ជំងឺបេះដូង ជាប្រភេទជំងឺរ៉ាំរ៉ៃ មិនសះស្បើយ អាចឆក់យកជីវិតគ្នាយើងគ្រប់វិនាទីដោយមិនដឹងខ្លួន បើមិនចង់កើតជំងឺនេះ គ្នាយើងត្រូវតែដឹង អ្វីខ្លះជាកត្តាប្រឈមរបស់ជំងឺ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីកត្តាប្រឈមមួយចំនួន នាំឲ្យកើតជំងឺបេះដូង ដោយចែកចេញជាពីរ គឺកត្តាបង្ក ប៉ុន្តែអាចកែខៃ ឬព្យាបាលបាន និងកត្តាមិនអាចកែខៃបាន។
១- កត្តាអាចកែខៃបាន
– ជំងឺលើសឈាម៖ ជាកត្តាគ្រោះថ្នាក់ធំបំផុត បង្កឲ្យមានជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ការពិតគេអាចព្យាបាល និងបង្ការបាន បើគ្នាយើងទៅពិនិត្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។
– កម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់៖ រួមមាន លើសជាតិខ្លាញ់ ទ្រីគ្លីសេរីត LDL (ខ្លាញ់មិនល្អ) ឬ ជាតិខ្លាញ់ល្អ HDL មានកម្រិតទាប ដែលសុទ្ធសឹងជាកត្តាបង្កឲ្យមានជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ញ៉ាំអាហារមានជាតិខ្លាញ់ឆ្អែត (Saturated Fat) ខ្ពស់ក៏បង្កគ្រោះថ្នាក់នេះដូចគ្នា។ បើអ៊ីចឹង ប្តូររបបអាហារ ហាត់ប្រាណ និងប្រើថ្នាំ អាចជួយកែសម្រួលកម្រិតខ្លាញ់យើងត្រឡប់មកធម្មតាវិញបាន។
– ប្រើថ្នាំជក់៖ មិនថាថ្នាំចុក ឬបារី សុទ្ធតែជាកត្តាបង្កើនគ្រោះថ្នាក់ដល់បេះដូង ប្រឈមកាន់តែខ្ពស់ បើគ្នាយើងចាប់ផ្តើមជក់បារីតាំងពីក្មេង និងជក់ច្រើនជាប្រចាំ ពិសេសចំពោះស្រីៗតែម្តង។ ការស្រូបផ្សែងបារី ក៏ជាកត្តាប្រឈមមួយដែរ។ ហេតុនេះបើចង់កាត់បន្ថយការប្រឈមជំងឺសរសៃឈាមបេះដូង ត្រូវឈប់ជក់បារី ទោះបីជាអ្នកញៀនប៉ុនណាក៏ដោយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
– ហាត់ប្រាណ៖ ជួយកាត់បន្ថយការប្រឈមជំងឺបេះដូងដល់ទៅ ៥០%។ ធាត់ពេក ឬលើសទម្ងន់ ជាកត្តាចម្បងធ្វើឲ្យមានជំងឺបេះដូង និងទឹកនោមផ្អែមទៀតផង។
– ទឹកនោមផ្អែម៖ ពិសេសទឹកនោមផ្អែមប្រភេទ ២ អាចឲ្យយើងប្រឈមទ្វេដង ដោយសារកំណើនជាតិស្ករខ្ពស់ក្នុងឈាម។ មិនបានដឹងពីស្ថានភាពជំងឺទាន់ពេលវេលា និងមិនព្យាបាល ជាផលវិបាកចម្បងនាំឲ្យគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយតម្រងនោម អាចធ្វើឲ្យខូចអវយវៈ និងខ្វាក់ភ្នែកទៀតផង។
– សុខភាពផ្លូវចិត្ត៖ ក៏ជាការប្រឈមជំងឺបេះដូង ពិសេសចំពោះគ្នាយើងមានជីវិតរស់នៅពេញដោយអារម្មណ៍ស្ត្រេស ឯកោ មានជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ។
– ផឹកស្រា៖ បើផឹកត្រឹម ១-២ កែវក្នុងមួយថ្ងៃ គឺអាចជួយកាត់បន្ថយការប្រឈមជំងឺបេះដូងបាន ៣០% តែបើលើសពីនេះ នឹងបង្កគ្រោះថ្នាក់ដល់សាច់ដុំបេះដូង។
– ឱសថ៖ ប្រភេទថ្នាំមួយចំនួន ដូចជា ថ្នាំពន្យារកំណើត ថ្នាំអ័រម៉ូន ក៏អាចបង្កើនការប្រឈមនេះដូចគ្នា។
២- កត្តាប្រឈមមិនអាចកែខៃបាន
– កត្តាអាយុ៖ កាន់តែចាស់ កាន់តែប្រឈមជំងឺសរសៃឈាមបេះដូង ដោយសារការផ្លាស់ប្តូរនៃសរីរាង្គតាមអាយុ ទោះបីជាយើងមិនមានជំងឺអ្វីក៏ដោយ។ តែបើមានជំងឺបេះដូងស្រាប់ កត្តាអាយុនឹងជះឥទ្ធិពលលើការព្យាបាលថែមទៀត។
– កត្តាភេទ៖ ប្រុសៗប្រឈមជំងឺបេះដូង ច្រើនជាងស្រីៗ (ស្រីៗមិនទាន់អស់រដូវ)។ តែនៅពេលអស់រដូវហើយ ភាគរយប្រឈមអាចប្រហាក់ប្រហែលគ្នា ពិសេសជំងឺដាច់សរសៃឈាមខួរក្បាល។
– ប្រវត្តិគ្រួសារ៖ ហានិភ័យប្រឈមកើនកាន់តែខ្ពស់ សមាជិកគ្រួសារមានជំងឺសរសៃឈាមបេះដូង ឬដាច់សរសៃឈាមខួរក្បាលមុនអាយុ ៦៥ឆ្នាំ (ចំពោះស្រីៗ) ឬ ៥៥ឆ្នាំ (ចំពោះប្រុសៗ)។
បើគ្នាយើងសង្ស័យខ្លួនមានកត្តាប្រឈមច្រើន គួរចាប់ផ្តើមកែតម្រូវ បង្ការ ដើម្បីសុខភាពល្អទាំងអស់គ្នា។
អត្ថបទគួរអាន៖
- អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
[embed-health-tool-heart-rate]