១. ត្រួតពិនិត្យអារម្មណ៍ខ្លួនឯង
វិធីដែលល្អបំផុតក្នុងការការពារខ្លួនកុំឲ្យញ៉ាំលើសកំណត់គឺត្រូវយល់ពីមូលហេតុជាមុនសិនថាមកពីស្ត្រេស ឬអផ្សុក។ ដូចនេះប្រសិនជាយើងញ៉ាំច្រើន ឬញឹកញាប់ យើងគួរពិចារណាថាតើញ៉ាំព្រោះឃ្លាន ឬមកពីមូលហេតុផ្សេង។ មុននឹងញ៉ាំអាហារ គួរយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់យើងដូចជាភាពតានតឹង អផ្សុក ឯកា ឬថប់បារម្ភជាដើម។ ការធ្វើបែបនេះអាចជួយយើងកុំឲ្យញ៉ាំលើសកំណត់។
២. រក្សាទម្លាប់ក្នុងការញ៉ាំអាហារ
យើងមិនគួរផ្លាស់ប្តូរពេលវេលាក្នុងការញ៉ាំអាហារដោយសារតែនៅផ្ទះទេ។ ប្រសិនជាយើងទម្លាប់ញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ យកល្អគួរបន្តធ្វើបែបនេះទោះបីជាយើងកំពុងធ្វើការពីផ្ទះក៏ដោយ។ ដូចគ្នាដែរបើយើងជាមនុស្សទម្លាប់ញ៉ាំអាហារតែពីរពេល បូកនិងអាហារសម្រន់ផ្សេងៗក៏គួរនៅរក្សាដដែល។ ការនៅផ្ទះអាចធ្វើឲ្យរបបអាហាររាល់ថ្ងៃមានការផ្លាស់ប្តូរ ដូចនេះគួររក្សាទម្លាប់ក្នុងការញ៉ាំអាហាររបស់យើង។