ការវះកាត់ខ្នែងពោះវៀនជាវិធីព្យាបាល់រលាកខ្នែងពោះវៀនដ៏មានប្រសិទ្ធិភាព ប៉ុន្តែរបបអាហារក្រោយពេលវះកាត់ក៏សំខាន់ណាស់ដែរ ព្រោះអាហារមួយចំនួនអាចបង្កើនល្បឿននៃការជាសះស្បើយ និងការពារកុំឱ្យយើងឆ្លងមេរោគ។ អ៊ីចឹងបន្ទាប់ពីវះកាត់ខ្នែងពោះវៀនរួច យើងគួរញុំាអាហារបែបណា?
១. អាហាររាវ និងមានរសជាតិស្រាល
យើងត្រូវញុំាអាហាររាវៗ និងរសជាតិស្រាល ព្រោះអាហារបែបនេះងាយរំលាយ មិនបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារ និងមិនបណ្តាលឱ្យយើងចង្អោរ ឬក្អួត។
· ទឹកស៊ុប៖ សម្បូរទៅដោយសារធាតុចិញ្ចឹម។ យើងអាចញុំាម្តងបន្តិចៗដើម្បីចៀសវាងការចង្អោរ ឬក្អួត។ ប្រូតេអ៊ីននៅក្នុងទឹកស៊ុបអាចជួយឱ្យយើងមានកម្លាំងឡើងវិញ។
· ស៊ុបល្ពៅ ការ៉ុត ឬបន្លែ៖ សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន និង បេតាការ៉ូទីន។ បេតាការ៉ូទីនត្រូវបានបំប្លែងទៅជាវីតាមីន A ដែលជួយជំរុញដំណើរការជាសះរបួស។
· យ៉ាអួ៖ ជាអាហារងាយរំលាយ និងមានបាក់តេរីល្អដែលជួយដល់ប្រព័ន្ធរំលាយអាហារយើង។ យើងគួរញុំាយ៉ាអួដែលមានជាតិស្ករតិចព្រោះងាយរំលាយជាងយ៉ាអួមានជាតិស្ករធម្មតា។
២. ញុំាអាហារពីគ្រប់ក្រុមអាហារ
ពីរបីថ្ងៃបន្ទាប់ពីការវះកាត់ខ្នែងពោះវៀន យើងអាចចាប់ផ្តើមញុំាអាហារដូចធម្មតាវិញបានហើយ ព្រោះយើងនឹងធូរពីអាការៈដូចជា ឈឺពោះ ចង្អោរ ឬក្អួត។ យើងអាចចាប់ផ្តើមញុំារបបអាហារតាមធម្មតាបន្តិចម្តងៗ ប៉ុន្តែយើងត្រូវញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹមពីគ្រប់ក្រុមអាហារដូចជា គ្រាប់ធញ្ញជាតិ សាច់ បន្លែ ផ្លែឈើ ត្រី ស៊ុត និងសណ្តែកជាដើម ដើម្បីឱ្យរាងកាយយើងឆាប់ជាសះស្បើយ។
៣. ញ៉ាំអាហារជំរុញការការជាសះស្បើយ
អាហារសម្បូរប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់អាចជំរុញល្បឿនជាសះស្បើយពីមុខរបួស និងជួយឱ្យយើងមានកម្លាំងឡើងវិញ។
• ប្រូតេអ៊ីន៖ ជួយជំរុញការផលិតខូឡាជែនដើម្បីបង្កើតជាលិកាភ្ជាប់សម្រាប់បំពេញចន្លោះនៅមុខរបួស។ អាហារសម្បូរប្រូតេអ៊ីនរួមមាន ត្រី សាច់មាន់ តៅហ៊ូ សណ្តែក ស៊ុត។
• កាបូអ៊ីដ្រាត៖ ជួយឱ្យយើងមានកម្លាំង និងជួយជួសជុលសរសៃឈាម។ យើងអាចទទួលបានកាបូអ៊ីដ្រាតពីផ្លែឈើ បន្លែ អង្ករសម្រូប និងគ្រាប់ធញ្ញជាតិ។
• ខ្លាញ់៖ រាងកាយយើងត្រូវការខ្លាញ់ដើម្បីរក្សាភ្នាសកោសិកាឱ្យរឹងមុំា។ យើងអាចញុំាខ្លាញ់ដែលល្អចំពោះសុខភាពដូចជា ប្រេងអូលីវ គ្រាប់ផ្លែឈើ និងផ្លែបឺរ។
ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន និងសារធាតុរ៉ែអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង អាចជួយកាត់បន្ថយហានិភ័យឆ្លងមេរោគ ព្រមទាំងជួយឱ្យយើងឆាប់ជាសះស្បើយលឿន។
· ស័ង្កសី៖ ជួយពង្រឹងប្រព័ន្ធភាពស៊ាំដោយជំរុញការផលិតកោសិកាឈាមស។ ស័ង្កសីសម្បូរនៅក្នុងទឹកដោះគោ គ្រឿងសមុទ្រ គ្រាប់ផ្លែឈើ សណ្តែក និងគ្រាប់ធញ្ញជាតិ។
· វីតាមីន A៖ អាចជួយការពារការឆ្លងមេរោគ។ វីតាមីន A សម្បូរនៅក្នុងបន្លែបៃតង ការ៉ុត ម្ទេសហាវៃពណ៌ក្រហម។
· វីតាមីន C៖ ជួយបង្កើតអង្គបដិប្រាណដែលប្រឆាំងនឹងបាក់តេរី និងវីរុស ព្រមទាំងជួយឱ្យរបួសឆាប់ជា។ វីតាមីន C សម្បូរនៅក្នុងផ្លែឈើអម្បូរក្រូច ត្រសក់ស្រូវផ្អែម បន្លែបៃតង។
• វីតាមីន E៖ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងជួយការពាររចនាសម្ព័ន្ធកោសិកា។ វីតាមីន E សម្បូរនៅក្នុងគ្រាប់អាល់ម៉ុន ស្ពៃពួយឡេង និងផ្លែប័រ ជាដើម។
បន្ទាប់ពីវះកាត់ខ្នែងពោះវៀន យើងមិនត្រូវញុំាគ្រឿងស្រវឹង អាហារមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ទេ រហូតទាល់តែយើងជាសះស្បើយ។ លើសពីនេះទៅទៀត យើងត្រូវញុំាអាហារសម្បូរជាតិសរសៃដូចជា បន្លែ ផ្លែឈើដើម្បីការពារការទល់លាមក។
គួរអាន៖
- ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ កុំប្រហែស
- Infectious colitis (ជំងឺរលាកពោះវៀនធំដោយសារបង្ករោគ)
- សញ្ញាទាំងនេះ បញ្ជាក់ថាពោះវៀនមានបញ្ហាហើយ
- អាការៈឈឺពោះវៀនធំទាំង៦ អាចជាសញ្ញាបញ្ហាសុខភាពធ្ងន់ធ្ងរ
- ទម្លាប់ប្រចាំថ្ងៃទាំង៤នេះ អាចបំផ្លាញសុខភាពពោះវៀន
- ចង់ដឹងសុខភាពពោះវៀនល្អ ឬអត់ ពិនិត្យលើចំណុចទាំងនេះ
[embed-health-tool-bmr]