ស្រីៗយើងមួយចំនួនអាចនឹងជួបប្រទះបញ្ហាបាត់រដូវ។ នេះជារឿងធម្មតាទេអំឡុងពេលមានផ្ទៃពោះ ឬក្រោយពីដល់វ័យអស់រដូវ ប៉ុន្តែប្រសិនជាបាត់រដូវនៅក្នុងករណីផ្សេងពីនេះ វាអាចជារោគសញ្ញានៃបញ្ហាសុខភាព។
ការបាត់រដូវមាន ២ ប្រភេទ។ ប្រភេទទី១គឺសម្រាប់ស្រីៗដែលមានអាយុ ១៦ ឆ្នាំ និងមិនទាន់មានរដូវដំបូង។ នេះអាចមកពីភាពមិនប្រក្រតីនៃប្រព័ន្ធបន្តពូជដែលបង្កមិនឲ្យមានរដូវដែលគេហៅថាការបាត់រដូវដំបូង (Primary Amenorrhea)។ ប្រភេទទី២គឺនៅពេលដែលបាត់រដូវប្រចាំខែរយៈពេលបីខែជាប់គ្នាក្រោយពីមានរដូវធម្មតា ៩ ខែមុនដែលគេហៅថាSecondary Amenorrhea។ ប្រភេទទី២គឺកើតមានទូទៅជាងប្រភេទទី ១។
មូលហេតុបង្កឲ្យមានការបាត់រដូវ
ការបាត់រដូវអាចបង្កដោយមូលហេតុមួយចំនួន។ ការបាត់រដូវដំបូងអាចមកពីបញ្ហាសរីរាង្គភេទដែលអាចជាសញ្ញានៃការលូតលាស់មិនល្អ ឬភាពមិនប្រក្រតីរបស់អូវែ។ រីឯការបាត់រដូវប្រភេទទី២វិញអាចមកពីបញ្ហាក្រពេញទីរ៉ូអ៊ីត ឬក្រពេញ pituitary ។ នៅពេលដំណើរការប្រក្រតី ក្រពេញទាំងពីរផលិតអ័រម៉ូនសម្រាប់ការមករដូវ។
ក្រៅពីបញ្ហាខាងលើ ការបាត់រដូវប្រភេទទី ២ គឺអាចបង្កដោយមូលហេតុផ្សេងមានដូចជា៖
- ជំងឺធាត់
- កង្វះអាហារូបត្ថម្ភ
- ជំងឺអត់ឃ្លានអាហារ (anorexia nervosa)
- ស្រកទម្ងន់ខ្លាំង
- ហាត់ប្រាណខ្លាំងពេក
- ជំងឺ Polycystic Ovary Syndrome (កើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ)
- មហារីកក្រពេញអូវែ
- ជំងឺដុំគីសដៃស្បូន (noncancerous ovarian cysts)
- ស្លាកស្នាមនៅស្បូនដោយការបូម ឬកោសសម្អាតស្បូន
- ការកាត់ស្បូនចេញ
- បញ្ហាក្រពេញទីរ៉ូអ៊ីត
- អតុល្យភាពអ័រម៉ូន
- ស្ត្រេស ឬ មានជំងឺបាក់ទឹកចិត្ត
- ការប្រើប្រាស់ថ្នាំ។
ដោយឡែក ការបាត់រដូវប្រភេទទី២ក៏អាចបង្កដោយកត្តាធម្មជាតិរួមមានការមានផ្ទៃពោះ ការបំបៅដោះកូន និងពេលអស់រដូវ។ ការចាប់ផ្តើម បញ្ឈប់ ឬផ្លាស់ប្ដូរថ្នាំពន្យារកំណើតក៏អាចប៉ះពាល់ដល់វដ្ដរដូវដែរ។
សម្រាប់ការព្យាបាលការបាត់រដូវនេះដែរគឺអាស្រ័យលើមូលហេតុបង្ក។ ឧទាហរណ៍ ប្រសិនជាការបាត់រដូវបង្កដោយជំងឺធាត់ នោះគ្រូពេទ្យនឹងណែនាំឲ្យយើងធ្វើការសម្រកទម្ងន់។
វិធីបង្ការការបាត់រដូវ
ស្រីៗយើងអាចបង្ការបានដោយ៖
- រក្សាទម្ងន់ឲ្យបានត្រឹមត្រូវ
- ញ៉ាំរបបអាហារដែលល្អ
- ហាត់ប្រាណឲ្យបានទៀងទាត់
- រៀនគ្រប់គ្រងស្ត្រេស។
គ្នាយើងយកល្អគួរពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនជាមានកង្វល់ទាក់ទងនឹងវដ្ដរដូវ។
[embed-health-tool-ovulation]