និយមន័យ
១- អ្វីជាជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល?
ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល ជាប្រភេទ ជំងឺបាក់ទឹកចិត្ត កើតឡើងក្រោយពេលសម្រាលរួច ហើយអាចកើតឡើងបានគ្រប់ពេលអំឡុងពេលឆ្នាំទី ១ បន្ទាប់ពីសម្រាល។ យ៉ាងណា ជំងឺនេះកើតឡើងញឹកញាប់បំផុត គឺអំឡុង ៣ សប្តាហ៏ដំបូង ក្រោយពេលសម្រាលកូនរួច។
បើមានជំងឺបាក់ទឹកចិត្តក្រោយសម្រាល អាចមានអារម្មណ៍សោកសៅ មិនសប្បាយចិត្ត អស់សង្ឃឹម និងមានអារម្មណ៍ គ្រប់យ៉ាងជាកំហុសខ្លួន ដោយសារតែយើងមានអារម្មណ៍ មិនចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូន ឬមិនចង់ថែទាំកូន។
ជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាល មិនមែនកើតឡើងតែលើស្រីៗទើបសម្រាលកូនលើកទី ១ នោះទេ គឺយើងអាចមានជំងឺនេះ ដូចគ្នាក្រោយពេលសម្រាលកូនលើកទី ២ លើកទី ៣ ទោះបីជាក្រោយពេលសម្រាលកូនដំបូង មិនមានជំងឺនេះក៏ដោយ។
២- បាក់ទឹកចិត្តក្រោយសម្រាលកើតឡើងញឹកញាប់ប៉ុណ្ណា?
យោងទៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង នៅអាមេរិក ស្រីៗសម្រាលកូនរួច ចន្លោះពី ១១-២០ ភាគរយមានរោគសញ្ញាជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ យ៉ាងណាមិញ តួរលេខកើត ជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តដទៃ ចំពោះស្រីៗ និងប្រុសៗ អាចមានច្រើនជាងនេះ បើធៀបទៅនឹងជំងឺរួមផ្សំដទៃ ដូចជា ជំងឺរបេង ជំងឺមហារីកគ្រាប់ឈាម ជំងឺ Multiple sclerosis ជំងឺ Parkinson ជំងឺវង្វេងវង្វាន់ ជំងឺសើស្បែក Lupus និងជំងឺឆ្កួតជ្រូក ជាដើម។ សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលមានរោគសញ្ញាអ្វីខ្លះ?
មិនខុសគ្នាពីជំងឺបាក់ទឹកចិត្តធម្មតានោះទេ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល គឺមានរោគសញ្ញាដូចគ្នា ហើយករណីបើយើងប្រទះឃើញរោគសញ្ញាខាងក្រោមដល់ទៅ ៥ ឬលើសពីរយៈពេល ២ សប្តាហ៍ជាប់គ្នា មានន័យថាយើងមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលមិនខាន៖
– ពិបាកចិត្ត សោកសៅខ្លាំង មានអារម្មណ៍ទទេស្អាតដូចគ្មានអ្វីក្នុងខ្លួន ឬអស់សង្ឃឹមក្នុងជីវិត
– យំស្ទើរតែគ្រប់ពេល
– បាត់បង់ចំណាប់អារម្មណ៍រាល់សកម្មភាពធ្លាប់ចូលចិត្តពីមុន
– គេងមិនលក់ពេលយប់ ឬងងុយគេងខ្លាំងពេលថ្ងៃ
