាងការអង្គុយ ឬឈរយូរ
ពេលអង្គុយយូរ ម៉ាក់អាចព្យាយាមងើបដើរបន្តិច។ បើម៉ាក់ៗឈរយូរ ម៉ាក់ៗអាចប្តូរឥរិយាបថមកអង្គុយវិញ។
២. ចៀសវាងការពាក់ស្បែកជើងកែងខ្ពស់
ម៉ាក់ៗអាចពាក់ស្បែកជើងកែងទាប ឬស្បែកជើងរាបដើម្បីឱ្យសាច់ដុំកំភួនជើងមានចលនា និងជំរុញរំហូរឈាម។
៣. ហាត់ប្រាណឱ្យបានទៀងទាត់
ម៉ាក់ៗអាចដើរ ធ្វើលំហាត់ប្រាណបែបស្រាលៗ ឬហាត់យ៉ូហ្កា ដើម្បីឱ្យចរន្តឈាមរត់បានល្អ និងកុំឱ្យឡើងទម្ងន់ខ្លាំងពេក។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៤. ពាក់ស្រោមជើងវែង
ការពាក់ស្រោមជើងវែង (ជិតដល់ជង្គង់) អាចជួយម៉ាក់ៗកាត់បន្ថយសម្ពាធនៅជើង ដោយបន្ថែមសម្ពាធលើប្រអប់ជើង និងកជើង។ មានន័យថាការពាក់ស្រោមជើងវែងអាចជួយសម្រួលដល់រំហូរឈាម ដោយជួយជម្រុញឱ្យឈាមហូរត្រឡប់ពីជើងទៅបេះដូងវិញ។
ម៉ាក់ៗចៀសវាងពាក់ស្រោមជើងវែងដែលរឹបពេក។ ម្យ៉ាងវិញទៀត ម៉ាក់ៗមិនចាំបាច់ពាក់ស្រោមជើងវែងពេលគេងទេ ដោយសារនៅពេលគេងប្រអប់ជើង និងជើងរបស់ម៉ាក់ៗស្ថិតក្នុងកម្រិតស្មើគ្នា ហើយទំនាញផែនដីមិនមានឥទ្ធិពលដល់ចរន្តឈាមរបស់ម៉ាក់ៗទេ។
៥. ចៀសវាងអង្គុយគងអន្ទាក់ខ្លា
ការអង្គុយគងអន្ទាក់ខ្លាអាចធ្វើឱ្យចរន្តឈាមនៅជើងរត់មិនបានល្អ។
៦. លើកជើង
ពេលអង្គុយ ម៉ាក់ៗគួរដាក់ជើងលើកៅអីទាបៗ។ ពេលគេង ម៉ាក់ៗគួរកល់ជើងឱ្យខ្ពស់បន្តិច (ឬឱ្យខ្ពស់ជាងបេះដូង) ដើម្បីឱ្យឈាមរត់បានល្អ។
៧. គេងផ្អៀងខាងឆ្វេង
ការគេងផ្អៀងខាងឆ្វេងអាចជួយកាត់បន្ថយសម្ពាធលើសរសៃវ៉ែនដែលដឹកនាំឈាមត្រលប់ពីជើងទៅកាន់បេះដូងវិញ។
៨. កាត់បន្ថយការញុំាប្រៃ
ម៉ាក់ៗញុំាប្រៃអាចបណ្តាលឱ្យហើមសរសៃវ៉ែននៅជើង។
ការប៉ោងសរសៃជើងពេលពពោះអាចប្រសើរឡើង ឬបាត់បន្ទាប់ពីម៉ាក់ៗសម្រាល ប្រសិនបើម៉ាក់ៗមិនមានបញ្ហានេះមុនពេលពពោះ។ ប្រសិនបើម៉ាក់ៗប្រទះថា សរសៃជើងដែលប៉ោងឡើងរឹង ក្តៅ មានការឈឺចាប់ ឬឡើងក្រហម ម៉ាក់ៗត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។
[embed-health-tool-pregnancy-weight-gain]