backup og meta

ពិតអត់ ប្រុសៗធាត់ពេក ជួបបញ្ហាខ្សោយលិង្គ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 09, 2023

    ពិតអត់ ប្រុសៗធាត់ពេក ជួបបញ្ហាខ្សោយលិង្គ?

    ពេល​និយាយ​ដល់​រឿង​ធាត់ ជាទូទៅ​នឹង​មាន​ការ​ពិភាក្សា​ច្រើន​​ពី​ជំងឺ​ឧស្សាហ៍​កើត​មួយ​ចំនួន​លើ​អ្នក​ធាត់​ៗ​។ ជា​ទូទៅ​មនុស្ស​ធាត់​ ច្រើន​ជួប​បញ្ហា​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ បេះដូង ជំងឺ​គេង​បាត់​ដង្ហើម ឬ​លើស​កូលេស្តេរ៉ូល ជា​ដើម​។ ប៉ុន្តែ មនុស្ស​ធាត់​ក៏​មាន​បញ្ហា​មួយ​ទៀត ដែល​គេ​មិន​សូវ​និយាយ​ដល់ នោះ​គឺ​មនុស្ស​ធាត់​ច្រើន​ជួប​បញ្ហា​ខ្សោយ​ផ្លូវ​ភេទ​ មិន​ថា​ស្រី ឬ​ប្រុស​នោះ​ទេ​។ ចំពោះ​បុរស​បញ្ហា​ខ្សោយ​លិង្គ​អាច​ថា​មកពី​បញ្ហា​ផ្លូវចិត្ត និង​ការ​រំខាន​ផ្សេងៗ​ពី​អ័រម៉ូន​។

    មនុស្ស​ប្រុស​ធាត់​ច្រើន​ជួប​បញ្ហា​ខ្សោយ​លិង្គ។ ការ​សិក្សា​ខ្លះ​បញ្ជាក់​ថា​ប្រហែល​ជា​៥៣​ភាគរយ​នៃ​មនុស្ស​​ប្រុស​វ័យ​ចន្លោះ​ពី​៤០​ទៅ​៧០ មាន​បញ្ហា​ខ្សោយ​លិង្គ​ក្នុង​កម្រិត​ណាមួយ​។ កត្តា​ប្រ​ឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​វ័យ​នេះ​ខ្សោយ​លិង្គ​ មាន​ដូច​ជា៖​

    • កត្តា​អាយុ
    • ជំងឺ​បេះដូង
    • សម្ពាធ​ឈាម​ខ្ពស់
    • កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប​
    • ជក់បារី និង​មាន​ជំងឺ​ទឹកនោម​ផ្អែម ជាមួយ​នឹង​របប​អាហារ​មិន​ត្រឹម​ត្រូវ និង​បែប​បថ​រស់​នៅ​មិន​ល្អ​។​

    ដោយ​សារ​ការ​សិក្សា​ជា​ច្រើន​នៅ​តែ​មាន​លទ្ធ​ផល​ផ្ទុយ​គ្នា គេ​មិន​អាច​ដឹង​ច្បាស់​ទេ​ថា​កម្រិត​សន្ទស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់ និង​ធាត់ ជា​ដើម​ចម​នៃ​បញ្ហា​ខ្សោយ​លិង្គ​នោះ ឬ​ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​កត្តា​ប្រឈម​។ អ្វី​ដែល​គេ​ដឹង​ច្បាស់ គឺ​ថា​ភាព​​ធាត់ លើស​ទម្ងន់​ជា​កត្តា​រួម​ផ្សំ​ ធ្វើ​ឲ្យ​ខ្សោយ​លិង្គ​។ ការ​ផ្លាស់​ប្ដូរ​បែប​បថ​នៃ​ការ​រស់​នៅ នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ​ គេ​ជឿ​ថា​បញ្ហា​ខ្សោយ​លិង្គ​អាច​ជួយ​កែ​ខៃ​វិញ​បាន​។​​

    ជា​ធម្មតា ពេល​យើង​វ័យ​កាន់​តែ​ច្រើន ជា​ធម្មជាតិ នឹង​ធ្វើ​ឲ្យ​លិង្គ​ចុះ​ខ្សោយ​មួយ​កម្រិត​។ ជាមួយ​គ្នា​នេះ​ដែរ បើ​សិន​ជា​យើង​មាន​ជំងឺ​ផ្សេងៗ​ទៀត វា​នឹង​មាន​ការ​ប្រឈម​កាន់តែ​ខ្ពស់។ បញ្ហា​ខ្សោយ​លិង្គ និង​សកម្មភាព​ផ្លូវ​ភេទ ជា​មូល​ហេតុ​សំខាន់​មួយ​បង្ក​ឲ្យ​មាន​បញ្ហា​ថប់បារម្ភ និង​កង្វល់​ផ្សេងៗ លើ​បុរស​។

