គ្នាយើងជក់បារីច្រើនប្រកាន់ភ្ជាប់ទស្សនៈរួមមួយ បារីតែងជួយឲ្យបំបាត់ស្ត្រេស បង្កើនការផ្ចង់អារម្មណ៍ធ្វើការបានល្អ ដែលគ្រាន់ជាលេសមួយជំរុញទឹកចិត្តគ្នាយើងបន្តជក់បារី ទោះដឹងប៉ះពាល់ដល់សុខភាពច្រើនក៏ដោយ។ យ៉ាងណា ចំពោះទស្សនៈនេះ ត្រូវអ្នកវិទ្យាសាស្ត្រច្រានចោល ដោយអះអាង បារី មិនត្រឹមបង្កបញ្ហាសុខភាព បង្កើនហានិភ័យមហារីកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវចិត្តខ្លាំងទៀតផង។
១- ជក់បារីបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ
មកដល់ពេលនេះ គ្នាយើងមិនតិចទេ ដឹងច្រើនពីផលប៉ះពាល់ដោយការជក់បារី ចំពោះសុខភាពផ្លូវចិត្ដ។ បើជក់បារីច្រើន នោះប្រឈមមុខខ្ពស់ជាមួយជំងឺមហារីក និងជំងឺបេះដូង។ លើសពីនេះ ជក់បារីក៏បណ្ដាលឲ្យប៉ះពាល់ដល់ជីវិតរស់នៅ និងសុខភាពផ្លូវចិត្ដរបានផងដែរ។ កត្តាចម្បងពាក់ព័ន្ធបញ្ហាផ្លូវចិត្ត ដោយសារការជក់បារីបានដូចជា៖
– ញៀន៖ គ្នាយើងចំនួនបានគិតថា ការជក់បារីអាចជួយបង្កើនការផ្ចង់អារម្មណ៍ ជួយឲ្យធ្វើការងារបានល្អ។ ប៉ុន្តែភស្ដុតាងចំពោះទស្សនៈនេះ គេមិនយកជាផ្លូវការទេ។ នៅពេលយើងជក់បារី បរិមាណជាតិនីកូទីន នឹងជ្រៀបចូលក្នុងខួរក្បាលត្រឹមរយៈពេល ១០ វិនាទីប៉ុណ្ណោះ។ នៅរយៈពេលដំបូងៗ ជាតិនីកូទីន ជួយបង្កើនស្មារតី ការផ្ចង់អារម្មណ៍ ជួយឲ្យរងាប់កំហឹង និងកាត់បន្ថយស្ត្រេស បន្ធូរសាច់ដុំ កាត់បន្ថយចំណង់ញ៉ាំអាហារ ប៉ុន្តែបើជាតិនីកូអ៊ីនចូលក្នុងរាងកាយរៀងរាល់ថ្ងៃ នឹងធ្វើឲ្យមានបម្រែបម្រួលក្នុងខួរក្បាល បណ្ដាលឲ្យក្លាយទៅជាសញ្ញារើឡើងពេលខួរក្បាល ឈប់ទទួលបានជាតិនីកូទីន ឬទទួលបានមិនគ្រប់គ្រាន់។ ក្រៅពីនេះ ជក់បារី ក៏មានទាក់ទងជាមួយគ្នាទៅនឹងបញ្ហាសុខភាពផ្លូវចិត្ដ ដូចជា ជំងឺថប់បារម្ភ និងផឹកគ្រឿងស្រវឹងច្រើនជាដើម។
– ថ្នាំពេទ្យ៖ ជក់បារី បណ្ដាលឲ្យមានការរំខានដល់ប្រសិទ្ធភាពថ្នាំពេទ្យជាច្រើន ដូចជា ថ្នាំជំងឺវិកលចរឹត និងថ្នាំ ជំងឺបាក់ទឹកចិត្ដ ជាដើម។ វាធ្វើឲ្យប៉ះពាល់ដល់កម្រិតថ្នាំ នាំឲ្យថ្នាំមួយចំនួនយើងប្រើ ត្រូវបង្កើនកម្រិត ឬមានថ្នាំមួយចំនួនទៀតត្រូវបន្ថយកម្រិត ខណៈនៅមានថ្នាំមួយចំនួនផ្សេងទៀត នៅមិនទាន់បានដឹងពីផលប៉ះពាល់ នៅពេលរងឥទ្ធិពលពីជាតិនីកូទីនរបស់បារីនៅឡើយ។
– ស្ត្រេស និងជំងឺបាក់ទឹកចិត្ដ៖ គ្នាយើងជក់បារី ច្រើនបានគិតថា អាចជួយកាត់បន្ថយស្ត្រេសបាន តែផ្ទុយមកវិញ អ្នកស្រាវជ្រាវបែជារកឃើញភស្ដុតាងអាចបញ្ជាក់ថា ជក់បារី កាន់តែធ្វើឲ្យយើងស្ត្រេសខ្លាំងឡើង ទោះគ្នាយើងជក់បារីត្រឹមមួយរយៈ ហើយបានឈប់៏ដោយ ក៏នៅតែមានបញ្ហាស្រ្តេស ថប់បារម្ភ និងបាក់ទឹកចិត្ដ តិចតួចដដែល។
ជក់បារីអាចជួយឲ្យយើងដោះស្រាយជាមួយបញ្ហាស្ត្រេស តាមរយៈការបញ្ឈប់រោគសញ្ញាមួយចំនួន ដូចជា មិនសប្បាយចិត្ដ ថប់បារម្ភ ស្ត្រេស បាក់ទឹកចិត្ដ និងមិនអាចផ្ចង់អារម្មណ៍បានល្អ ក៏ពិតមែន ប៉ុន្តែវាអាចជួយបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ព្រោះបញ្ហាស្ត្រេស នឹងកើតឡើងវិញដដែល រហូតទាល់តែយើងបានជក់បារីមួយដើមទៀត។
ជាតិនីកូទីនជួយភ្ញោចឲ្យមានការបញ្ចេញសារធាតុគីមីម្យ៉ាងនៅក្នុងខួរក្បាល ហៅថា ដូប៉ាមីន ដែលសារធាតុនេះ ជួយឲ្យយើងអាចគិតឃើញេះពីចំណុចវិជ្ជមានច្រើន។ គ្នាយើងកើត ជំងឺបាក់ទឹកចិត្ត ដោយសារមិនមានសារធាតុ ដូប៉ាមីន ច្រើននៅក្នុងខ្លួន ហើយមានគ្នាយើងខ្លះជក់បារី ដើម្បីបង្កើនការផលិតសារធាតុមួយនេះឲ្យបានច្រើនក្នុងរយៈពេលខ្លីមួយ។ ជក់បារី នឹងធ្វើឲ្យបញ្ឈប់ការផលិតដូប៉ាមីនតាមដំណើរធម្មជាតិរបស់វា ដូចនេះនៅពេលយើងជក់បារីយូរ នោះការផលិតរបស់ដូប៉ាមីននឹងថយចុះ ហើយយើងនឹងជក់បារីកាន់តែច្រើនជាងមុន។
– បញ្ហាសង្គម៖ មានកន្លែងជាច្រើន ចាប់ផ្ដើមហាមប្រាមមិនឲ្យជក់បារី នាំឲ្យគ្នាយើងជក់បារី ពិបាករកកន្លែងជក់ ឲ្យមានផាសុកភាពណាស់។ ក្រៅពីនេះ ជក់បារី ក៏ប៉ះពាល់ដល់រូបរាងខាងក្រៅដូចគ្នា អាចធ្វើឲ្យធ្មេញ និងដៃឡើងលឿង ធ្វើឲ្យជាប់ក្លិនលើសម្លៀកបំពាក់ និងសក់ថែមទៀត។ បញ្ហាទាំងអស់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងយើងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួនទៀតផង។
២- វិធីផ្តាច់បារី
បើគ្នាយើងជក់បារី ហើយមានប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ នោះអាចផ្ដាច់វាវិញបាន។ ផ្ដាច់បារី អាចជារឿងពិបាកសម្រាប់យើងគ្រប់គ្នា ដោយសារតែបារី បានធ្វើឲ្យយើងញៀន ហើយមានគ្នាយើងខ្លះជក់វាក្នុងរយៈពេលយូរ រាប់សិបឆ្នាំទៀតផង។ ជាធម្មតា គ្នាយើងជក់ម្នាក់ៗ ត្រូវការ ការព្យាយាមយ៉ាងហោចណាស់ពី ៧-៨ ដង ទើបអាចផ្ដាច់បារីបាន។ ចំពោះគ្នាយើងមានបញ្ហាផ្លូវចិត្ដ ក៏អាចផ្ដាច់បារីបានដូចគ្នា ដោយអាចធ្វើតាមដំបូន្មានពេទ្យ សមាជិកគ្រួសារ ឬមិត្តភក្តិ ពិសេសមនុស្សជាទីស្រលាញ់ និងគិតពីផលអវិជ្ជមាននៃជក់បារី។
វិធីផ្ដាច់បារី គ្មានអីខុសគ្នាទេ ហើយចុងក្រោយ យើងខ្លួនឯង ត្រូវសម្រេចចិត្ដជ្រើសរើសយកវិធីផ្ដាច់បារីបែបណាប៉ុណ្ណោះ។ មានគ្នាយើងជាច្រើន មានវិធីផ្ដាច់បារីផ្សេងៗពីគ្នា ខ្លះបញ្ឈប់ភ្លាមៗតែម្ដង ចំណែកខ្លះទៀត ផ្ដាច់ម្ដងបន្តិចៗ។ ការផ្ដាច់បារី តម្រូវឲ្យយើង មានផែនការច្បាស់លាស់ ហេតុនេះ គួរទទួលការប្រឹក្សាយោបល់ម្នាក់ឯង ឬជាក្រុម ដើម្បីផ្ដាច់បារី ហើយចំពោះគ្នាយើងផ្ដាច់បារី ដោយប្រើថ្នាំវិញ គឺមានប្រសិទ្ធភាព អាចទប់ទល់ជាមួយបញ្ហាចង់ជក់បារីខ្លាំងបាន ខណៈខាងក្រោមនេះ ជាថ្នាំមួយចំនួន អាចប្រើដើម្បីផ្តាច់បារី៖
– ព្យាបាលដោយថ្នាំ ដើម្បីជំនួសជាតិនីកូទីន (NRT)
– ថ្នាំ Bupropion (Zyban)
– ថ្នាំ Varenicline (Champix)។
ប៉ុន្តែថ្នាំ និងការព្យាបាលទាំងអស់ មិនអាចញ៉ាំ ឬអនុវត្តផ្ដេសផ្ដាស់តាមតែចិត្តចង់ឡើយ ត្រូវប្រឹក្សាយោបល់ជាមុនជាមួយគ្រូពេទ្យជាមុន និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពេលប្រើថ្នាំ Zyban ឬថ្នាំ Champix។