ក្មេងជំទង់ក្នុងរដ្ឋផ្លរីដា របស់សហរដ្ឋអាមេរិកម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពពួកប៉ារ៉ាស៊ីតAmoebaចូលក្នុងខួរក្បាល ដែលជាពពួកប៉ារ៉ាស៊ីតដ៏គ្រោះថ្នាក់ និងវាយប្រហារកោសិកាខួរក្បាល ក្រោយពេលដែលក្មេងជំទង់រូបនោះចុះហែលទឹកនៅឆ្នេរសមុទ្រក្នុងតំបន់មួយ។
ក្មេងនេះមានអាយុ១៣ឆ្នាំឈ្មោះថា Caleb Ziegelbauer បានទៅឆ្នេរសមុទ្រមួយកន្លែង ជាមួយគ្រួសារនៅដើមខែកក្កដា។ រយៈពេល៥ថ្ងៃក្រោយមក ក្មេងនោះមានអាការៈឈឺក្បាល និងមួយថ្ងៃបន្ទាប់ ចាប់ផ្ដើមក្ដៅខ្លួន។
យល់ដឹងពីបញ្ហាប៉ារ៉ាស៊ីតAmoeba ចូលក្នុងខួរក្បាល
ម្ដាយមីងរបស់កុមារ Caleb ថាក្មួយរបស់គាត់នៅអាចដកដង្ហើមដោយខ្លួនឯងបានរយៈពេល១សប្ដាហ៍កន្លងមកនេះ ប៉ុន្តែ ខួរក្បាលរបស់ក្មេងនៅតែរងការខូចខាតនៅឡើយ។
ពពួកប៉ារ៉ាស៊ីតAmoeba ជាទូទៅរស់នៅក្នុងទឹកសាប និងដីដែលមានសីតុណ្ហភាពក្ដៅឧណ្ហៗ នេះបើយោងតាមមជ្ឈមណ្ឌល ត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC)។ ជាធម្មតា យើងអាចឆ្លងប៉ារ៉ាស៊ីតប្រភេទនេះ ក្រោយហែលទឹក ឬជ្រមុជទឹកបឹង ឬទន្លេ។ ទន្ទឹមនឹងនេះដែរ ពពួកប៉ារ៉ាស៊ីតAmoebaលូតលាស់នៅក្នុងសីតុណ្ហភាពក្ដៅឧណ្ហៗ (រហូតដល់៤៦អង្សាសេ) ព្រមទាំងចូលក្នុងរាងកាយតាមច្រមុះ នៅពេលដែលយើងជ្រមុជចូលទៅក្នុងទឹក។ ដោយសារតែ ប៉ារ៉ាស៊ីតAmoebaស៊ីសរីរាង្គផ្សេងទៀតដូចជាបាក់តេរី វាអាចវាយប្រហារជាលិកាខួរក្បាលបាន ប្រសិនបើយើងរកឃើញបានមិនទាន់ពេលទេនោះ។
CDC បានឲ្យដឹងថា រោគសញ្ញាដំបូងនៃការឆ្លងពពួកប៉ារ៉ាស៊ីតAmoeba គឺចាប់ផ្ដើមក្នុងរយៈពេលប្រហែល៥ថ្ងៃ (ចន្លោះពី១ថ្ងៃ ទៅ១២ថ្ងៃ) ក្រោយបង្ករោគ។ រោគសញ្ញាដំបូង អាចរួមមាន ឈឺក្បាល គ្រុនក្ដៅ ចង្អោរ ឬក្អួត។ រោគសញ្ញាបន្ទាប់ មានរឹងក វង្វេងវង្វាន់ បាត់បង់លំនឹង ប្រកាច់ និងមមើមមាយ។ CDCបន្តថា ក្រោយពេលចាប់ផ្ដើមចេញរោគសញ្ញា ជំងឺនេះវិវត្តយ៉ាងឆាប់រហ័ស និងអាចបណ្ដាលឲ្យអ្នកជំងឺបាត់បង់ជីវិតក្នុងរយៈពេល៥ថ្ងៃ (ចន្លោះពី១ថ្ងៃ ទៅ១៨ថ្ងៃ)។ ក្នុងចំណោមការបង្ករោគដោយពពួកប៉ារ៉ាស៊ីតAmoeba ចំនួន ១៥៤ករណីនៅសហរដ្ឋអាមេរិក ករណីស្លាប់មានចំនួនច្រើនជាង៩៧% ឯណោះ។
ហេតុនេះហើយ យើងចាំបាច់ត្រូវកាត់បន្ថយហានិភ័យនៃការឆ្លងពពួកប៉ារ៉ាស៊ីតAmoeba ដោយជៀសវាងងូតទឹកសាបដែលមានសីតុណ្ហភាពក្ដៅឧណ្ហៗ និងហែលនៅលើទឹក ព្រមទាំងប្រើប្រាស់ឧបករណ៍កៀបច្រមុះ ឬយកដៃបិទចម្រុះអំឡុងពេលហែលទឹក។