ជំងឺដំបៅក្នុងក្រពះ ភាគច្រើនមិនធ្វើឲ្យអ្នកជំងឺហូរឈាមស្រស់ៗមកតាមលាមកទេ ដោយសារតែចម្ងាយពីក្រពះមករន្ធគូទឆ្ងាយ ហើយឈាមត្រូវហូរកាត់តាមប្រព័ន្ធរំលាយអាហារនេះមកឆ្ងាយ។ ដោយសារតែឈាមហូរមកឆ្ងាយ ទើបធ្វើឲ្យឈាមដោយសារដំបៅក្រពះត្រូវរលាយចូលក្នុងលាមក ដែលធ្វើលាមកមានពណ៌ក្រម៉ៅខ្លាំង។ គ្រូពេទ្យហៅលាមកប្រភេទនេះថា ‘melena’ ហើយវាក៏មានក្លិនអាក្រក់ខ្លាំងដែរ។ តែទោះជាយ៉ាងណាក្ដី អ្នកជំងឺត្រូវប្រុងប្រយ័ត្នជាមួយឈាមដោយសារដំបៅក្រពះ ដោយសារយើងពិបាកពិនិត្យរកមើលឈាមនេះណាស់។
ជំងឺដំបៅក្រពះអាចបណ្ដាលមកពីមូលហេតុជាច្រើន ប៉ុន្តែមូលហេតុចម្បងគឺដោយសារតែអ្នកជំងឺមិនព្រមញ៉ាំអាហារ ឬញ៉ាំអាហារហឹរច្រើន អាហារក្ដៅខ្លាំង និងមានជាតិអាស៊ីដ។ មូលហេតុមួយផ្សេងទៀតនៃជំងឺដំបៅក្រពះគឺជំងឺដុំក្នុងពោះវៀនផលិត ហ្កាស់ស្រ្ទីនច្រើន គេហៅវាថា Zollinger–Ellison syndrome។ ការលេបថ្នាំ NSAIDs ជាប្រចាំ ក៏អាចបណ្ដាលឲ្យមានហូរឈាមក្នុងក្រពះដែរ ដោយសារថ្នាំប្រភេទនេះ ទៅធ្វើឲ្យប៉ះពាល់ដល់ជញ្ជាំងការពាររបស់ក្រពះ។

កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
ជំងឺរលាកពោះវៀន (Inflammatory Bowel Diseases – IBDs)
ជំងឺរលាកពោះវៀនមាន ជំងឺក្រូន (Crohn’ disease) និងជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺនេះធ្វើឲ្យរលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ។ ជំងឺនេះបណ្ដាលមកពីមូលហេតុស្មុគស្មាញពាក់ព័ន្ធជាមួយបញ្ហាហ្សែន បញ្ហាប្រព័ន្ធការពាររាងកាយ ទៅវាយប្រហារសរីរាង្គតូចៗក្នុងពោះវៀន នឹងអាចដោយសារមូលហេតុបរិយាកាសជុំវិញមួយចំនួនផ្សេងទៀត។ ជំងឺរលាកពោះវៀន (IBDs )អាចធ្វើឲ្យអ្នកជំងឺឈឺដុនដាប និងដោយសារវាធ្វើឲ្យរលាកជញ្ជាំងពោះវៀន ដូចនេះវាអាចបណ្ដាលឲ្យអ្នកជំងឺហូរឈាម ជាប់ក្នុងលាមករបស់អ្នកជំងឺ។ IBDs អាចធ្វើឲ្យអ្នកជំងឺប្រឈមមុខជាមួយជំងឺមហារីកពោះវៀន ជាពិសេសអ្នកកើតជំងឺ Ulcerative Colitis។
ដុំប៉ូលីបក្នុងពោះវៀន (Bowel Polyps)
Bowel polyps ឬហៅម្យ៉ាងទៀតថា colon polyps គឺជាជាលិកាតូចដុះចេញពីជញ្ជាំងរបស់ពោះវៀនធំ ឬរន្ធលាមក។ ប៉ូលីបភាគច្រើនមានទំហំតូច ជាទូទៅតូចជាង ១សង់ទីម៉ែត្រ ប៉ុន្តែករណីខ្លះវាអាចធំជាងនេះ។ ប៉ូលីបអាចមានច្រើនសណ្ឋាន វាអាចមានរាងដូចដុំកូនកណ្ដុរ អាចដូចជាជំងឺសិរមាន់ អាចដូចចង្កោមទំពាំងបាយជូរ ឬផ្សិតចង្កោមជាដើម។ អ្នកជំងឺខ្លះមានប៉ូលីបតែមួយ តែអ្នកខ្លះទៀតអាចមានច្រើន។ ប៉ូលីបភាគច្រើនមិនបង្កគ្រោះថ្នាក់ឡើយ ហើយភាគច្រើនវាមិនលេចចេញជារោគសញ្ញាអ្វីឡើយ ដែលភាគច្រើនអ្នកជំងឺរកឃើញវាដោយចៃដន្យ។ ប៉ុន្តែបើទុកប៉ូលីបនេះឲ្យដុះកាន់តែយូរ វាអាចប្រែក្លាយទៅជាជំងឺមហារីកពោះវៀនបាន។ ហេតុនេះហើយបានជាគេណែនាំឲ្យអ្នកជំងឺកាត់វាចេញ ពេលដឹងថាមាន។ ដោយសារតែវាដុះក្នុងបំពង់ពោះវៀន ហើយរារាំងផ្លូវលាមក ជាហេតុអាចធ្វើឲ្យមានការហូរឈាមពេលលាមកកកិតជាមួយវា។