ទឹកភ្លោះមានតួនាទីការពារកូនក្នុងផ្ទៃពីការប៉ះទង្គិចពីខាងក្រៅ ការពារកូនពីការឆ្លងមេរោគ ឬបាក់តេរី និងតួនាទីសំខាន់ៗផ្សេងៗទៀត។ តាមក្បួនវេជ្ជសាស្ត្រស្ត្រីពពោះមានទឹកភ្លោះតិចពេក ឬច្រើនពេក ជាសញ្ញាបញ្ជាក់មានបញ្ហាអ្វីមួយ ម៉ាក់ៗត្រូវប្រញាប់ទៅជួបពេទ្យ។
ចំពោះមូលហេតុដែលធ្វើឲ្យស្ត្រីពពោះមានទឹកភ្លោះច្រើនខុសធម្មតានោះ លោកស្រីវេជ្ជបណ្ឌិត ស៊ន់ សុជាតា អនុប្រធានផ្នែកក្តាប់រួមផ្នែកសម្ភព នៃមន្ទីរពេទ្យកុមារជាតិ បានពន្យល់ថា មាន ៣ សំខាន់។ ទី១ អាចមកពីម្តាយមានជំងឺទឹកនោមផ្អែមអំឡុងពពោះ ទី២ អាចមកពីទារកលូតលាស់មិនប្រក្រតី (មានបញ្ហាតម្រងនោម បញ្ចេញទឹកនោមច្រើន) និងទី៣ អាចមកពីស្ត្រីពពោះកូនភ្លោះ។ ក្រៅពីកត្តាសំខាន់ទាំង៣ ខាងលើនេះ ក៏អាចមានមូលហេតុបន្ទាប់បន្សំទៀត ដូចជា ម្តាយមានជំងឺឈាមមួយចំនួន ( មានភាពមិនស៊ីគ្នារវាងឈាមម៉ាក់ៗ និងទារក)។

គេដឹងថា ស្ត្រីពពោះមានទឹកភ្លោះតិច ឬច្រើនលើសកម្រិត ដោយការពិនិត្យអេកូដោយគ្រូពេទ្យជំនាញ។ លោកស្រីវេជ្ជបណ្ឌិតបានផ្តល់យោបល់ថា ស្រីៗគ្នាយើងកំពុងពពោះ និងមានទឹកភ្លោះច្រើន គ្រូពេទ្យនឹងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយព្យាបាល គឺមានភាពខុសគ្នា អាស្រ័យលើមូលហេតុ និងកម្រិតធ្ងន់ធ្ងរនៃបញ្ហា។
ទឹកភ្លោះច្រើន កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាអ្វីទាំងអស់ ខណៈពេលទឹកភ្លោះច្រើនធ្ងន់ធ្ងរ អាចបណ្តាលឲ្យមានរោគសញ្ញាមួយចំនួន ដូចជា៖
– ពិបាកដកដង្ហើម ជួនកាលស្រីៗមានបញ្ហានេះ មិនអាចដកដង្ហើមបាន លុះត្រាតែក្រោកឈរ។
– ការផលិតទឹកនោមថយចុះ និងរោគសញ្ញាផ្សេងទៀតមាន ស្បូនរីកធំ ហើយពិបាកដឹង ឬឮចង្វាក់បេះដូងទារក។