ទោះបីយើងជាអ្នកចម្រៀងអាជីព ឬគ្រាន់តែច្រៀងខារ៉ាអូខេបង្កើតបរិយាកាសសប្បាយជាមួយមិត្តភក្តិក្តី ទាំងមិនរំពឹងគុណប្រយោជន៍សុខភាពខាងលើ យើងនៅតែអាចពង្រឹងគុណភាពជីវិតក្នុងសង្គមយើងកំពុងរស់នៅបានដូចគ្នា។ ការច្រៀងលេងជាមួយមិត្តភក្តិ ឬអ្នកដទៃ គឺវាមានន័យជ្រាលជ្រៅ និងស្និទ្ធស្នាលជាងត្រឹមតែការនិយាយរកគ្នា។
- ច្រៀងជួយពង្រឹងភាពជឿជាក់លើខ្លួនឯង
ដំណាក់កាលភ័យខ្លាចនៅលើឆាក គឺជាអារម្មណ៍ធម្មតារបស់អ្នកចម្រៀងថ្មីថ្មោង។ ទោះជាយ៉ាងណា ការសម្តែងបានល្អ និងទទួលបានការសរសើរពីមិត្តភក្តិ ក្រុមគ្រួសារ អាចជាគន្លឹះចម្បងជួយពង្រឹងសេចក្តីក្លាហាន និងភាពជឿជាក់សម្រាប់យើង។ ពេលខ្លះ ការច្រៀង ជួយឲ្យយើងកាន់តែហ៊ានប្រឈមមុខជាមួយមនុស្សជាក្រុម ជួយយើងក្លាហានក្នុងការឡើងធ្វើបទបង្ហាញទៀតផង។
- ច្រៀងជួយជំនាញទំនាក់ទំនងកាន់តែខ្លាំង
យោងតាមអត្ថបទចុះផ្សាយដោយកាសែត The Guardian ច្រៀងឲ្យទារកស្តាប់ អាចជួយរៀបចំខួរក្បាលរបស់អូនៗ សម្រាប់ទទួលយកភាសាផ្សេងៗ។ ចំរៀង ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យក្មេងៗទទួលយកជំនាញអាន និងសរសេរ អាចបង្ការបញ្ហាផ្នែកភាសានៅពេលធំឡើងបាន។ បើគ្នាយើង កាន់តែរីករាយជាមួយការតាក់តែងនិពន្ធទំនុកច្រៀងទៀត ច្បាស់ជាជួយឲ្យជំនាញទំនាក់ទំនងយើងឈានដល់កម្រិតមួយផ្សេងទៀត។