ម៉ាក់ៗពពោះគ្រប់រូបគួរយកជិតទុកដាក់ថែទាំសុខភាពឲ្យបានល្អមែនទែន ព្រោះកាលណាបើធ្វេសប្រហែសបន្តិច អាចធ្វើឲ្យការពពោះមិនបានរលូន ជាពិសេសអាចធ្វើឲ្យអាអូនក្នុងផ្ទៃជួបបញ្ហាច្រើនទៀតផង។ ស្របគ្នានេះដែរ មានម៉ាក់ៗមួយចំនួនប្រឈមនឹងបញ្ហាកូនក្នុងផ្ទៃដុះលលាដ៍ក្បាលមិនជិត តែមិនដឹងថាបណ្ដាលមកពីកត្តាអីឲ្យប្រាកដនោះទេ។
បញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ក្នុងករណីដែលទារកនៅក្នុងផ្ទៃមានបញ្ហាលលាដ៍ក្បាលបិទមិនជិត អាចបណ្ដាលឲ្យកូននោះមានខួរក្បាលតែមួយចំហៀង ឬពេលខ្លះគ្មានខួរក្បាលតែម្ដង។
លោកថា បើតាមការស្រាវជ្រាវ ម្ដាយដែលកង្វះជាតិ អាស៊ីដហ្វូលិក និង វីតាមីន B9 មិនត្រឹមតែធ្វើឲ្យឆ្អឹងលលាដ៍ក្បាលបិទមិនជិតទេ អាចធ្វើឲ្យឆ្អឹងខ្នងរបស់ទារកបិទមិនជិតបានដូចគ្នា ហើយនៅមានកត្តាដែលបណ្ដាលមកម្ដាយច្រើនទៀតដូចជា ប្រើប្រាស់ថ្នាំប្រកាច់ (ក្នុងករណី ម្ដាយមានជំងឺឆ្កួតជ្រូក) ម្ដាយមានជំងឺទឹកនោមផ្អែមប្រភេទទី១។ល។
[embed-health-tool-due-date]
វេជ្ជបណ្ឌិតផ្នែកសម្ភពរួបនេះបន្តថា ស្ត្រីពពោះត្រូវដឹងថា ប្រសិនបើកូននៅក្នុងផ្ទៃ មានឆ្អឹងលលាដ៍ក្បាលដុះមិនជិត គឺគ្មានវិធីព្យាបាលអីឲ្យឆ្អឹងដុះជិតវិញបានទេ ពោលគឺយើងមិនអាចធ្វើអ្វីបានទាំងអស់ បើកូនមានបញ្ហាដុះលលាដ៍ក្បាលមិនជិតបែបនេះហើយ។
“គភ៌ដែលមានបញ្ហានេះ អាចរស់បាននៅក្នុងពោះរហូតដល់ធំ ប៉ុន្តែក្រោយពេលសម្រាល គឺយើងមិនអាចចិញ្ចឹមកូននោះដូចក្មេងធម្មតាបានទេ ហើយ ៨០% នៃទារកដែលមានបញ្ហាដុះលលាដ៍ក្បាលមិនជិត តែងស្លាប់ក្រោយពេលសម្រាលរួច។”
ដូចនេះហើយ លោកបានណែនាំឲ្យ ម៉ាក់ៗពពោះទាំងអស់ ត្រូវតាមដានពិនិត្យអេកូឲ្យបានដិតដល់ ហើយជាពិសេសគឺត្រូវទទួលបានសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ ជាដើម ឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យអាអូនក្នុងពោះមានសុខភាពល្អ មិនមានបញ្ហាណាមួយកើតឡើង។ ម៉្យាងទៀត បញ្ហាកូនដុះឆ្អឹងលលាដ៍ក្បាលមិនល្អ អាចមើលដឹងច្បាស់តាមរយៈការពិនិត្យអេកូ នៅពេលដែលគភ៌មានអាយុ១៣-១៤សប្ដាហ៍ (៣ខែ) អ៊ីចឹងហើយ ម៉ាក់ៗត្រូវយកចិត្តទុកដាក់នឹងការថែទាំសុខភាពឲ្យមែនទែន។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?