backup og meta

អាហារ និងប្រការគួរចៀសវាងពេលពពោះ

អាហារ និងប្រការគួរចៀសវាងពេលពពោះ

ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ម៉ាក់ៗ​ប្រយ័ត្ន​គ្រប់​យ៉ាង ទាំង​កាយ​វិការ ចំណី​អាហារ និង​សកម្មភាព​ផ្សេងៗ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​បាន​ល្អ។ ខាង​ក្រោម​នេះ​ជា​អាហារ និង​ប្រការ​គួរ​ចៀស​វាង​ពេល​មាន​ផ្ទៃពោះ​ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ

១. អាហារ​គួរ​ចៀស​វាង​ពេល​ពពោះ

– ត្រី​សមុទ្រ​សម្បូរ​ជាតិ​បារត​ខ្ពស់៖ ត្រីឆ្លាម ត្រីថាលហ្វីល ត្រីដាវ ឬត្រីស្បៃកា ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារត​ខ្ពស់ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី លូត​លាស់​មិន​ល្អ ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ។

– ត្រី សាច់ ស៊ុត​ឆៅ៖ ត្រី សាច់ ស៊ុត សុទ្ធ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ តែ​ទោះ​យ៉ាង​ណា​ស្រី​គ្នា​យើង​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​មុន​នឹង​ញ៉ាំ មិន​ត្រូវ​ញ៉ាំ​ត្រី សាច់ ស៊ុត​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​នោះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេ​រោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

– ​បារី៖ ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺត​ស្រូប​ផ្សែង​បារី​តាម​រយៈ​​ទង​សុក ដូច​​ជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​កូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិន​គ្រប់​លក្ខណៈ មាន​បញ្ហា​ផ្លូវ​ដង្ហើម សួត ឬ​កើត​មក​ស្លាប់។

– ​​គ្រឿង​ស្រវឹង៖ ជាតិ​អាល់កុល​ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខភាព​ម្តាយ​នោះ​ទេ ថែម​ទាំង​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​ទៀត ក្នុង​នោះ​កូន​កើត​មក​អាច​មិន​គ្រប់​គីឡូ មាន​បញ្ហា​អាកប្បកិរិយា-ការ​រៀន​សូត្រ​ជា​ដើម។

– កាហ្វេអ៊ីន៖ ផឹក​កាហ្វេ​ច្រើន​លើស​កម្រិត​នៅ​អំឡុង​ពេល​ពពោះ អាច​នាំ​ឲ្យ​រលូត​កូន កូន​មិន​លូត​លាស់ កូន​កើត​មិន​គ្រប់​គីឡូ ឬ​​កូន​កើត​មុន​ខែ។ ប៉ុន្តែ​សម្រាប់​ស្រីៗ​ចូល​ចិត្ត​ផឹក​កាហ្វេ ពពោះ ហើយ​អត់​មិន​បាន គ្រាន់​តែ​ផឹក​ក្នុង​កម្រិត​ត្រឹម​ត្រូវ តិច​ជាង ២០០ មិល្លីក្រាម/ថ្ងៃ ឬ​ផឹក​យូរៗ​ម្តង ហានិភ័យ​ទាំង​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប។

– អាហារ​មិន​បាន​សម្លាប់​មេរោគ៖ មាន ទឹកដោះ​គោ​ដែល​មិន​បាន​សម្លាប់​មេរោគ ឈីស ។ សាច់ ឬ​ទឹកដោះ​គោ​មិន​បាន​សម្លាប់ មាន​ផ្ទុក​នូវ​ពពួក​ប៉ារ៉ាស៊ីត និង​បាក់តេរី​មួយ​ចំនួន អាច​ប៉ះពាល់​ដល់​សុខភាព​យើង និង​ទារក​ក្នុងផ្ទៃ ដូចជា ពុលអាហារ គ្រុនពោះវៀន​ជា​ដើម ហើយ​ជំងឺ​ទាំងនេះ​អាច​បង្ក​ឲ្យ​ទារក និង​ម្ដាយ​មាន​បញ្ហា​ដូចជា ទម្ងន់​ទារក​មិន​គ្រប់ សម្រាល​មុនខែ រលូត និង​អាច​បណ្ដាល​ឲ្យ​ទារក​បាត់បង់​ជីវិត​ក្នុង​ពោះ​ទៀត​ក៏​មាន។

២. ប្រការគួរចៀសវាងពេលពពោះ

– កុំ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា៖ មាន​ជំងឺ​អ្វី​មួយ ហើយ​ចង់​ប្រើ​ថ្នាំ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ការ​ប្រើ​ថ្នាំ​ផ្តេស​ផ្តេស ដោយ​គ្មាន​វេជ្ជបញ្ជា អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ ក្រៅពីនោះ ​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ ព្រោះ​អាច​ធ្វើ​ឲ្យ សុកក្រិន ទឹកភ្លោះល្អក់ មាត់​ស្បួន​មិន​​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។

– កុំ​អង្គុយ ឬ​ឈរ​យូរ​ពេល៖ មានផ្ទៃពោះ យើង​មិន​ត្រូវ​អង្គុយ ឬ​ឈរ​យូរ​នោះ​ទេ ត្រូវ​ឧស្សាហ៍ធ្វើ​ចលនា កន្លះ​ម៉ោង-១​ម៉ោង/ម្តង ដោយ​ដើរ ឬ​លើក​ដៃ​លើក​ជើង​ចុះ​ឡើង​ក៏​បាន។ ការ​ឈរ​យូរ​ពេក​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​សសៃ​ឈាម​មិន​សូវ​ធ្វើ​​ចលនា ប្រមូល​ផ្តុំ​នៅ​តែ​មួយ​កន្លែង ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​រាង​កាយ ដូច​ជា​ឈឺ​ជើង ហើម​ជើង ចុក​រួយ​អាង​ត្រគាក ឈឺ​ឆ្អឹង​ខ្នង ងាយ​ប្រឈម​នឹង​ការ​ឡើង​សម្ពាធ​ឈាម អាច​រីក​សរសៃ​ឈាម​វ៉ែន​នៅ​ជើង អាច​សម្រាល​កូន​មុន​ខែ។

– សម្រាក​ឲ្យ​បាន​ច្រើន ចៀស​វាង​ការ​ធ្វើការ​ធ្ងន់ៗ៖ យើង​ដឹង​ហើយ​ថា សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ខ្សោយ​ជាង​មនុស្ស​ធម្មតា ជួប​អាការៈ​ចាញ់​កូន ធ្វើ​ឲ្យ​អស់​កម្លាំង ធេងធោង​ខុស​ប្រក្រតី ដូចនេះ​ពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​សម្រាក​ឲ្យ​ច្រើន ចៀស​វាង​ធ្វើ​ការងារ​លើស​កម្លាំង ឬ​លើក​ដាក់​របស់​ធ្ងន់ៗ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ari


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម