backup og meta

ប្រការគួរធ្វើដើម្បីថែលំពែងឱ្យមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 14, 2022

    ប្រការគួរធ្វើដើម្បីថែលំពែងឱ្យមានសុខភាពល្អ

    លំពែងជាសរីរាង្គដែលស្ថិតនៅពីក្រោយក្រពះ និងមានទំហំប៉ុនក្តាប់​ដៃដែលមាន​នាទីផលិត​អង់ស៊ីម​ជួយដល់ការរំលាយអាហារ និងផលិតអាំង​ស៊ុយលីន​ដែលជាអ័រម៉ូន​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ដើម្បីឱ្យលំពែង​មានសុខភាពល្អ យើងគួរធ្វើអ្វីខ្លះ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចថែលំពែងឱ្យមានសុខភាពល្អ៖

    ១. ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម

    យើងគួរឧស្សាហ៍ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា អាហារមានផ្ទុកវីតាមីន E វីតាមីន C និងសេលេញ៉ូមដើម្បីកាត់បន្ថយ​ហានិភ័យរលាកលំពែង។

    អាហារសម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្មមានដូចជា ទំពាំងបាយជូ ប៊្លូបឺរី គ្រាប់ផ្លែឈើ បន្លែបៃតង ផ្លែឈើអម្បូរក្រូច ដំឡូងជ្វា សណ្តែក គ្រាប់ធញ្ញជាតិ និងតែបៃតងជាដើម។

    ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់

    យើងត្រូវញុំាទឹក ៨-១០ កែវក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ ការខ្វះជាតិទឹកក្នុងខ្លួន​អាចបង្កើន​ការរលាកលំពែង ព្រោះកោសិកាលំពែងត្រូវការជាតិទឹកជាប្រចាំ។

    ៣. ហាត់ប្រាណឱ្យបានទៀង

    តាមការសិក្សាបានឱ្យដឹងថា អ្នកធាត់លើសគីឡូអាចងាយនឹងមានគ្រួស​ក្នុងថង់ទឹកប្រមាត់ដែល​ប្រឈម​មុខនឹងជំងឺរលាកលំពែងស្រួចស្រាវ។ ការហាត់ប្រាណអាចជួយរក្សា ឬកាត់បន្ថយទម្ងន់ ដែល​ជួយឱ្យលំពែងយើងដំណើរការ និងមានសុខភាពល្អជាងមុន។

    ៤. គ្រប់គ្រងទម្ងន់

    នៅពេលយើងលើសទម្ងន់ លំពែងនឹងត្រូវធ្វើការធ្ងន់​ដើម្បីផលិតអាំង​ស៊ុយលីន​បន្ថែម​សម្រាប់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម និងធ្វើឱ្យរាងកាយយើងមានថាមពល។

    ៥. ចៀសវាងជក់បារី

    តាមការសិក្សាដែលចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ របស់ស្សនាវដ្តី Pancreatology បាន​បាន​ឱ្យដឹងថា អ្នកជក់បារីមានហានិភ័យកើតជំងឺរលាកលំពែងច្រើនជាងអ្នកមិនជក់បារីដល់ទៅ ១,៥ ដង។

    ឈប់ជក់បារី

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនាមហារីកសួត ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៦. ចៀសវាងគ្រឿងស្រវឹង

    ការញុំាគ្រឿងស្រវឹង​អាចធ្វើឱ្យលំពែងធ្វើការធ្ងន់ជាងមុន រលាក និង​ខូច។ លើសពីនេះទៅទៀត បើ​យើង​ញុំាគ្រឿងស្រវឹង​ច្រើន លំពែងរបស់យើងអាចនឹងរលាករុំារ៉ៃ។

    ៧. ចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់

    យើងគួរចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ដូចជា អាហារបំពង សាច់​ជាប់ខ្លាញ់ ប័រ ឬឈឺស​ជាដើមដែលពិបាកក្នុងការរំលាយ ហើយ​ងាក​មក​ញុំាអាហារសម្បូរខ្លាញ់ល្អដូចជា គ្រាប់ផ្លែឈើ ប្រេងអូលីវ ផ្លែបឺរ គ្រាប់​ឈៀ ឬត្រីសាល់ម៉ុនវិញ។

