ច្រាលទឹកអាស៊ីដក្រពះកើតឡើង នៅពេលទឹកអាស៊ីដក្រពះច្រាលចូលក្នុងបំពង់អាហារដែលធ្វើឱ្យរលាកស្រទាប់បំពង់អាហារ ហើយធ្វើឱ្យយើងមានអាការៈដូចជា ក្រហាយទ្រូង ឈឺទ្រូង ពិបាកលេបអាហារ ភើ និងភើជូរជាដើម។ ពេលមានអាការៈបែបនេះយើងគួរញុំាអាហារអ្វីខ្លះ ដើម្បីសម្រួលអាការៈ?
អាហារដែលអាចជួយសម្រួលអាការៈច្រាលទឹកអាស៊ីដក្រពះមានដូចជា៖
១. ទឹកដូង
ទឹកដូងសម្បូរទៅដោយសារធាតុអេឡិចត្រូលីតដូចជាប៉ូតាស្យូម ដែលអាចជួយឱ្យរាងកាយយើងរក្សាតុល្យភាព pH និងអាចជួយគ្រប់គ្រងការច្រាលទឹកអាស៊ីដក្រពះ។
២. សាច់សុទ្ធ
សាច់សុទ្ធដូចជា សាច់ទ្រូងមាន់ និងត្រីមួយចំនួនមានជាតិខ្លាញ់ទាបជាងសាច់ដទៃទៀត ដែលជួយកាត់បន្ថយអាការៈច្រាលទឹកអាស៊ីដក្រពះបាន ហើយថែមទាំងសម្បូរប្រូតេអ៊ីនទៀតផង។
៣. ស្រូវសាលីអូត
ស្រូវសាលីអូតផ្ទុកទៅដោយជាតិសរសៃធ្វើឱ្យយើងឆ្អែតបានយូរ ដូច្នេះយើងមិនញុំាច្រើនដែលធ្វើឱ្យច្រាលទឹកអាស៊ីដក្រពះ។ ស្រូវសាលីអូតអាចជួយស្រូបយកអាស៊ីដក្រពះ និងជួយដល់ណើរការរំលាយអាហារ ព្រមទាំងផ្ទុកទៅសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន។
៤. យ៉ាអួរ
យ៉ាអួរមិនដូចផលិតផលទឹកដោះដែលមានជាតិខ្លាញ់ច្រើនទេ។ យ៉ាអួរអាចជួយសម្រួលអាការៈរលាកស្រទាប់បំពង់អាហារដោយសារច្រាលទឹកអាស៊ីដក្រពះ។
ម្យ៉ាងទៀត យ៉ាអួរមានផ្ទុកនូវសារធាតុប្រូបាយអូទិកដែលជាបាក់តេរីល្អជួយដល់ដំណើរការរំលាយអាហារ និងដំណើរការស្រូបយកសារធាតុចិញ្ចឹម។ យ៉ាអួរក៏សម្បូរទៅដោយប្រូតេអ៊ីន ដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារដែរ។
៥. បន្លែបៃតង
បន្លែបៃតងសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម។ ម៉្យាងទៀតបន្លែបៃតងក៏មានជាតិអាល់កាឡាំងផងដែរ ដែលមានន័យថា បន្លែបៃតងមិនមានផ្ទុកអាស៊ីដដែលធ្វើឱ្យរលាកផ្លូវរំលាយអាហាររបស់យើង។
៦. ខ្ញី
ខ្ញីជាអាហារប្រឆាំងនឹងការរលាក និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្មដែលអាចជួយសម្រួលបញ្ហារលាកស្រទាប់បំពង់អាហារ និងក្រពះ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៧. បន្លែមើម
បន្លែមើមដូចជាដំឡូងជ្វាជាដើមមានជាតិសរសៃច្រើន ដែលត្រូវការពេលយូរក្នុងការរំលាយ និងអាចជួយស្រូបអាស៊ីដក្នុងក្រពះ។ បន្លែមើមក៏មានសារធាតុចិញ្ចឹមជាច្រើនដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ និងវីតាមីន ហើយមានកាឡូរីទាប។
៨. អង្ករសម្រូប
អង្ករសម្រូបសម្បូរទៅដោយកាបូអ៊ីដ្រាតស្មុគស្មាញ និងជាតិសរសៃជាងអង្ករសម្រិតដែលជួយដល់ការរំលាយអាហារ និងអាចជួយស្រូបយកជាតិអាស៊ីដក្នុងក្រពះ។
៩. ចេក
ចេកមានកម្រិត pH ៥,៦ ដែលធ្វើឱ្យចេកជាជម្រើសអាហារដ៏ល្អសម្រាប់អ្នកដែលមានជំងឺច្រាលទឹកអាស៊ីដក្រពះ។
១០. ឪឡឹក និងត្រសក់ស្រូវ
ឪឡឹក និងត្រសក់ស្រូវមានជាតិអាស៊ីដទាបដែលមានកម្រិត pH ជាមធ្យម ៦,១ និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម បេតាការ៉ូទីន ម៉ាញ៉េស្យូម និងជាតិសរសៃជាដើម ដែលអាចកាត់បន្ថយជាតិអាស៊ីដ ហើយជួយផ្សះក្រពះ។
១១. គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើសម្បូរទៅដោយសារធាតុរ៉ែ និងខ្លាញ់ល្អ។ គ្រាប់វ៉ុលណាត់មានកម្រិត pH ខ្ពស់ ហើយមានជាតិអាល់កាឡាំង ដែលអាចប្រឆាំងនឹងការច្រាល់ទឹកអាស៊ីដក្រពះដោយបន្សាបអាស៊ីដក្នុងក្រពះ។ ឯគ្រាប់អាល់ម៉ុនមានផ្ទុកជាតិអាល់កាឡាំង ប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។
១២. ទឹកឃ្មុំ
ទឹកឃ្មុំមានគុណសម្បត្តិក្នុងការប្រឆាំងនឹងការរលាក ដែលអាចជួយកាត់បន្ថយអាការៈក្រហាយទ្រូង។ តាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកឃ្មុំអាចជួយពង្រឹងសាច់ដុំកក្រពះដែលអាចជួយទប់ទឹកអាស៊ីដក្រពះមិនឱ្យច្រាលចូលបំពង់អាហារ។
១៣. ទឹកប្រទាលកន្ទុយក្រពើ
ទឹកប្រទាលកន្ទុយក្រពើមានអាល់កាឡាំង និងទឹកដែលអាចជួយសម្រាលអាការៈច្រាលទឹកអាស៊ីដក្រពះ ព្រមទាំងអាចកាត់បន្ថយការរលាកទៀតផង។
ច្រាលទឹកអាស៊ីដក្រពះក៏បណ្តាលមកពីអាហារមួយចំនួនដែរ ដូច្នេះយើងគួរចៀសវាងគ្រឿងស្រវឹង ភេជ្ជៈមានជាតិហ្គាស កាហ្វេអ៊ីន ឬភេសជ្ជៈមានជាតិស្ករខ្ពស់ ក៏ដូចជាអាហារដែលមានជាតិខ្លាញ់ ជូរ និងហឹរជាដើម។
គួរអាន៖
- ញុំាទឹកក្រូចឆ្មារល្អចំពោះសុខភាព តែគួរញ៉ាំក្រោយបាយ
- សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ
- ចៀសបានប៉ុន្មានរឿងនេះ មិនព្រួយឈឺក្រពះ-ពោះវៀន
- រឿង ៤យ៉ាង គួរធ្វើ ដើម្បីសុខភាពប្រព័ន្ធរំលាយអាហារ
- ឆ្ងល់អត់ ក្រោយញ៉ាំអាហារហឹរ ម៉េចចេះតែចុកពោះ?
- អាហារទាំង៥យ៉ាង ដោះស្រាយក្លិនមាត់មិនល្អចេញពីក្រពះ
[embed-health-tool-bmr]