backup og meta

ជំនឿខុសឆ្គងទាំង៥ ពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    ជំនឿខុសឆ្គងទាំង៥ ពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង

    ការ​ថែទាំ​សុខភាព​បេះដូង​ជា​រឿង​សំខាន់​​បំផុត​មួយ​ ដែល​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ។ ពិត​ណាស់​ ពេល​ខ្លះ​យើង​អាច​នឹង​យល់​ខុស​ឆ្គង​ពាក់ព័ន្ធ​នឹង​​ហានិភ័យ​មួយ​ចំនួន​នៃ​ជំងឺ​បេះដូង ដែល​កត្តា​​អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ យើង​គួរ​បោះបង់​ចោល​ជំនឿ​ខុស​ឆ្គង​ទាំង​​នេះ ដើម្បី​រួម​ចំណែក​ជួយ​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​ប្រសើរ​ឡើង។

    ១. បើ​យើង​ញ៉ាំ​ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល យើង​អាច​ញ៉ាំ​អ្វី​ក៏​បាន

    ជាក់ស្ដែង កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃត​ឈាម​កើត​ចេញ​ពី​ប្រភព​ចំនួន​២ គឺ​ទី​១​ ​ថ្លើម​ជា​អ្នក​ផលិត​ខ្លះ និង​​មួយ​ផ្នែក​ទៀត​ ទទួល​បាន​ពី​អាហារ​ជាក់លាក់មួយចំនួន​។ ពពួក​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​ អាច​ជួយ​កាត់បន្ថយ​បរិមាណ​កូលេស្តេរ៉ូល​ដែល​​ថ្លើម​ផលិត និង​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​ធ្លាក់​ចុះ ជា​ហេតុ​នាំ​ឲ្យ​​​បរិមាណ​កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃ​ឈាម​ថយ​ចុះ។ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ ហើយ​​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កូលេស្តេរ៉ូល​ខ្ពស់​នោះ ​ថ្នាំ​នឹង​លែង​មាន​ប្រសិទ្ធភាព ហើយ​កម្រិត​កូលេស្តេរ៉ូល​នឹង​បន្ត​​កើន​ឡើង។ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំអាហារមាន​​ខ្លាញ់​ឆ្អែត ដើម្បី​ឲ្យ​ថ្នាំ​មាន​ប្រសិទ្ធភាព​។

    កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

    ២. ចាស់​ទៅ​​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ជា​រឿង​ធម្មតា​ទេ

    សម្ពាធ​ឈាម​អាច​នឹង​កើន​ឡើង​នៅ​ពេល​ដែល​​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ពីព្រោះ​​សរសៃ​ឈាម​ក្លាយ​ទៅ​ជា​រឹង​។ កត្តា​នេះ​នាំ​ឲ្យ​បេះដូង​ច្របាច់​កាន់​តែ​ខ្លាំង​ ដើម្បី​​បំពេញ​តម្រូវ​ការ​រាងកាយ​ ដែល​នាំ​ឲ្យ​ខូច​សរសៃ​​ឈាម​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

    ដូចនេះ​ យើង​ចាំបាច់​ត្រូវ​វាស់​សម្ពាធ​ឈាម​​ជា​ប្រចាំ​ ហើយ​ប្រសិនបើ​សម្ពាធ​ឈាម​លើស​ពី​១៤០/៩០ មិល្លីម៉ែត្រ​បារត​ នោះ​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ ដើម្បី​ជួយ​ឲ្យ​សម្ពាធ​ឈាម​ស្ថិត​ក្នុង​កម្រិត​សម​ល្មម​វិញ។

    ៣. ជំងឺ​ទឹក​នោម​ផ្អែម​មិន​បង្ក​ឲ្យ​កើត​ជំងឺ​បេះដូង​ទេ បើ​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម

    ថ្នាំ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម អាច​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​ដូចជា​បង្ការ​ផលវិបាក​មួយ​ចំនួន​ដូចជា ជំងឺ​តម្រង​នោម​ ពិការ​ភ្នែក​ លិង្គ​មិន​ឡើង​រឹង និង​ការ​ខូច​សរសៃ​ប្រសាទ។ ប៉ុន្តែ​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​​ទៅ​លើ​សរសៃ​ឈាម​ធំ​ៗ​ដែល​រលាក​ និង​កើត​ជំងឺ ​ជា​ហេតុ​បង្កើន​​ហានិភ័យ​នៃ​ការ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

    ហេតុនេះ​ហើយ​ ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ទៀងទាត់​ យើង​ចាំបាច់​ត្រូវ​​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប ព្រមទាំង​ឈប់​ជក់​បារី និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​​សម​ល្មម។

    សុខភាពបេះដូង៦

    អត្ថបទគួរអាន៖

    ​​​​​៤. កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ ដោយ​ញ៉ាំ​ពពួក​វីតាមីន​ និង​អាហារ​បំប៉ន

    សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម វីតាមីន​E,C និង​សារធាតុ​Beta Carotene ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ យ៉ាង​ណា​មិញ ​តាម​ការ​សាកល្បង​​ប្រើប្រាស់​អាហារ​បំប៉ន​ជាមួយ​នឹង​វីតាមីន​ទាំង​នេះ យើង​នៅ​​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​អត្ថប្រយោជន៍​ណា​មួយ​នៅ​ឡើយ។ ដូច្នេះ​ គ្នា​យើង​គួរ​ងាក​មក​​ញ៉ាំ​​វីតាមីន​ និង​ជាតិ​រ៉ែ​ដែល​បាន​មក​ពី​អាហារ​ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​បំប៉ន​វិញ​ ទើប​ជា​ការ​ប្រសើរ។

    ៥. បើ​ជក់​បារី​រាប់​ឆ្នាំ​ ទោះ​ឈប់​ជក់ ក៏​​មិន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ​

    ​មិន​ថា​​យើង​ជក់​បារី​ច្រើន​ដើម​ក្នុង​មួយ​ថ្ងៃ ឬ​ជក់​រយៈពេល​យូរ​ឡើយ​ ឲ្យ​តែ​យើង​ឈប់​ជក់​បារី​ នោះ​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ដ៏​ច្រើន​លើសលប់។ ក្រោយ​ឈប់​ជក់​បារី​មួយ​ឆ្នាំ យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​រហូត​ដល់​ទៅ​៥០% ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ រាងកាយ​របស់​យើង​នៅ​ត្រលប់​មក​រក​សភាព​ធម្មតា​ដូច​អ្នក​មិន​ធ្លាប់​ជក់​បារី​ពី​មុន​មក​ដូច្នោះ​ដែរ​។ ដូចនេះ​ យើង​គួរ​តែ​ព្យាយាម​បញ្ឈប់​ការ​ជក់បារី​ភ្លាម​ៗ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម