ត្បិតមិនមានមូលហេតុច្បាស់លាស់ តែមានកត្តាប្រឈមផ្សេងៗ ដែលធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូចជាការពពោះកូនភ្លោះ ពពោះនៅអាយុច្រើន មានកូនញឹកពេក មានដុំស្បូន រលាកដៃស្បូន។ បើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ស្ត្រីពពោះអាចដឹងថាមានសុកពាំងមាត់ស្បូន ឬមិនពាំង ដោយសារការពិនិត្យមើលអេកូពេលមានផ្ទៃពោះ ពិសេសនៅត្រីមាសទី២ ទើបដឹងថាទីតាំងរបស់សុកនៅកន្លែងណា នៅទីតាំងសុវត្ថិភាពទេ? ពាំងចំហៀង ឬក៏ពីមុខមាត់ស្បូន?
ក្រៅពីការមើលអេកូ ករណីសុកពាំងមាត់ស្បូនកម្រិតធ្ងន់ ក៏មានចេញរោគសញ្ញាឲ្យយើងដឹងដែរ ក្នុងនោះមាន ធ្លាក់ឈាមពណ៌ក្រហមព្រឿងៗ ដោយគ្មានការឈឺចាប់ នៅពាក់កណ្តាលត្រីមាសទី២ ឬក៏ស្បូនកន្ត្រាក់។ បើឃើញមានសញ្ញាទាំងនេះ ស្ត្រីពពោះចាំបាច់ត្រូវទៅជួបគ្រូពេទ្យបន្ទាន់។