    ៨. កុំសម្រកទម្ងន់លឿនពេក

    តាមការសិក្សាបានឱ្យដឹងថា ពេលណាយើងស្រកទម្ងន់លឿនពេក ថ្លើមនឹង​បង្កើនការ​ផលិត​កូលេស្តេរ៉ុល​ដើម្បីឆ្លើយតបដែលបណ្តាលឱ្យយើង​មាន​ហានិភ័យខ្ពស់ក្នុងការមាន​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ហើយបង្កជាជំងឺរលាកលំពែង។

    ៩. ជៀសវាងញុំាអាហារពេលយប់ជ្រៅ

    លំពែង​មិន​​ផលិត​អង់ស៊ីម​ដើម្បីរំលាយ​អាហារ​នៅ​ពេល​យប់ជ្រៅ​ទេ។ ដូច្នេះ​ការ​ញ៉ាំ​អាហារ​នៅពេល​យប់ជ្រៅអាចបន្ថែម​សម្ពាធ​ដល់លំពែង​ បណ្តាល​ឱ្យមានការមិនរំលាយអាហារ និងធ្វើឱ្យយើងឡើង​ទម្ងន់​។

    ៩. កាត់បន្ថយតែ និងកាហ្វេ

    ការញុំាតែ និងកាហ្វេច្រើនពេកអាចបង្កើនជាតិអាស៊ីដក្នុងក្រពះ និងបណ្តាលឱ្យរលាកលំពែង។ យើង​គួរញុំាភេជ្ជៈគ្មានជាតិកាហ្វេអ៊ីនដូចជា ទឹកដូង ទឹកអំពៅ ឬទឹកក្រូចស្រស់ជំនួសវិញ។

    ១០. កាត់បន្ថយអាហារមានជាតិស្ករ និងម្សៅច្រើន

    នៅពេលយើងញុំាអាហារមានជាតិស្ករ និងម្សៅច្រើន លំពែងនឹងត្រូវធ្វើការធ្ងន់​ដើម្បី​ផលិត​អាំងស៊ុយលីន​បន្ថែមសម្រាប់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ យើងគួរញុំាជាតិស្ករពីផ្លែឈើ ឬ​បន្លែវិញទើបល្អចំពោះសុខភាពលំពែង។

    ការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារអាចជួយឱ្យលំពែងយើងមានសុខភាពល្អ។ ទន្ទឹមនឹងនោះ យើងក៏គួរកាត់បន្ថយអាហារកែច្នៃ និងអាហារ​ហ្វាសហ្វូតដូចជា ហតដក ប្រហិត ឬបឺហ្គឺជាដើមដែរ។

    អត្ថបទគួរអាន៖

    ចំំណុចសំខាន់

    ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចថែលំពែងឱ្យមានសុខភាពល្អ៖
    • ចៀសវាងគ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹងអាចបណ្តាលឱ្យលំពែងរលាក
    • ចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ ព្រោះពិបាករំលាយ
    • ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីជួយរក្សា ឬកាត់បន្ថយទម្ងន់ដែល​ជួយឱ្យលំពែងដំណើរការល្អ
    • កុំសម្រកទម្ងន់លឿនពេកព្រោះអាចនឹងបណ្តាល​ឱ្យមានគ្រួសក្នុង​ថង់​ទឹកប្រមាត់ ហើយបង្កជាជំងឺរលាកលំពែង
    • ជៀសវាងញុំាអាហារពេលយប់ជ្រៅ ដោយសារលំពែងមិនផលិតអង់ស៊ីមដើម្បីរំលាយអាហារនៅ​ពេលយប់ជ្រៅទេ
    • ចៀសវាងជក់បារី ព្រោះការជក់បារីបង្កើន​ហានិភ័យ​រលាកលំពែង
    • ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បី​កាត់បន្ថយ​ហានិភ័យរលាកលំពែង
    • ញុំាទឹកឱ្យបានគ្រប់គ្រាន់ព្រោះកោសិកាលំពែងត្រូវការជាតិទឹកជាប្រចាំ
    • កាត់បន្ថយតែ និងកាហ្វេ ដោយសារការញុំាតែនិងកាហ្វេច្រើនអាចបង្កើនជាតិអាស៊ីដក្នុងក្រពះ និងបណ្តាលឱ្យរលាកលំពែង
    • កាត់បន្ថយអាហារមានជាតិស្ករ និងម្សៅច្រើន ព្រោះអាហារទាំងនេះធ្វើឱ្យលំពែងធ្វើការធ្ងន់
    • គ្រប់គ្រងទម្ងន់ព្រោះលើសទម្ងន់ធ្វើឱ្យលំពែងធ្វើការធ្ងន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម