គ្នាយើងច្បាស់ជាដឹងហើយថាការហាត់ប្រាណជាប្រចាំអាចជួយច្រើនដល់សុខភាពរបស់យើង។ ការសិក្សាបានបង្ហាញថាការហាត់ប្រាណអាចកាត់បន្ថយជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង រួមទាំងជួយដល់ប្រព័ន្ធភាពស៊ាំយើងទៀតផង។ ប៉ុន្តែមនុស្សចំនួនអាចមានចម្ងល់ថាតើអាចហាត់ប្រាណបានទេពេលយើងឈឺ។
យើងនៅតែអាចបន្តការហាត់ប្រាណបានដោយមិនមានផលប៉ះពាល់អ្វីទេ ប្រសិនជាយើងមានអាការៈដូចខាងក្រោម ប៉ុន្តែបើយើងមិនច្បាស់ក្នុងចិត្តត្រូវពិភាក្សាជាមួយគ្រូពេទ្យ។
១. ផ្តាសាយតិចតួច
នៅពេលមានជំងឺផ្តាសាយគ្នាយើងមួយចំនួនអាចមានអាការៈតឹងច្រមុះ ឈឺក្បាល កណ្ដាស់ ឬក្អកតិចតួច។ បើយើងមានជំងឺផ្តាសាយ ហើយនៅមានកម្លាំងក្នុងការហាត់ប្រាណយើងអាចបន្តការហាត់ប្រាណបាន។ ទោះបីជាយើងមានអារម្មណ៍ថាមិនមានកម្លាំងគ្រប់គ្រាន់ យើងក៏អាចបន្តទម្លាប់នេះបានដោយកាត់បន្ថយរយៈពេលនៃការហាត់ប្រាណរបស់យើង។
ជាការល្អពេលទៅហាត់ប្រាណ យើងគួរប្រយ័ត្នក្នុងការចម្លងជំងឺនេះទៅអ្នកដទៃដោយយើងត្រូវឧស្សាហ៍លាងដៃ និងខ្ទប់មាត់ពេលក្អក ឬកណ្ដាស់។
២. ឈឺត្រចៀក
សម្រាប់មនុស្សពេញវ័យអាការៈឈឺត្រចៀកអាចបណ្តាលមកពីការឈឺចាប់នៅកន្លែងផ្សេងដូចជា កជាដើម។ ការឈឺត្រចៀកក៏អាចបណ្តាលមកពីការឆ្លងមេរោគនៅតំបន់ប្រហោងឆ្អឹងច្រមុះ(Sinus) របស់ច្រមុះ ឈឺក ឬឈឺធ្មេញជាដើម។
ការហាត់ប្រាណពេលឈឺត្រចៀកគឺមានសុវត្ថិភាពដរាបណាយើងអាចទប់លំនឹងបាន និងបានដឹងពីមូលហេតុនៃការឈឺត្រចៀកនេះ។ ទោះបីជាមានសុវត្ថិភាពក៏ដោយ យើងគួរចៀសវាងលំហាត់ប្រាណដែលផ្តល់សម្ពាធដល់តំបន់ប្រហោងឆ្អឹងច្រមុះ(Sinus)។
ការឈឺត្រចៀកប្រភេទខ្លះអាចធ្វើឲ្យបាត់បង់លំនឹង និងអាការៈគ្រុនក្ដៅដែលបង្កគ្រោះថ្នាក់ពេលហាត់ប្រាណ។ ដូចនេះគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្តើមហាត់ប្រាណ។
អត្ថបទពាក់ព័ន្ធ៖
- វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យពិនិត្យ
- បើមានអាការៈឈឺក្បាល សាកល្បងតិចនិកងាយៗនេះ អាចកាត់បន្ថយការឈឺចាប់បាន
- ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ
៣. តឹងច្រមុះ
ប្រសិនជាយើងមានអាការៈតឹងច្រមុះកម្រិតស្រាល យើងអាចហាត់ប្រាណព្រោះអាចជួយឲ្យយើងស្រួលក្នុងការដកដង្ហើម។ ប៉ុន្តែ យើងគួរមើលស្ថានភាពរាងកាយរបស់ យើងដោយកំណត់ការហាត់ប្រាណទៅតាមថាមពលរបស់យើង ដោយយើងអាចដើរហាត់ប្រាណ ឬជិះកង់ក៏បាន ជំនួសទម្លាប់ហាត់ប្រាណប្រចាំថ្ងៃដែលអាចមានលើសពីនេះ។ ដោយឡែកបើអាការៈតឹងច្រមុះនេះពាក់ព័ន្ធនឹងគ្រុនក្ដៅ ឬរោគសញ្ញាផ្សេងដូចជាក្អកស្លេស្ម ឬតឹងទ្រូង យើងគួរពិចារណាផ្អាកការហាត់ប្រាណសិន។
៤. ឈឺកតិចតួច
បើយើងមានអាការៈឈឺកតិចតួចដែលបណ្ដាលមកពីជំងឺផ្តាសាយ ឬអាលែកហ្សី ការហាត់ប្រាណគឺមានសុវត្ថិភាព។ ប៉ុន្តែនៅពេលយើងមានរោគសញ្ញាផ្សេងៗដែលបង្កដោយជំងឺផ្តាសាយដូចជាហត់ ជាដើមគួរចៀសវាងការហាត់ប្រាណដែលប្រើកម្លាំងច្រើន។
នៅក្នុងករណីដែលអាការៈឈឺកទាក់ទងនឹងគ្រុនក្ដៅ ក្អកស្លេស្ម និងពិបាកលេបអាហារ យើងគួរផ្អាកហាត់ប្រាណរហូតដល់គ្រូពេទ្យអនុញ្ញាត។
យើងមិនគួរហាត់ប្រាណពេលមានអាការៈ៖
- គ្រុនក្ដៅលើស៣៧អង្សាសេ
- ក្អកស្លេស្ម
- រាក ឈឺចុកពោះ ក្អួតនិងចង្អោរ
- ផ្តាសាយធំ។។
អត្ថបទពាក់ព័ន្ធ៖
- ការរត់ហាត់ប្រាណផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
- ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ
- រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
- នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]