ជំងឺរលាកសន្លាក់មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយដែលគេតែងជួបប្រទះញឹកញាប់ គឺជាជំងឺមួយដែលកើតឡើងដោយសារការលើសអាស៊ីដអ៊ុយរិចក្នុងឈាម នេះបើតាមការបកស្រាយនៅហ្វេសប៊ុកផេករបស់មន្ទីរពេទ្យកាល់ម៉ែត។ មានកត្តាប្រឈមសំខាន់២ ទាក់ទងនឹងទម្លាប់នៃការញ៉ាំរបស់យើង ដែលឈានលើសអាស៊ីដអ៊ុយរិចក្នុងឈាម នោះគឺញ៉ាំច្រើនលើសកម្រិត ពិសេសការញ៉ាំសាច់ និងគ្រឿងសមុទ្រ។
១. កត្តាប្រឈមនាំឲ្យលើសអាស៊ីដអ៊ុយរិច
ភាគច្រើនជំងឺលើសជាតិអាស៊ីដអ៊ុយរិចកើតលើមនុស្សប្រុសដែលមានអាយុពី៣០-៤៥ឆ្នាំ រីឯមនុស្សស្រីច្រើនកើតក្រោយអាយុ៥៥ឆ្នាំ។ ក្រៅពីការញ៉ាំច្រើន ពិសេសពពួកសាច់ និងគ្រឿងសមុទ្រ និងមានកត្តារួមផ្សំផ្សេងទៀតដែលនាំឲ្យមានជំងឺលើសជាតិអាស៊ីដអ៊ុយរិច។
– ផឹកគ្រឿងស្រវឹងលើសកម្រិត
– ប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា។

២. រោគសញ្ញាជំងឺលើសអាស៊ីដអ៊ុយរិច
– នៅលើស្បែក និងសន្លាក់ មានលេចចេញជាដុំពកៗ
– នៅតម្រងនោម ឃើញមានជាក្រួសតម្រងនោម
– ហើមសន្លាក់ ក្តៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិបាកទ្រាំ។
៣. ផលប៉ះពាល់នៃជំងឺលើសអាស៊ីដអ៊ុយរិច
កាលណាលើសជាតិអាស៊ីដអ៊ុយរិច ធ្វើឲ្យឈឺសន្លាក់ដៃ ជើង ជង្គង់ មេជើង រំខានដល់រស់នៅ អ្នកខ្លះឈានដល់ពិការ។ មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះដែលអាចធ្វើរោគវិនិច្ច័យ ឈានទៅរកការព្យាបាលទាន់ពេលវេលា ឯការទិញថ្នាំសសៃរមកព្យាបាលដោយខ្លួនឯងមិនជានោះទេ ធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។