backup og meta

៤ ក្បាច់ជួយកាត់បន្ថយអាការៈភ្នែកក្រហម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 10, 2023

    ៤ ក្បាច់ជួយកាត់បន្ថយអាការៈភ្នែកក្រហម

    ជំងឺភ្នែកក្រហមជាធម្មតាមិនសូវជាមានអាការៈធ្ងន់ធ្ងរនោះទេ វាអាចបាត់ទៅវិញដោយខ្លួន​​ឯង ដោយចំណាយពេលអាចចន្លោះពី ១ ទៅ ២សប្ដាហ៍។ ប៉ុន្ដែមានករណីមួយចំនួនតូចដែលក៏អាចបង្កទៅជាធ្ងន់ធ្ងរបាន ប្រសិនបើអ្នកជំងឺមិនខ្វាយខ្វល់ការពារ និង មើលថែឲ្យបានល្អនោះទេ។ ដូច្នេះខាងក្រោមជាវិធីព្យាបាលងាយៗអាចជួយឲ្យអ្នកជំងឺជាសះស្បើយបានឆាប់រហ័ស ហើយអាចអនុវត្ដនៅផ្ទះដោយខ្លួនឯងបាន។ យ៉ាង​បើ​សិន​ជាបញ្ហាភ្នែក​ក្រហមនេះ​រំខាន​ដល់​ការ​រស់នៅ ឬ​មាន​ការ​ឈឺចាប់ គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតឯកទេស​ភ្នែក​។​

    ១.ការព្យាបាលដោយប្រើថ្នាំបន្ដក់ភ្នែក

    អ្នកជំងឺក៏អាចប្រើប្រាស់ថ្នាំបន្ដក់ភ្នែកបានប្រសិនបើជំងឺនេះមានសភាពស្រាល ដែលជួយលាងសម្អាតភ្នែក និងផ្ដល់សំណើមដល់ភ្នែកគ្រប់គ្រាន់។ ព្រោះបញ្ហាភ្នែកក្រហម ក៏អាចបណ្ដាលមកពី ឆ្លងមេ​រោគ ចូលធូលី ឬខ្យល់បរិយាកាសខាងក្រៅបណ្ដាលឲ្យភ្នែកស្ងួតប្រឈមការលាក។ អនុវត្ដវិធីនេះឲ្យបាន ១ថ្ងៃ ៥ ទៅ៦ដង ម្ដងមួយដំណក់ ពិសេសនៅពេលដែលអ្នកជំងឺមានអារម្មណ៍ថា ភ្នែកស្ងួត មើលមិនសូវច្បាស់។ សុំ​ការ​ណែ​នាំ​ពី​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់​មុន​សម្រេច​ប្រើ​ប្រាស់​ថ្នាំ​បន្តក់ភ្នែក​ណាមួយ​។​

    ២.ការព្យាបាលដោយស្អំទឹកត្រជាក់

    អ្នកជំងឺក៏អាចប្រើទឹកកកស្អំ ឬយកក្រណាត់ស្អាតដែលជ្រលក់ទឹកកកពូតឲ្យស្ងួតបន្ដិចមកស្អំពីលើភ្នែក បើបានកន្សែងត្រជាក់កាន់តែប្រសើរ។ វិធីនេះអាចជួយកាត់បន្ថយការឈឺចាប់ និង ផលវិបាកមួយចំនួនទៀត។ ធ្វើបែបនេះឲ្យបាន១០ ទៅ ១៥នាទីក្នុងមួយដង ហើយត្រូវធ្វើ៣ដងក្នុងមួយថ្ងៃ។ បន្ថែមពីនោះទៀត អ្នកជំងឺត្រូវលុបលាងមុខ ឲ្យបានញឹកញាប់ ជាមួយ​នឹងទឹកស្អាតផងដែរ។

    ៣.ការព្យាបាលដោយរបបអាហារ

    របបអាហារក៏ជាផ្នែកមួយរួមចំណែកក្នុងការព្យាបាលឈឺភ្នែកក្រហមបានដែរ។ ព្រោះរបបអាហារអាចផ្ដល់ឲ្យរាងកាយនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ពិសេសពពួកវីតាមីន   A, E, C ប្រូតេអ៊ីន និងជាតិទឹក ជួយគ្រប់គ្រងចរន្ដឈាមក្នុងរាងកាយបានល្អ ពិសេសសុខភាពសរសៃឈាមក្នុងភ្នែក។

    របបអាហារដែលអ្នកជំងឺគួរជ្រើសរើសមានដូចជា ពពួកបន្លែបៃតង ស៊ុតផ្នែកក្រហម ខ្លាញ់ត្រី ត្រីមានស្រការ ផ្លែប៉ោម ក្រូច ទំពាំងបាយជូរ ផ្លែប៊ឺជាដើម។ ទន្ទឹមមគ្នានោះ អ្នកជំងឺត្រូវកាត់បន្ថយការញ៉ាំអាហារប្រៃខ្លាំង ពពួកអាហារកែច្នៃ អាហារខ្លាញ់ អាហារផ្អាប់ និង គ្រឿងកំប៉ុងដែលមានជាតិស្ករខ្ពស់ផងដែរ។

    អត្ថបទគួរអាន៖

    ៤.ការព្យាបាលដោយផ្លាស់ប្ដូរទម្លាប់រស់នៅ

    ការផ្លាស់ទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ ក៏អាចជួយកាត់បន្ថយអាការៈភ្នែកក្រហមបានដែរ។ តួយ៉ាងអ្នកជំងឺត្រូវកាត់បន្ថយការសម្លឹងទៅលើឧបករណ៍មានពន្លឺខ្លាំងដូចជា កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ និង គ្រប់ពេលវេលាចេញក្រៅ ត្រូវពាក់វ៉ែនតាខ្មៅ ពាក់មួក ដើម្បីកាត់បន្ថយពន្លឺចូលមកប៉ះនឹងភ្នែក និង ការពារធូលី ខ្យល់មកប៉ះនឹងភ្នែក។ ទម្លាប់មួយទៀត សម្រាប់អ្នកចូលចិត្ដពាក់លែនកែវភ្នែក ក៏ត្រូវកាត់បន្ថយផងដែរ ខណៈដែលភ្នែកកំពុងតែមានបញ្ហា។ បន្ថែមពីនេះអ្នកជំងឺត្រូវគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែកក៏បានសម្រាកបានគ្រប់គ្រាន់ផងដែរ។

    បញ្ហាការគេង

    ចំណុចសំខាន់

    វិធីសាស្រ្តជួយកាត់បន្ថយអាការៈភ្នែកក្រហម
    • ព្យាបាលដោយប្រើថ្នាំបន្ដក់ភ្នែក
    • ព្យាបាលដោយស្អំទឹកត្រជាក់
    • ព្យាបាលដោយរបបអាហារ
    • ព្យាបាលដោយផ្លាស់ប្ដូរទម្លាប់រស់នៅ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម