ក្រុមអ្នកវិទ្យាស្ត្របានវះកាត់ប្ដូរតម្រងនោមមនុស្សដាក់ជំនួសដោយតម្រងនោមជ្រូកបានយ៉ាងជោគជ័យ ដោយថាក្រោយវះកាត់ប្ដូររួចហើយ តម្រងនោមទាំងពីរបានពីជ្រូកចិញ្ចឹមបែបបំប្លែងហ្សែន នេះ បានដំណើរការជាប្រក្រតី ក្នុងអំឡុងពេលពិសោធន៍។
ការពិសោធន៍នេះ បានធ្វើឡើងលើអ្នកជំងឺស្លាប់ខួរក្បាលម្នាក់ និងក៏ជាអ្នកដែលបានចុះឈ្មោះស្ម័គ្រចិត្តបរិច្ចាគសរីរាង្គផងដែរ ហើយការពិសោធន៍នេះក៏បានការអនុញ្ញាតពីក្រុមគ្រួសារអ្នកជំងឺដែរ។
អ្នកជំងឺស្លាប់ខួរក្បាលសំដៅដល់អ្នកជំងឺដែលអាចរស់រានមានជីវិតបានដោយសារម៉ាស៊ីនជំនួយ ហើយខួរក្បាលមិនមានដំណើរការទៀតនោះទេ។ ការណ៍នេះមានន័យថាអ្នកជំងឺមិនអាចដឹងខ្លួនវិញបានដែរ ហើយក៏មិនអាចដកដង្ហើមដោយគ្មានម៉ាស៊ីនជំនួយដែរ។ តាមច្បាប់នៅប្រទេសមួយចំនួន អ្នកជំងឺស្លាប់ខួរក្បាល ត្រូវគេកំណត់ថាជាមនុស្សស្លាប់។
លទ្ធផលនៃការពិសោធន៍នេះ បានចុះផ្សាយក្នុង American Journal of Transplantationកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ក្រុមអ្នកវិទ្យាសាស្រ្តក៏មានបំណងធ្វើការពិសោធន៍លើអ្នកជំងឺធម្មតាផងដែរ ប៉ុន្តែជាជំហានដំបូង ក្រុមអ្នកវិទ្យាសាស្រ្ត ត្រូវធ្វើលើអ្នកជំងឺស្លាប់ខួរក្បាលសិនដើម្បីដឹងពីកម្រិតសុវត្ថិភាព និងស្រាយចម្ងល់មួយចំនួនបាន។
ក្រុមអ្នកវិទ្យាសាស្រ្តបានតាមដានលើអាការៈរបស់អ្នកទទួលការផ្លាស់ប្ដូរតម្រងនោមនេះជាច្រើនចំណុច ដូចជាថាតើមានប្រតិកម្មរបស់រាងកាយមិនទទួលយកតម្រងនោមជ្រូកនេះឬអត់(ផ្សាំបរាជ័យ) មានឆ្លងវីរុសៗផ្សេងៗដែរទេ និងក៏ដូចជាផលរំខានដែលអាចកើតឡើងក្នុងដំណើរការប្ដូរតម្រងនោមជ្រូក មកមនុស្ស។
កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមវេជ្ជបណ្ឌិត ក៏បានធ្វើពិសោធន៍ប្រហាក់ប្រហែលគ្នានេះដែរ លើអ្នកជំងឺស្លាប់ខួរក្បាល តែកាលនោះធ្វើតែលើតម្រងនោមម្ខាង និងមិនបានដាក់ចូលក្នុងខ្លួនមនុស្សដូចពេលនេះទេ ហើយក៏ឃើញថាតម្រងនោមបានដំណើរការធម្មតាក្នុងរយៈពេលពិសោធន៍៥៤ម៉ោង។ បើតាមការពិសោធន៍ តម្រងនោមអាចចម្រោះជាតិពុលពីក្នុងឈាម និងផលិតទឹកនោមបានដោយមិនមានសញ្ញាពីការផ្សាំបរាជ័យឡើង។
តម្រងនោមជ្រូកដែលយកមកប្រើជំនួសតម្រងនោមមនុស្សនេះ គឺបានពីជ្រូកដែលក្រុមហ៊ុនចិញ្ចឹមតាមបែបបំប្លែងហ្សែន។ ដូចគ្នាដែរ កាលពីដើមខែមករា នេះក្រុមអ្នកវិទ្យាសាស្រ្តក៏បានប្រកាសពីភាពជោគជ័យលើការពិសោធន៍ផ្លាស់ប្ដូរបេះដូងមនុស្ស ជំនួសដោយបេះដូងជ្រូកនេះផងដែរ។
អត្ថបទគួរអាន៖
- ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ
- មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម
- មិនចង់កើតក្រួសក្នុងតម្រងនោម គួរយល់របៀបបង្ការទាំងនេះ
[embed-health-tool-bmi]