នរណាក៏ដឹងដែរថាការញ៉ាំថ្នាំជាមួយស្រាគឺគ្រោះថ្នាក់ខ្លាំងណាស់ តែនៅមានមនុស្សជាច្រើនធ្វើព្រងើយនឹងការព្រមាននេះ។ អត្ថបទនេះ នឹងជួយគ្នាយើងឲ្យដឹងកាន់តែច្បាស់ពីគ្រោះថ្នាក់ចំពោះសុខភាព ដែលកើតឡើងដោយអន្តរកម្មរវាងស្រានិងថ្នាំពេទ្យ។
១- តើថ្នាំប្រភេទណាដែលជាតិអាល់កុលមានប្រតិកម្មអន្តរកម្មជាមួយ?
ជាតិអាល់កុលមានអន្តរកម្មជាមួយថ្នាំជាច្រើន រួមទាំងថ្នាំត្រូវការវេជ្ជបញ្ជា និងថ្នាំមិនត្រូវការវេជ្ជបញ្ជា។ ថ្នាំមួយចំនួនដែលប្រើក្នុងការព្យាបាលជំងឺដូចខាងក្រោមអាចមានអន្តរកម្មជាមួយនឹងស្រា៖
-អាលែកហ្ស៊ី ផ្ដាសាយ និងគ្រុនក្ដៅ
-ចុកទ្រូង និងជំងឺសរសៃឈាមបេះដូង
-ថប់បារម្ភ និងឆ្កួតជ្រូក
-កំណកឈាម
-ក្អក
-ធ្លាក់ទឹកចិត្ត
-ក្រពេញប្រូស្តាតរីកធំ
-ក្រហាយទ្រូង និងមិនរំលាយអាហារ
-លើសសម្ពាធឈាម
-លើសជាតិខ្លាញ់ កូលេស្តេរ៉ូល
-មានការបង្ករោគ
-ឈឺសាច់ដុំ
-ចង្អោរ និងក្អួត
-ឈឺចាប់ គ្រុនញាក់ និងរលាក
-ប្រកាច់
-ឈឺចាប់ខ្លាំងដោយសាររបួស ការថែទាំក្រោយវះកាត់ វះកាត់មាត់ និងឈឺក្បាលប្រកាំង
-បញ្ហាក្នុងការគេង
២- តើមានផលវិបាកអ្វីខ្លះពេលប្រើថ្នាំលាយជាមួយស្រា?
មិនថាថ្នាំប្រភេទណាដែលយើងប្រើទេ ទាំងថ្នាំត្រូវការវេជ្ជបញ្ជា ថ្នាំមិនត្រូវការវេជ្ជបញ្ជា និងថ្នាំរុក្ខជាតិព្យាបាលនៅផ្ទះមួយចំនួន សុទ្ធតែធ្វើឲ្យរាងកាយមានបញ្ហានៅពេលដែលប្រើលាយជាមួយនឹងស្រា។ ផលរំខានអវិជ្ជមានដែលកើតឡើងញឹកញាប់រួមមាន៖
-ក្អួតនិងចង្អោរ
-ឈឺក្បាល ឬប្រកាំង
-ងងុយគេង
-វិលមុខ
-សន្លប់
-ផ្លាស់ប្ដូរសម្ពាធឈាម
-អាកប្បកិរិយាមិនប្រក្រតី
-បាត់បង់ ទិសដៅ
-គ្រោះថ្នាក់
ការប្រើជាតិអាល់កុលខណៈកំពុងលេបថ្នាំអាចធ្វើឲ្យអ្នកជំងឺប្រឈមគ្រោះថ្នាក់ផលវិបាកធ្ងន់ធ្ងរដូចជា៖
-ខូចថ្លើម
-បញ្ហាសរសៃឈាមបេះដូង
-ហូរឈាមនៅខាងក្នុងខ្លួន (Internal bleeding)
-ពិបាកដកដង្ហើម
-ធ្លាក់ទឹកចិត្ត
៣- ឥទ្ធិពលជាតិអាល់កុលទៅលើថ្នាំពេទ្យ
ការញ៉ាំស្រានៅពេលដែលកំពុងប្រើថ្នាំពេទ្យ អាចនាំឲ្យធ្លាក់ចុះប្រសិទ្ធភាពរបស់ថ្នាំ ឬបើកាន់តែអាក្រក់ គឺធ្វើឲ្យថ្នាំនោះគ្មានប្រសិទ្ធភាពព្យាបាលតែម្ដង។ កាន់តែធ្ងន់ធ្ងរថែមទៀតនោះ ក្នុងករណីខ្លះ ថ្នាំពេលមានអន្តរកម្មជាមួយស្រាអាចធ្វើឲ្យមានគ្រោះថ្នាក់ ឬពុលទៅដល់រាងកាយទៀតផង។ ទោះបីមិនបានប្រើក្នុងពេលតែមួយជាមួយគ្នាក៏ពិតមែន ក៏វានៅតែមានអន្តរកម្មដែរ។
បន្ថែមលើនេះ ការញ៉ាំស្រា ទោះបីជាក្នុងបរិមាណតិចក៏ដោយ ក៏អាចធ្វើឲ្យថ្នាំលេចចេញផលរំខានបានដែរ។ ផលរំខានទាំងនោះរួមមាន ងងុយគេង ដេកមិនស្រួលឬ មិនអាចគេងបាន ឈឺក្បាល ដែលអាចធ្វើឲ្យយើងគ្រោះថ្នាក់។ ពេលញ៉ាំស្រា កម្រិតផ្ចង់អារម្មណ៍កាន់តែធ្លាក់ចុះទៅៗ ហើយពេលលាយជាមួយថ្នាំពេទ្យខ្លះទៀត វាធ្វើអោយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ។ ពេលដែលសមត្ថភាព គ្រប់គ្រងគ្រឿងម៉ាស៊ីន ឬជំនាញគ្រប់គ្រងយានជំនិះរងការប៉ះពាល់ នោះបញ្ហាធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ស្លាប់អាចកើតមាន។
៤- តើនរណាដែលប្រឈមនឹងគ្រោះថ្នាក់នៅពេលដែលមានប្រតិកម្មអន្តរកម្មរវាងស្រានិងថ្នាំពេទ្យ?
ជាទូទៅ ស្ត្រីគឺរងគ្រោះដោយសារឥទ្ធិពលនៃប្រតិកម្មអន្តរកម្មរវាងស្រានិងថ្នាំពេទ្យច្រើនជាងមនុស្សប្រុស។ នេះក៏ព្រោះតែ មនុស្សស្រីញ៉ាំស្រា ងាយនឹងជាតិអាល់កុលជ្រាបចូលប្រព័ន្ធឈាមច្រើនជាងមនុស្សប្រុស ទោះនៅក្នុងបរិមាណស្រាដូចគ្នាក៏ដោយ។ ជាតិទឹកដែលមានក្នុងខ្លួនមនុស្សស្រី តិចជាងមនុស្សប្រុស ហើយពេលជាតិអាល់កុលក្នុងកម្រិតមួយលាយជាមួយទឹកនៅក្នុងខ្លួនមនុស្សស្រី គឺកំហាប់របស់វាមិនសូវប្រែប្រួលច្រើនទេ។ ដូចនេះមនុស្សស្រីងាយនឹងប៉ះពាល់ដោយសារស្រាខ្លាំងជាងមនុស្សប្រុស។
មនុស្សចាស់ក៏ប្រឈមនឹងបញ្ហាគ្រោះថ្នាក់សុខភាពដោយសារតែអន្តរកម្មរវាងស្រានិងថ្នាំពេទ្យដែរ។ ព្រោះថាពេលវ័យចាស់ទៅ លទ្ធភាពក្នុងការបំបែកជាតិអាល់កុល ក៏ធ្លាក់ចុះដែរ ហើយជាតិស្រាដែលនៅសល់ក្នុងរាងកាយពួកគាត់នឹងនៅរយៈពេលយូរ ហើយមានឱកាសខ្ពស់ក្នុងការមានអន្តរកម្មជាមួយថ្នាំពេទ្យ។ មនុស្សចាស់ក៏ងាយនឹងមានជំងឺ ដែលត្រូវប្រើថ្នាំច្រើនមុខដែរ ដូចនេះការប្រឈមមុខរបស់គាត់កាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- កូនបៅដោះម្ដាយផឹកស្រា ប្រឈមមុខនឹងជំងឺប៉ុន្មានមុខនេះ
- ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ
- ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ?
[embed-health-tool-bmi]