    នៅ​ពេល​នឹក​ដល់​សកម្មភាព​ផ្លូវ​ភេទ មិន​អាច​ល្អ​ដូច​ចិត្ត​ នឹង​ធ្វើ​ឲ្យ​ប្រុសៗ​កាន់​តែ​មាន​កង្វល់​ច្រើន​។ ភាព​ធាត់ អាច​នាំ​ឲ្យ​មនុស្ស​ប្រុស​មាន​ជំងឺ​ទាំង​នេះ និង​ធ្វើ​ឲ្យ​បញ្ហា​ផ្លូវ​អារម្មណ៍​កើត​មាន​ដែរ​។

    លិង្គស្ងួត

    ​២. ភាព​ធាត់ និងបញ្ហា​​ខ្សោយ​លិង្គ​

    ពេល​យើង​ធាត់ លើស​ទម្ងន់ អាច​បង្ក​ឲ្យ​ខ្សោយ​លិង្គ ដោយ​ហេតុ​តែ​មានការ​ខូច​ខាត​សរសៃឈាម បន្ថយ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​ក៏​នាំ​ឲ្យ​មាន​សភាព​រលាក​កើត​ឡើង​ជា​ទូ​ទៅ​លើ​រាង​កាយ​ដែរ​។ ភាព​ធាត់​អាច​បង្ក​ឲ្យ​ខូច​សរសៃឈាម ដោយសារតែ​មាន​ទំនាក់​ទំនង​នឹង​ការ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម លើស​កូលេស្តេរ៉ូល លើស​ជាតិ​ខ្លាញ់ និង​ការ​រលាក​។

    មាន​ការ​លើក​ឡើង​ថា ពេល​មានការ​រលាក​កើត​ឡើង អាច​បង្ក​ឲ្យ​មាន​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​រាង​កាយ នាំ​ឲ្យ​មាន​ការ​បំផ្លាញ​ដោយ​អុកស៊ីតកម្ម​លើ​ជាលិកា​ផ្សេងៗ​។ ផល​វិបាក​កើត​ចេញ​ពី​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ជាតិ​ខ្លាញ់ ក៏​សុទ្ធ​តែ​រួម​ចំណែក​ដល់​បញ្ហា​ខ្សោយ​លិង្គ​។

    មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្សោយ​លិង្គ​ពេញ​និយម​ជាង​គេ​មួយ​គឺ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប ដែល​ការ​ចុះ​ទាប​នេះ មាន​ទំនាក់ទំនង​នឹង​ភាព​ធាត់​ដែរ​។ ការ​មាន​កម្រិត​អ័រម៉ូន​សម​ល្មម​ត្រឹមត្រូវ​ ជា​រឿង​សំខាន់​មួយ​ក្នុង​ការ​ជួយ​ដល់​សុខ​ភាព​លិង្គ​ និង​ចំណង់​ផ្លួវ​ភេទ​។ សម្រាប់​បុរស​ មាន​ក្បាល​ពោះ​ធំ​សុទ្ធ​ខ្លាញ់ នឹង​មាន​​ហានិភ័យ​កាន់​តែ​ខ្ពស់​លើ​ការ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​ប្រភេទ​នេះ។ ខ្លាញ់​នៅ​ក្បាល​ពោះ​ប្រុសៗ​អាច​បំប្លែង​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​ទៅ​ជា​អ័រម៉ូន​អឺស្រ្តូហ្សែន ដែល​រំខាន​ដល់​លំនឹង​អ័រម៉ូន​។

    ៣. ដោះស្រាយ​បែប​ណា​?

    អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ភាព​ឡើង​រឹង​នៃ​លិង្គ​អាច​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​វិញ​បាន​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​បែប​បថ​រស់​នៅ​ជាក់​លាក់​មួយ​ចំនួន​​។ ពេល​យើង​ធាត់ ប្រ​ឈម​ខ្លាំង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​បុរស​ខ្លះ​ទៀត​នាំ​ឲ្យ​ខ្សោយ​លិង្គ​។ ញ៉ាំ​អាហារ​ល្អៗ​ចំពោះ​សុខ​ភាព​ដូចជា​បន្លែ ផ្លែ​ឈើ មិន​ជក់​បារី ហាត់​ប្រាណ​ជា​ប្រចាំ ពិត​ជា​អាច​ជួយ​កែ​ខៃ​បញ្ហា​ខ្សោយ​លិង្គ​បាន​។

    ​បុរស​​ដែល​ធាត់ ​និង​អាច​សម្រក​ទម្ងន់​បាន គឺ​ជួយ​ឲ្យ​សមត្ថភាព​លិង្គ និង​សកម្មភាព​លើ​គ្រែ​ល្អ​ប្រសើរ​ឡើង​វិញ បូក​រួម​ទាំង​សុខភាព​រាង​កាយ​ទាំង​មូល​ផ​ង​ដែរ​។ ការ​ហាត់​ប្រាណ បញ្ចេញ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ ជួយ​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​ខ្សោយ​លិង្គ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម