backup og meta

មានដឹងអត់ សរីរាង្គក្នុងនីមួយៗទម្ងន់ប៉ុន្មា​ន ហើយមានមុខងារសំខាន់ៗអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    មានដឹងអត់ សរីរាង្គក្នុងនីមួយៗទម្ងន់ប៉ុន្មា​ន ហើយមានមុខងារសំខាន់ៗអីខ្លះ?

    សរីរាង្គ​ក្នុង​យើង​ម្នាក់​មាន​តួទាទី​សំខាន់ៗ​ច្រើន​មុខ ដើម្បី​ដំណើរការ​ធម្មតា​របស់​រាង​កាយ ហើយ​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត អាស្រ័យ​ទៅ​លើ​ទម្ងន់​ខ្លួន ភេទ និង​វ័យ។ តើ​យើង​ដឹង​អ្វីខ្លះ​ពី​សរីរាង្គ​ក្នុង​យើង​ម្នាក់ៗ? ឱសថការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន មុខវិជ្ជា ជីវវិទ្យា នៅ​សាលា​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះយុគន្ធរ នឹង​បង្ហាញ​ពី​ទម្ងន់ ប្រវែង និង​មុខងារ​សំខាន់ៗ​របស់​សរីរាង្គ​ក្នុង​យើង​ម្នាក់ៗ។

    ខួរក្បាល៖ ទម្ងន់ ១.៣-១.៥ គីឡូក្រាម

    ខួរក្បាល​ទទួល​រំញោច​តាម​រយៈ​ញាណ ហើយ​បក​ប្រែ និង​ឆ្លើយ​តប​រំញោច ខួរក្បាល​បង្កើត​អារម្មណ៍ ការ​គិត និង​ការ​ចង​ចាំ។

    បេះដូង៖ ទម្ងន់ ២៤៥-៣៣១ ក្រាម

    បេះដូង​កន្ត្រាក់​ពេញ​១ជីវិត​របស់​យើង បេះដូង​ច្របាច់​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​ទៅ​គ្រប់​ផ្នែក​នៃ​សារពាង្គ​កាយ។ បេះដូង​ច្របាច់​​ឈាម​ដែល​សម្បូរ​កាបូនឌីអុកស៊ីត​ទៅ​សួត ដើម្បី​ធ្វើ​បណ្តូរ​ឧស្ម័ន។

    សួត៖ សួត​ស្តាំ ទម្ងន់ ៣៤០-៤៤៥ ក្រាម ឯសួតឆ្វេង ទម្ងន់ ២៩៩-៣៩៥ ក្រាម

    តួនាទី​របស់​សួត គឺ​បណ្តូរ​ឧស្ម័ន​អុកស៊ីសែន និង​ឧស្ម័ន​កាបូនិច ដោយ​ផ្តល់​អុកស៊ីសែន​ដល់​ឈាម និង​ទទួល​កាបូន​ឌីអុកស៊ីត​ពី​ឈាម ដើម្បី​បញ្ចេញ​ចោល។

    ថ្លើម៖ ទម្ងន់ ១.៣-១.៦ គីឡូក្រាម

    ថ្លើម​មាន​មុខងារ​ច្រើន ដល់​ជាង ៥០០មុខ ក្នុង​នោះ​មាន ស្តុកគ្លុយកូស​ដែល​លើស​ក្នុង​ឈាម ក្រោម​ទម្រង់​គ្លីកូសែន និង​បំលែង​គ្លីកូនសែន​មក​ជា​គ្លុយកូស​វិញ។ តួនាទី​ប្រតិកម្ម​គីមី​បំបែក​ជាតិ​ពុល ដូច​ជា​អាល់កុល និង​ឱសថ ដើម្បី​បញ្ចេញ​ចោល និង​ផលិតទឹក​ប្រម៉ាត់​ដែល​ជា​កាក​សំណល់ និង​ជួយ​ការ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម។

    តម្រង​នោម៖ តម្រង​នោម​ស្តាំ ទម្ងន់ ១០៨-១២៩ ក្រាម ឯ​តម្រង​នោម​ឆ្វេង ទម្ងន់ ១១៦-១៣៧ ក្រាម

    តួនាទី​សំខាន់​របស់​តម្រង​នោម​មាន ច្រោះ​ជាតិពុល​ពី​ក្នុង​ឈាម រក្សា​តុល្យឈាម​ធាតុ​រាវ​ក្នុង​ឈាម រក្សា​សម្ពាធ​ឈាម ផលិត​អ័រម៉ូន​ដែល​ភ្ញោច​ការ​ផលិត​គ្រាប់​ឈាម​ក្រហម។

    ក្រពះ៖ មាឌទទេ ០.០៨ លីត្រ មាឌ​អតិបរមា ៤ លីត្រ

    ក្រពះ​មាន​តួនាទី​រំលាយ​អាហារ​បែប​មេកានិច និង​គីមី បំបែក​ប្រូតេអ៊ីន​ក្នុង​អាហារ បញ្ចេញ​អាស៊ីដ​ដែល​សម្លាប់​មេរោគ។

    ពោះវៀន​តូច៖ ប្រវែង​ប្រហែល ៨ ម៉ែត្រ

    តួនាទី​របស់​ពោះវៀន​តូច គឺ​រំលាយ​អាហារ​តាម​រយៈ​អង់ស៊ីម​ពី​លំពែង និង​ថង់​ទឹក​​ប្រម៉ាត់ ឯ​តួនាទី​មួយ​ទៀត គឺ​ស្រូប​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ចូល​ក្នុង​ឈាម។

    ពោះវៀនធំ៖ ប្រវែង​ប្រហែល ១ម៉ែត្រកន្លះ

    ពោះវៀន​ធំ​មាន​តួនាទី​ស្រូប​ទឹក និង​អំបិល​ខនិជ ផ្ទុក​បាក់​តេរី​មាន​ប្រយោជន៍ ស្តុក​កាក​សំណល់​មិន​បំបែក ដើម្បី​បញ្ចេញ​ជា​លាមក។

    លំពែង៖ ទម្ងន់ ៨០ ក្រាម

    លំពែង គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា ក្រពេញ​អិចសូរគ្រីន និង​អង់ដូគ្រីន។ អិចសូគ្រីន មាន​តួនាទី​ផលិត​អង់ស៊ីម​រំលាយ​អាហារ ដូចជា​លីប៉ាស ប្រូតេអាស អាមីឡាស ចំណែក​អង់ដូគ្រីន មាន​តួនាទី​ផលិត​អ័រម៉ូន​រក្សា​លំនឹង​ជាតិ​គ្លុយកូស (ស្ករ) ក្នុង​ឈាម គឺ​អាំងស៊ុយលីន និង​គ្លុយកាកុង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម