នៅពេលដែលយើងប្រើកម្លាំងខ្លាំងជ្រុលអំឡុងពេលធ្វើប្រតិបត្តិការលើគ្រែ គ្នាយើងខ្លះអាចប្រឈមនឹងការរងរបួសផ្សេងៗជាមិនខាន។ ពិតណាស់ ការរួមភេទ ជួយរួមចំណែកផ្តល់ថាមពលនៃជីវិត តែយើងក៏ចាំបាច់ត្រូវអនុវត្តន៍ប្រតិបត្តិការនេះប្រកបដោយសុវត្ថិភាពដូចគ្នា។
ការរួមភេទ ជាលំហាត់ប្រាណដ៏អស្ចារ្យ ពីព្រោះសកម្មភាពមួយនេះអាចដុតបំផ្លាញកាឡូរីប្រហែល៦៩.១កាឡូរីចំពោះស្ត្រី ប៉ុន្តែក៏អាចធ្វើឲ្យគ្នាយើងរងរបួសជាយថាហេតុផងដែរ។
ទាំងនេះ គឺជាការរងរបួសដែលឧស្សាហ៍កើតអំឡុងពេល និងក្រោយពេលរួមភេទ
១. ដាច់រហែកទ្វារមាស
ការដាច់រហែកទ្វារមាសអំឡុងពេលពពោះ គឺជារឿងទូទៅ ប៉ុន្តែប្រសិនបើយើងរួមភេទ ដោយគ្មានជាតិរម្អិលគ្រប់គ្រាន់ ឬស៊កបញ្ចូលទាំងបង្ខំ នោះអាចបង្កជាការដាច់រហែកទ្វារមាស។
២. ស្នាមជាំនៅលើរាងកាយ
ជាមួយគ្នានេះដែរ សកម្មភាពផ្លូវភេទខ្លាំងក្លា អាចបណ្តាលឲ្យមានស្នាមជាំនៅបរិវេណខ្លះ ដូចជាសុដន់ គូទ ដៃ ឬជើង។
៣. ទាញសាច់ដុំ និងថ្លោះសាច់ដុំ
ការទាញសាច់ដុំ និងថ្លោះសាច់ដុំ កើតឡើងជាទូទៅ និងអាចកើតឡើងនៅពេលដែលយើងប្រើក្បាច់ដែលខុសឆ្គង ឬបញ្ចេញសកម្មភាពខ្លាំងក្លាជ្រុល។
៤. ឈឺខ្នង
ក្នុងករណីដែលយើងប្រើក្បាច់ក្រាប ឬ Doggy style រយៈពេលយូរ នោះនឹងអាចបណ្តាលឲ្យអាការៈឈឺខ្នង ជាពិសេស នៅពេលដែលយើងមានបញ្ហាឈឺខ្នងស្រាប់។
៥. ប្រតិកម្មអាលែកហ្ស៊ី
ទន្ទឹមនឹងនេះដែរ គ្នាយើងខ្លះតែងជួបបញ្ហាអាលែកហ្ស៊ីទៅនឹងស្រោមអនាម័យដែលមានជាតិ Latex ហេតុនេះហើយ យើងគួរជ្រើសរើសស្រោមអនាម័យណាដែលគ្មានជាតិ Latex ទើបជាការប្រសើរ។

គន្លឹះដោះស្រាយការរងរបួសអំឡុងពេលរួមភេទ
- បញ្ឈប់សកម្មភាពលើគ្រែ ប្រសិនបើយើងមានការឈឺចាប់ខ្លាំង
- ក្នុងករណីធ្ងន់ធ្ងរ ដូចជាបាក់ឆ្អឹង ហូរឈាមច្រើន ឬឈឺចាប់មិនអាចទ្រាំបាន គួរទៅកាន់មន្ទីរពេទ្យជាបន្ទាន់
- បើមានរលាត់ស្បែក និងស្នាមជាំតិចតួច គួរស្អំទឹកកក ដើម្បីដោះស្រាយបញ្ហាហើម ឬហូរឈាម
- ប្រើថ្នាំបំបាត់ការឈឺចាប់សម្រាប់របួសតិចតួច
- ជជែកជាមួយដៃគូ ដើម្បីជៀសវាងប្រឈមនឹងការឈឺចាប់អំឡុងពេល និងក្រោយពេលប្រតិបត្តិការ
- ការដាច់រលាត់តែងកើតឡើងនៅពេលដែលទ្វារមាសស្ងួតខ្លាំង ដូច្នេះហើយ គ្នាយើងគួរប្រើទឹករម្អិលបន្ថែមទៀត ដើម្បីជៀសវាងបញ្ហាមួយនេះ។