backup og meta

​គ្នា​យើង​ដឹង​អត់? ម៉េច​អ្នកខ្លះមានអារម្មណ៍ចង្អោរចង់ក្អួតក្រោយពេលរួមភេទ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2020

    ​គ្នា​យើង​ដឹង​អត់? ម៉េច​អ្នកខ្លះមានអារម្មណ៍ចង្អោរចង់ក្អួតក្រោយពេលរួមភេទ?

    ក្រោយ​ពេល​រួមភេទ​ យើង​​គួរ​តែ​មាន​អារម្មណ៍​ល្អ អារម្មណ៍​សប្បាយ​ចិត្ដ ប៉ុន្តែ​បើ​យើង​​ទៅ​ជា​មាន​អារម្មណ៍​ថា​​រក​កល់​ចង់​ក្អួត​វិញ យ៉ាង​ម៉េច​ដែរ? ខាង​ក្រោម​គ្នា​យើង​អាច​ស្វែង​យល់​​ថាហេតុ​អ្វី​បាន​ជា​យើង​​មាន​អារម្មណ៍​បែប​នេះ។

    មូលហេតុអាចធ្វើឲ្យយើង​ចង្អោរចង់ក្អួតក្រោយពេលរួមភេទ

    អាការៈ​ចង្អោរ​ចង់​ក្អួត​ក្រោយ​ពេល​រួមភេទ​ អាច​បណ្ដាល​មក​ពី​ជំងឺ​ក្នុង​ខ្លួន​ណា​មួយ។ ​ខាង​ក្រោមនេះ​​ជា​កត្តា​មួយ​ចំនួនអាច​ធ្វើ​ឲ្យ​គ្នា​យើង​មានអាការៈ​​ចង់​ក្អួត​ក្រោយ​ពេល​រួមភេទ​រួច៖

    • បាត់​បង់ជាតិ​ទឹក
    • ជំងឺ​រលាក​សរីរាង្គ​ក្នុង​អាង​ត្រគៀក
  • ជំងឺ​រលាក​ផ្លូវ​នោម
  • វិល​មុខ
  • បើ​មាន​អាការៈ​ចង់​ក្អួត​លើស​ពី​ម្ដង យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​មើល​មូលហេតុ​​ពិត​ប្រាកដ​។

    ខាង​ក្រោម​នេះ គឺ​ជា​មួលហេតុ​ចម្បងមួយ​ចំនួន​ដែរ​៖

    ក- អាការៈជិតសន្លប់ (Vasovagal syncope)

    មនុស្ស​ស្រី​ដែល​មាន​បញ្ហា​ចង្អោរ​ចង់​ក្អួត ក្រោយ​ពេល​រួមភេទ អាច​ដោយ​សារ​តែ​​មានអាការៈជិត​សន្លប់​។ បញ្ហា​នេះ​អាច​កើត​ឡើង​នៅ​ពេល ដែល​ដៃ​គូរ​យើង​​ស៊ក​លិង្គ​​​ចូល​ជ្រៅ​ពេក រហូត​ទៅ​បុក​ដល់​មាត់​ស្បូន។ មាត់​ស្បូន​របស់​មនុស្ស​ស្រីយើង​​ មាន​ផ្នែក​ខាង​ចុង​របស់​សរសៃ​ប្រសាទ្ធ​ច្រើន​ ដែ​ល​​​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តបអាការៈ​នេះ (vasovagal)។ ​

    ការ​ឆ្លើយ​តប vasovagal គឺ​កើត​ឡើង​នៅ​ពេល​ខ្លួន​យើង​​ទៅ​ភ្ញោច​សរសៃ​ប្រសាទ្ធ vagus ដែល​​នឹង​ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​ និង​សម្ពាធ​ឈាម​ថយ​ចុះ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​​មិន​ស្រួល​ខ្លួន​​ចង់​សន្លប់ និង​ចង់​ក្អួត។ ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​បែប​នេះ នៅ​ពេល​ឃើញ​ឈាម​ដែរ។

    បញ្ហា​ឆ្លើយ​តប vasovagal គឺ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​បារម្ភ​ពេក​ទេ ប៉ុន្តែ​បើយើដ​​មាន​អារម្មណ៍​បែប​នេះ​ពេល​រួមភេទ ​អាច​ប្រាប់​ដៃ​គូ​​កុំ​ឲ្យ​ស៊កលិង្គ​​ចូល​ជ្រៅ​ពេក​នៅ​លើក​ក្រោយ។

    អត្ថបទពាក់ព័ន្ធ៖

    ខ. Endometriosis

    Endometriosis គឺ​ជាជំងឺ​ម្យ៉ាង​ដែល​ជាលិកា​​មាន​​តាម​ជញ្ជាំង​ស្បូន ដុះ​ចេញ​មក​ខាង​ក្រៅ​របស់​ស្បូន។ ជំងឺ​នេះ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​​ការ​ឈឺ​ចាប់ ហូរ​ឈាម និង​ឈឺ​ពេល​រួមភេទ។ ស្រីៗ​​​មួយ​ចំនួន​កើត​បញ្ហា​នេះ ប្រាប់​ថា​មា​នអារម្មណ៍​ចង់​ក្អួត ដោយ​សារ​ឈឺ ឬ​អារម្មណ៍​​មិនស្រួល​ក្រោយ​ពេល​រួម​ភេទ។

    ជំងឺ endometriosis មិន​ធ្វើ​ឲ្យ​យើង​​អស់​អារម្មណ៍​ផ្លូវ​ភេទ​ឡើយ។ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​​អាច​បន្ត​រួមភេទ​ដោយ​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ច្រើន​ពី​ជំងឺនេះ​៖

    • លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​យ៉ាង​ហោច​មួយ​ម៉ោង​មុន​ពេល​រួមភេទ
    • សាក​ល្បង​ប្រើ​ក្បាច់​រួមភេទ​ផ្សេង
    • សង្កេត​មើល​ថា ពេល​ណាយើង​​រួមភេទ​មិន​សូវ​ឈឺ​ចាប់​ក្នុង​រយៈ​ពេល​មួយ​ខែ

    គ- ប្រតិកម្មអាលែកហ្ស៊ី

    ជា​ករណី​កម្រ តែ​វា​នៅ​តែ​អាច​កើត​ឡើង​ គឺយើង​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ជា​មួយ​ទឹក​កាម​របស់​ដៃ​គូ។ ក្នុង​ឯកសារ​មួយ​ផ្សាយ​កាល​​​ឆ្នាំ ២០០៧ បាន​សរសេរ​ថា មាន​ស្ត្រី​ម្នាក់មាន​ប្រតិកម្ម​ជាមួយ​គ្រាប់​សណ្ដែក​ប្រេស៊ីល ហើយ​ស្រ្តី​រូប​នេះ​ក៏​​មាន​ប្រតិកម្ម​ជា​មួយ​ទឹក​កាម​របស់​ដៃ​គូ​ ព្រោះ​ដៃគូនារីរូ​បនោះបាន​ញ៉ាំសណ្ដែក​ប្រេស៊ីល​មុនពេល​រួម​ភេទ​។

    ក្រៅ​ពី​មាន​សញ្ញា​ចង្អោរ​ចង់​ក្អួត យើង​​ក៏​អាច​មាន​សញ្ញា​ទាំង​អស់​នេះ​ពេល​មាន​ប្រតិកម្ម​ជាមួយ​ទឹក​កាម៖

    • អស់​កម្លាំង
    • រមាស់​ស្បែក​ ជា​ពិសេស​ត្រង់​តំបន់​ដែល​ប៉ះ​ជាមួយ​ទឹក​កាម
    • ថប់​ដង្ហើម អាច​ពី​តិច​តួច​ដល់​ថប់​ខ្លាំង​មិន​អាច​ដក​ដង្ហើម​បាន
    • ហើម​ប្រដាប់​ភេទ

    បើ​ស្រីៗ​យើង​​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ណាមួយ ត្រូវ​ប្រាប់​ដៃគូ​របស់​ខ្លួន​ឯង កុំ​ឲ្យ​ញ៉ាំ​អាហារ​នោះ​មុន​ពេល​រួមភេទ ឬ​ឲ្យ​ដៃគូ​ពាក់​ស្រោម​អនាម័យ ដើម្បី​កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​អាលែកហ្ស៊ី​នឹង​អាហារ​ទាំង​អស់​នោះ។​

    ក្រៅ​ពី​ម្ហូប​អាហារយើង​​ក៏​អាច​មាន​ប្រតិកម្ម​ជាមួយ​វត្ថុ​ណា​មួយ ដូច​នេះ​ដើម្បី​ចង់​ដឹង​ឲ្យ​ច្បាស់ ថា​ខ្លួន​ឯង​មាន​ប្រតិកម្ម​ជាមួយ​អ្វី​ខ្លះ​ យើង​​អាច​ទៅ​មន្ទីរ​​ពេទ្យ​ដើម្បី​ធ្វើ​តេស្ដ​ពិនិត្យ​បាន។

    ឃ- រោគ​សញ្ញា​មិន​ស្រួល​ខ្លួន​​ក្រោយ​ពេល​ដល់​ចំណុច​កំពូល (POIS)

    រោគ​សញ្ញា​មិន​ស្រួល​ខ្លួន​​ក្រោយ​ពេល​ដល់​ចំណុច​កំពូល (POIS) គឺ​ជា​បញ្ហា​សុខភាព​មួយ ដែល​ភាគ​ច្រើន​​កើត​លើ​មនុស្ស​ប្រុស ប៉ុន្តែ​​​ក៏​អាច​កើត​លើ​មនុស្ស​ស្រី​មួយ​ចំនួន​តូច​បាន​ដូច​គ្នា។

    ជំងឺ​មួយ​នេះ ធ្វើ​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ចេញ​មក​ភ្លាម​ក្រោយ​ពេល​បញ្ចេញ​ទឹក​កាម ឬ​ដល់​ចំណុច​កំពូល។ រោគ​សញ្ញា​​មាន​ដូចជា៖

    • ស្រវាំង​ភ្នែក
    • អស់​កម្លាំង​ខ្លាំង
    • ក្ដៅ​ខ្លួន
    • អារម្មណ៍​ឆាប់​ប្រែ​ប្រួល
    • ឈឺ​ចាប់​សាច់​ដុំ
    • ពិបាក​ផ្ចង់​អារម្មណ៍

    មនុស្ស​មួយ​ចំនួន​ដែល​កើត POIS បាន​ប្រាប់​ថា ពួកគេ​​មាន​អារម្មណ៍​ដូច​ឈឺ​ផ្ដាយ​សាយ​ភ្លាម​ៗ ក្រោយ​ពេល​​ដល់​ចំណុច​កំពូល និង​ថា​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​ដូច​គ្នា។

    គ្រូពេទ្យ​ក៏​មិន​ទាន់​ដឹង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​​មាន​បញ្ហា POIS ក្រោយ​ពេល​​ដល់​ចំណុច​កំពូល។ មក​ដល់​ពេល​នេះ​ គេ​គិត​ថា​ ដោយ​សារ​តែ​ប្រព័ន្ធ​ការ​ពារ​ខ្លួនយើង​ឆ្លើយ​តប​ប្រឆាំង​ជាមួយ​ទឹក​កាម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម