ការហាត់ប្រាណដោយការលោត ត្រឹមតែ៥នាទី/ថ្ងៃ អាចការពារ ពិសេសស្រ្តី ពីហានិភ័យពុកឆ្អឹងត្រគាកបាន នេះបើតាមការស្រាវជ្រាវថ្មីមួយ។
ការសិក្សាបានបង្ហាញថា លំហាត់ប្រាណបែបលោត អាចពង្រឹងឆ្អឹងជើង ដោយបង្កើនកំហាប់ឆ្អឹង និងធ្វើឱ្យឆ្អឹងមិនងាយបាក់។ ការពិសោធនេះ បានធ្វើឡើងទៅលើស្រ្តី៣៥នាក់ ដែលមានវ័យ៥៥-៧០ឆ្នាំ ក្នុងការអនុវត្តលំហាត់ប្រាណស្រាលៗ ដោយការលោត រយៈពេល៦ខែ ដោយក្នុងនោះមានការលោត ដោយប្រើជើងតែម្ខាងចំនួន៥០ដង រៀងរាល់ថ្ងៃ។
លទ្ធផលដូចការរំពឹងទុក ក្រោយការអនុវត្តតាមវិធីដែលអ្នកជំនាញបានណែនាំ ឃើញថា កំហាប់ឆ្អឹងបានកើនឡើង ប្រមាណ ៣,២% ធ្វើឱ្យឆ្អឹងពួកគេហាប់ណែន ពិសេសឆ្អឹងត្រគាក ដែលជាសញ្ញាល្អដល់ស្ត្រីស្ថិតក្នុងវ័យជ្រេ។
លោកវេជ្ជបណ្ឌិត Katherine Brooke-Wavell អ្នកដឹកនាំការស្រាវជ្រាវខាងលើ បានលើកឡើងថា៖ “ស្រ្តីដែលនៅវ័យក្រោយអស់រដូវ ច្រើនជួបហានិភ័យ កំហាប់ឆ្អឹងទាប និងងាយប្រេះស្រាំ។ តែយ៉ាងណា ការលោត ជាលំហាត់ប្រាណមានប្រយោជន៍ ដោះស្រាយបញ្ហានេះ ម្យ៉ាងទៀត វាងាយស្រួលធ្វើ ហើយអ្នកអាចធ្វើបានដោយខ្លួនឯង“។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង
- ស្រីៗដែលឧស្សាហ៍ស្ត្រេស ប្រយ័ត្នកើតជំងឺពុកឆ្អឹង!
តាមការផ្សាយលទ្ធផលស្រាវជ្រាវរបស់សាកលវិទ្យាល័យ Loughborough ប្រទេសអង់គ្លេសដែលបានសិក្សាពីករណីខាងលើបង្ហាញថា ពុកឆ្អឹង ជាបញ្ហាទូទៅមួយលើស្រ្តី ដែលបានកើតឡើងក្រោយពួកគេដល់វ័យអស់រដូវ ជាហេតុធ្វើឱ្យឆ្អឹងរបស់ពួកគេ អាចមានប្រហោងខាងក្នុងដោយកំហាប់ឆ្អឹងទាប។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណរក្សាសុខភាព អាចបង្ការពីបញ្ហាខាងលើនេះបាន៕
[embed-health-tool-bmi]