– មិនឃ្លានអាហារ ឬញ៉ាំច្រើនជ្រុល
– ស្រក ឬឡើងគីឡូខ្លាំង
– មានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ឬអ្វីគ្រប់យ៉ាងសុទ្ធតែជាកំហុសខ្លួន
– រសាប់រសល់ នៅមិនសុខក្នុងខ្លួន ឬធ្វើការយឺតៗ
– ពិបាកផ្ចង់អារម្មណ៍ធ្វើអ្វីមួយ ឬពិបាកសម្រេចចិត្តរឿងអ្វីមួយ
– មានអារម្មណ៍ថាជីវិតគ្មានតម្លៃ
រោគសញ្ញាមួយចំនួនទៀត ក៏អាចកើតមានផងដែរដូចជា៖
– ទើសគ្រប់រឿង ឬក៏ឆាប់ខឹង
– គេចមុខសមាជិកគ្រួសារ ឬមិត្តភក្តិ
– បារម្ភពីកូនជ្រុល
– មិនចាប់អារម្មណ៍នឹងកូនខ្លួនឯង ឬមិនអាចថែទាំកូនខ្លួនបាន
– មានអារម្មណ៍ថាហត់នឿយ អស់កម្លាំងខ្លាំង មិនអាចក្រោកពីគ្រែគេង (ពេលខ្លះត្រូវចំណាយពេលរាប់ម៉ោងទើបក្រោកពីគ្រែបាន)។
ក្នុងករណីកម្រមួយចំនួន ស្រីៗជំងឺបាក់ទឹកចិត្តក្រោយសម្រាល អាចនឹងមានកកើតគំនិត ឬជំនឿខុសពីការពិត ឬក៏ស្រមើស្រមៃខុសប្រក្រតីណាមួយ ថែមទាំងអាចនាំគ្រោះថ្នាក់ដល់កូនខ្លួនទៀតផង។
កំណត់សម្គាល់៖ បើមានគំនិតចង់ធ្វើបាបខ្លួន ឬក៏កូន មានន័យថា យើងស្ថិតក្នុងកម្រិតសង្គ្រោះបន្ទាន់ហើយ គប្បីរួសរាន់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
យ៉ាងណាមិញ ជំងឺបាក់ទឹកចិត្តប្រភេទនេះ អាចនឹងមានរោគសញ្ញាមួយចំនួនផ្សេងទៀតមិនបានរៀបរាប់ខាងលើ។ ហេតុនេះ បើមានមន្ទិលសង្ស័យទាក់នងរោគសញ្ញាណាមួយ គប្បីទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានអារម្មណ៍បាក់ទឹកចិត្តក្រោយសម្រាលកូន អាចនឹងមិនចង់ទទួលស្គាល់ការពិត ឬមានអារម្មណ៍ខ្មាសអៀន។ យ៉ាងណាមិញ ក្នុងករណីមានអាការៈណាមួយដូចបានរៀបរាប់ខាងលើ គប្បីរួសរាន់ទាក់ទងទៅគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ក៏ដូចជាព្យាបាលបានទាន់ពេលវេលា។ មួយវិញទៀត ត្រូវស្វែងរកជំនួយជាបន្ទាន់ បើយើងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណាមួយ ដូចជា មានជំនឿខុសពីការពិត ឬស្រមើស្រមៃខុសប្រក្រតី។
ប្រញាប់ទាក់ទងទៅគ្រូពេទ្យ ក្នុងករណីប្រទះឃើញរោគសញ្ញាណាមួយដូចខាងក្រោមនេះ៖
– រោគសញ្ញាលើសពី ២សប្តាហ៍
– រោគសញ្ញាកាន់តែធ្ងន់ធ្ងរ
– ពិបាកថែទាំកូនដោយខ្លួនឯង
– ពិបាកធ្វើការងារប្រចាំថ្ងៃ
– មានគំនិតធ្វើបាបរាងកាយខ្លួន ឬធ្វើបាបកូន។
មូលហេតុបង្ក
៥- មូលហេតុនាំឲ្យកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលមានអ្វីខ្លះ?
មកទល់នឹងពេលនេះ នៅមិនទាន់មានការសិក្សាណា អាចបង្ហាញពីមូលហេតុបង្កឲ្យកើតជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ច្បាស់លាស់នៅឡើយ។ យ៉ាងណា គេជឿថាកត្តាផ្លូវកាយ និងផ្លូវអារម្មណ៍មួយចំនួន គឺរួមចំណែកធ្វើឲ្យយើងមានបញ្ហាបាក់ទឹកចិត្តនេះ ដូចជា៖
– បម្រែបម្រួលរាងកាយ៖ ក្រោយពេលសម្រាលកូន ដោយសារកម្រិតបរិមាណអ័រម៉ូន អឺស្ត្រូសែន និងប្រូសេស្តេរ៉ូន ក្នុងរាងកាយធ្លាក់ចុះយ៉ាងខ្លាំង គឺអាចជាកត្តារួមចំណែក ធ្វើឲ្យយើងមានជំងឺនេះ។ លើសពីនេះ អ័រម៉ូនមួយចំនួនទៀត បញ្ចេញដោយក្រពេញទីរ៉ូអ៊ីត ក៏នឹងធ្លាក់ចុះជាលំដាប់ ធ្វើឲ្យយើងកាន់តែមានអារម្មណ៍អស់កម្លាំង ទន់ខ្សោយ ស្ទក់ៗ និងបាក់ទឹកចិត្ត។
– បញ្ហាផ្លូវចិត្ត៖ នៅពេលយើងគេងមិនគ្រប់ មានអារម្មណ៍មិនល្អ អាចនឹងមានបញ្ហាចំពោះការងារស្ទើរតែគ្រប់រឿងសូម្បីតែរឿងបន្តិចបន្តួចក៏ដោយ អាចនឹងមានអារម្មណ៍ភ័យព្រួយ ខ្វល់ខ្វាយពីរឿងថែទាំកូនដោយខ្លួនឯង ហើយក៏អាចមានអារម្មណ៍ ខ្លួនមិនស្អាតដូចពីមុន ពិបាកនឹងទទួលស្គាល់អត្តសញ្ញាណខ្លួនឯង ឬមានអារម្មណ៍លែងម្ចាស់ការលើជីវិតខ្លួនឯងដូចមុន។ បញ្ហាទាំងនេះសុទ្ធតែអាចរួមចំណែក ធ្វើឲ្យកើតជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺបាក់ទឹកចិត្តក្រោយសម្រាលមានអ្វីខ្លះ?
មានកត្តាជាច្រើន ធ្វើឲ្យស្រីៗកាន់តែប្រឈមកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាល ដូចជា៖
– មានប្រវិត្តកើត ជំងឺបាក់ទឹកចិត្ត ពីមុន មិនថាអំឡុងពេលពពោះ ឬពេលណាមួយនោះទេ
– មានជំងឺអារម្មណ៏ពីរផ្សេងគ្នា (Bipolar Disorder)
– មានជំងឺបាត់ទឹកចិត្តក្រោយសម្រាលពីមុន
– មានសមាជិកគ្រួសារធ្លាប់មានជំងឺបាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្តណាមួយ
– ធ្លាប់ជួបប្រទះព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តណាមួយពីមុន ដូចជា ធ្លាប់មានផលវិបាកជុំវិញការមានគភ៌ មានជំងឺ
ធ្ងន់ធ្ងរណាមួយ ឬគ្មានការងារធ្វើ
– កូនមានបញ្ហាសុខភាព ឬអសមត្ថភាពអ្វីមួយ
– ពិបាកបំបៅដោះកូន
– មានបញ្ហាទំនាក់ទំនងជាមួយស្វាមី ឬក៏ដៃគូ
– មានប្រព័ន្ធភាពស៊ាំខ្សោយ
– មានបញ្ហាលុយកាក់
– មានគភ៌ដោយមិនបានព្រៀងទុក ឬមិនទាន់ចង់មាន។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺបានទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាទូទៅ គ្រូពេទ្យនឹងធ្វើការប្រឹក្សា ក៏ដូចជាសួរនាំទាក់ទងទៅនឹងបញ្ហាផ្លូវអារម្មណ៍ ការគិត សុខភាពផ្លូវចិត្ត ដើម្បីបែងចែក ថាតើយើងគ្រាន់តែមានអារម្មណ៍ទាំងនោះបណ្តោះអាសន្ន ឬកំពុងតែមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ ព្យាយាមធ្វើចិត្ត កុំអៀនខ្មាស និយាយប្រាប់គ្រូពេទ្យរាល់អាការៈយើងកំពុងមាន ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ទៅតាមស្ថានភាពយើង។ ហើយអំឡុងពេលធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យអាចនឹង៖
– ឲ្យយើងបំពេញសំណួរទាក់ទងទៅនឹងការធ្វើតេស្តជំងឺបាក់ទឹកចិត្ត
– ធ្វើតេស្តឈាមមួយចំនួន ដើម្បីទាត់ចោលរាល់ជំងឺផ្លូវកាយដទៃ ដូចជា ជំងឺបង្កដោយក្រពេញទីរ៉ូអ៊ីត
- ធ្វើតេស្តមួយចំនួនទៀត ដើម្បីទាត់ចោលជំងឺផ្សេងៗក្នុងករណីចាំបាច់
ជាទូទៅ គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ក៏ដូចជាធ្វើការព្យាបាលជំងឺផ្លូវចិត្ត ដោយយោងទៅតាមសៀវភៅ DSM5 (Diagnostic and Statistical Manual of Mental Disorders) ដែលត្រូវបានបោះពុម្ភឲ្យប្រើប្រាស់ជាផ្លូវការណ៍ ដោយសមាគមគ្រូពេទ្យឯកទេសផ្នែកចិត្តសាស្ត្រអាមេរិក (American Psychiatric Association)។
៨- ព្យាបាលដោយវិធីណា?
មិនខុសគ្នាពីជំងឺបាក់ទឹកចិត្តធម្មតា វិធីព្យាបាលជំងឺបាក់ទឹកចិត្តក្រោយសម្រាល គឺដូចគ្នា។ បើយើងស្ថិតក្នុងកម្រិតស្រាល គ្រូពេទ្យនឹងបន្តធ្វើការតាមដានសិន ហើយតម្រូវឲ្យមកជួបពេទ្យ តាមការណាត់ឲ្យបានទៀងទាត់។ តែបើអាការៈស្ថិតក្នុងកម្រិតធ្ងន់ធ្ងរវិញ គ្រូពេទ្យនឹងធ្វើការព្យាបាលបែបចិត្តសាស្ត្រ ឬឲ្យប្រើប្រាស់ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត ឬប្រើវិធីព្យាបាលទាំងពីរតែម្តង។
វិធីព្យាបាលបែបចិត្តសាស្ត្រ ឬវិធីព្យាបាលបែបនិយាយ ប្រឹក្សាយោបល់ ធ្វើឡើងតាមរយៈការនិយាយគ្នាផ្ទាល់ រវាងអ្នកជំងឺ និងគ្រូពេទ្យ តែពីរអ្នកតទល់ ឬអាចជាក្រុម (សមាជិកក្នុងក្រុមមានអាការៈស្រដៀងៗគ្នា)។ ចំណែកឯការព្យាបាលជាគ្រួសារ ឬប្តីប្រពន្ធវិញ គ្រូពេទ្យតម្រូវឲ្យដៃគូ ក៏ដូចជាសមាជិកផ្សេងៗ មកទទួលយកការប្រឹក្សាជាមួយគ្នា។
រីឯព្យាបាលដោយថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត មាននាទីជួយផ្លាស់ប្តូរកម្រិតសារធាតុគីមីក្នុងខួរក្បាល ដែលបញ្ជាទៅផ្លូវអារម្មណ៍ ឲ្យស្ថិតក្នុងកម្រិតធម្មតា។ គប្បីពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីយល់ច្បាស់ពីការប្រើប្រាស់ថ្នាំ ទាំងនោះ និងដើម្បីជ្រើសរើសប្រភេទថ្នាំល្អបំផុតសម្រាប់យើង។ ជាទូទៅ ថ្នាំប្រភេទនេះ នឹងចាប់ផ្តើមមានប្រសិទ្ធិភាពចាប់ពីសប្តាហ៍ទី ៣-៤។
ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត អាចបង្កឲ្យមានផលប៉ះពាល់មួយចំនួន ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ បើជួបប្រទះផលប៉ះពាល់ណាមួយ ធ្វើឲ្យពិបាកបំពេញការងារប្រចាំថ្ងៃ ឬស្ថានភាពជំងឺមិនអន់ថយ និងកាន់តែធ្ងន់ធ្ងរវិញ សូមទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។
ការព្យាបាលបែបចិត្តសាស្ត្រ និងការប្រើប្រាស់ថ្នាំ អាចមិនមានប្រសិទ្ធិភាពក្នុងករណីធ្ងន់ធ្ងរមួយចំនួន។ ករណីបែបនេះ គ្រូពេទ្យនឹងណែនាំវិធីព្យាបាលមួយទៀត ឈ្មោះថា Electroconvulsive therapy ឬ ECT ជាវិធីព្យាបាលដោយប្រើអគ្គិសនីឆក់។ ព្យាបាលបែបនេះ ធ្វើឡើងតាមរយៈការបញ្ជូនចរន្តអគ្គិសនីទៅខួរក្បាល នៅពេលគ្នាយើងជំងឺស្ថិតក្នុងឥទ្ធិពលថ្នាំសន្តំ។ ជំនាញជឿជាក់ថា ការភ្ញោចទៅខួរក្បាល តាមរយៈចរន្តអគ្គិសនីបែបនេះ អាចធ្វើឲ្យកម្រិតសារធាតុគីមីក្នុងខួរក្បាល ប្រែមកកម្រិតធម្មតាវិញ ជាហេតុនាំឲ្យអាការៈជំងឺ អាចធូរស្បើយផងដែរ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបានដូចជា៖
– បង្កើតទម្លាប់រស់នៅប្រចាំថ្ងៃមានផាសុកភាព៖ ហាត់ប្រាណប្រចាំថ្ងៃ ដូចជានាំកូនដើរលេង គប្បីសម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារមានតុល្យភាព និងចៀសវាងរឿងផឹកស្រា។
– ព្យាយាមរំពឹងទុកអ្វីដែលអាចទៅរួច៖ កុំដាក់សម្ពាធខ្លួនឯងពេក ចៀសវាង ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង គប្បីកាត់បន្ថយការដាក់កំហិតឲ្យល្អឥតខ្ចោះលើការងារប្រចាំថ្ងៃ និងព្យាយាមធ្វើអ្វីដែលអាចធ្វើបានហើយ បណ្តោយការងារផ្សេងឲ្យអ្នកដទៃធ្វើចុះ។
– ទុកពេលវេលាសម្រាប់ខ្លួនឯង៖ បើមានអារម្មណ៍មិនល្អ គប្បីទុកពេលវេលាសម្រាប់លំហែចិត្តខ្លួនឯង អាចសាកល្បងចេញក្រៅផ្ទះ ទៅលេងមិត្តភក្តិ ដើរផ្សារ ឬទៅលេងកន្លែងណាមួយជាមួយប្តី ឬដៃគូ។
– ចៀសវាងការនៅម្នាក់ឯង៖ គប្បីនិយាយជាមួយប្តី ឬសមាជិកគ្រួសារ មិត្តភក្តិអំពីអារម្មណ៍យើងកំពុងមាន។ អាចសាកល្បងសួរទៅស្រីៗទើបសម្រាលកូនដទៃទៀត ពីបទពិសោធន៍ពាក់ព័ន្ធរឿងសម្រាលកូន។ នៅពេលយើងមិននៅតែឯង គឺអាចនឹងមានអារម្មណ៍សូរស្បើយបានមួយកម្រិតដែរ។
– ស្វែងរកជំនួយ៖ ព្យាយាមបើកចិត្តឲ្យទូលាយ ដើម្បីឲ្យមនុស្សជុំវិញខ្លួន អាចស្គាល់ពីយើងបានកាន់តែច្រើន និងគប្បីសុំជំនួយពីពួកគេ នៅពេលយើងត្រូវការ។ ពេលមានមនុស្សជួយមើលថែកូនយើង គួរតែយកពេលវេលាលំហែចិត្តកាយខ្លះ ក៏អាចប្រើពេលទាំងនោះ គេងមួយស្របក់ ទៅមើលកុនជាមួយមិត្តភក្តិ ដើរផ្សារ ក៏បាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