ការរួមភេទ មិនត្រឹមតែអាចជួយបំបាត់បញ្ហាស្រ្តេសប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់គុណប្រយោជន៍ជាច្រើនទៀតដល់ផ្លូវកាយ ផ្លូវចិត្ត និងសុខុមាលភាពទាំងមូលរបស់ស្រីៗយើងផងដែរ។ ពិតណាស់ ស្ត្រីដែលរួមភេទជាទៀងទាត់ អាចទទួលអារម្មណ៍កាន់តែជិតស្និទ្ធជាមួយនឹងដៃគូ ព្រមទាំងបង្កើនកម្រិតនៃសុភមង្គលកាន់តែប្រសើរជាងមុន។ ក្រៅពីនេះ តើគ្នាយើងអាចទទួលបានគុណប្រយោជន៍សុខភាពអ្វីខ្លះទៀត?
១. បង្កើនភាពជិតស្និទ្ធរវាងដៃគូ
ពិតណាស់ ការរួមភេទជាទៀងទាត់ អាចជួយបង្កើនភាពស្និទ្ធស្នាលខាងផ្លូវចិត្តរវាងដៃគូ។ អ័រម៉ូននៃក្តីស្រឡាញ់ នឹងបញ្ចេញអំឡុងពេលរួមភេទ និងនៅពេលមានការប៉ះពាល់ខាងរាងកាយ។ អ័រម៉ូននេះ ជួយពង្រឹងទំនាក់ទំនងផ្លូវចិត្ត និងបង្កើនទំនុកចិត្ត ក៏ដូចជាក្តីស្រលាញ់រវាងគូស្នេហ៍។
២. សុខភាពសរសៃឈាមបេះដូង
ទន្ទឹមនឹងនេះដែរ ការរួមភេទជាទៀងទាត់ អាចជួយបង្កើនលំហាត់ប្រាណសរសៃឈាមបេះដូងកម្រិតមធ្យម។ អំឡុងពេលរួមភេទ ចង្វាក់បេះដូង លំហូរឈាម និងការប្រើប្រាស់អុកស៊ីហ្សែនកើនឡើង ដែលអាចជួយឲ្យសុខភាពសរសៃឈាមបេះដូងប្រសើរឡើង។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការសិក្សាបានបង្ហាញថា ការរួមភេទទៀងទាត់ក៏អាចជះឥទ្ធិពលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំដូចគ្នា ពីព្រោះថា ការសម្រើបផ្លូវភេទ ជំរុញឲ្យមានការផលិតសារធាតុ immunoglobulin A (IgA) ដែលជាអង់ទីករការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។
៤. កាត់បន្ថយស្រ្តេស
ជាងនេះទៅទៀត ការរួមភេទទៀងទាត់ក៏អាចជួយកាត់បន្ថយស្រ្តេស និងជំរុញឲ្យស្រីៗយើងមានអារម្មណ៍ល្អ។ អំឡុងពេលរួមភេទ រាងកាយបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ ដែលជួយប្រឆាំងនឹងស្រ្តេស ការថប់បារម្ភ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល។
៥. បំបាត់ការឈឺចាប់
ការបញ្ចេញអ័រម៉ូន Endorphins អំឡុងពេលរួមភេទ មិនត្រឹមតែជួយកាត់បន្ថយស្រ្តេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្នាំបំបាត់ការឈឺចាប់បែបធម្មជាតិដែរ។ ស្រីៗមួយចំនួន អាចធូរស្រាលពីអាការៈឈឺក្បាល ចុកពោះពេលមករដូវ និងការឈឺចាប់លើរាងកាយដទៃទៀត។

៦. ជួយឲ្យគេងលក់ស្កប់ស្កល់
ស្ត្រីដែលរួមភេទញឹកញាប់ ក៏អាចជួយបង្កើនគុណភាពដំណេកដូចគ្នា។ ជាក់ស្តែង ការបញ្ចេញអ័រម៉ូន Endorphins អំឡុងពេលរួមភេទ អាចជួយឲ្យគ្នាយើងគេងបានស្កប់ស្កល់ជាងមុន ក៏ដូចជាប្រឆាំងនឹងការគេងមិនលក់។
៧. ពង្រឹងសាច់ដុំអាងត្រគាក
បន្ថែមពីនេះ ការរួមភេទជាទៀងទាត់ក៏អាចជួយពង្រឹងសាច់ដុំអាងត្រគាក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ប្លោកនោម ស្បូន និងពោះវៀន។ នៅពេលដែលសាច់ដុំទាំងនេះដំណើរការអំឡុងពេលរួមភេទ នោះអាចជួយឲ្យសាច់ដុំរឹងមាំ គ្រប់គ្រងប្លោកនោម ព្រមទាំងកាត់បន្ថយហានិភ័យនៃវិបត្តិអាងត្រគាកថែមទៀតផង។