ការឆ្លងមេរោគតាមទ្វារមាស ភាគច្រើនកើតឡើងនៅអំឡុងរដូវវភ្លៀង ដោយសារតែការប្រែប្រួលសីតុណ្ហភាព និងសំណើមកើនឡើង ដែលជាកត្តាចម្បងរួមចំណែកដល់ការលូតលាស់ផ្សិត និងបាក់តេរី។ ជាក់ស្ដែង បរិមាណសំណើមខ្ពស់នៅក្នុងបរិយាកាស ការបែកញើស រួមជាមួយនឹងខោទ្រនាប់តឹងណែនទៀតនោះ វាកាន់តែបង្កើនឱកាសសម្រាប់ការលូតលាស់របស់បាក់តេរី។
ដូច្នេះហើយ ស្រីៗយើងគប្បីយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីការឆ្លងមេរោគនៅទ្វារមាសឲ្យបានទាន់ពេលវេលា ដោយអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ។
១. ស្លៀកខោទ្រនាប់មានខ្យល់ចេញចូល
ការស្លៀកខោទ្រនាប់ដែលមានខ្យល់ចេញចូល និងធ្វើពីកប្បាស គឺជាជម្រើសដ៏ល្អបំផុតក្នុងការថែទាំទ្វារមាសឲ្យមានសុខភាពល្អ។ ជាទូទៅ ខោទ្រនាប់តឹងណែនអាចកាត់បន្ថយលំហូរខ្យល់ និងបង្កើនហានិភ័យនៃការកើតកន្ទួលរមាស់ និងការរលាក។ ម្យ៉ាងវិញទៀត វាក៏អាចបង្កើតបរិយាកាសល្អសម្រាប់ការលូតលាស់នៃពពួកបាក់តេរីផងដែរ។
២. សម្អាតទ្វារមាសឲ្យស្អាត និងស្ងួតល្អ
នៅរដូវនេះដែរ កម្រិតpHរបស់ទ្វារមាសនឹងធ្លាក់ចុះ ជាលទ្ធផលសំណើមនឹងកើនឡើង ដែលធ្វើឲ្យស្រីៗយើងងាយឆ្លងមេរោគក្នុងទ្វារមាស។ ការសម្អាតបរិវេណទ្វារមាសឲ្យបានញឹកញាប់ជាមួយនឹងទឹកក្ដៅឧណ្ហៗ អាចជួយកម្ចាត់ពពួកបាក់តេរី ក៏ដូចជាក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាព។
៣. ញ៉ាំទឹកឲ្យបានច្រើន
ការបាត់បង់ជាតិទឹក និងអំបិលពីក្នុងរាងកាយយ៉ាងឆាប់រហ័ស ក៏អាចបណ្ដាលឲ្យមានការរលាក និងអារម្មណ៍ក្រហាយនៅបរិវេណតំបន់ពិសេសរបស់ស្រីៗដែរ។ ពិតណាស់ ការរក្សាជាតិទឹកអាចជួយរក្សាតុល្យភាពបាក់តេរី និងកម្រិតpH ក៏ដូចជាកាត់បន្ថយការឆ្លងមេរោគនៅលើទ្វារមាសថែមទៀតផង។
៤. ជៀសវាងកោររោមប្រដាប់ភេទញឹកញាប់
ជាមួយគ្នានេះដែរ រោមនៅលើប្រដាប់ភេទដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកិត អំឡុងពេលរួមភេទ ព្រមទាំងការពារការឆ្លងបាក់តេរី ក៏ដូចជាកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនៅទ្វារមាស។
៥. ជូតសម្អាតពីខាងមុខទៅខាងក្រោយ
នៅពេលដែលយើងសម្អាតទ្វារមាស ចូរសម្អាតពីខាងមុខទៅខាងក្រោយ។ ការធ្វើបែបនេះ អាចការពារពពួកបាក់តេរីពីតំបន់គូទមិនឲ្យឆ្លងទៅបរិវេណទ្វារមាស។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនជូតសម្អាតបន្ទាប់ពីនោមរួចទេនោះ វាអាចនាំឲ្យមានក្លិនមិនល្អ និងបង្កើនហានិភ័យនៃការឆ្លងមេរោគលើទ្វារមាស។
៦. ជៀសវាងញ៉ាំអាហារហឹរ
អាហារហឹរអាចបណ្ដាលឲ្យមានការរលាកនៅបរិវេណនោះ។ ជាទូទៅ ការញ៉ាំអាហារហឹរច្រើនអាចជះឥទ្ធិពលអវិជ្ជមានដល់កម្រិតpHរបស់ទ្វារមាស ក៏ដូចជាបង្កើនអត្រាឆ្លងមេរោគផ្សិតដូចគ្នា។
៧. សម្អាតទ្វារមាសបន្ទាប់ពីរួមភេទរួច
ទន្ទឹមនឹងនេះដែរ ស្រីៗយើងគប្បីនោម និងសម្អាតទ្វារមាសបន្ទាប់ពីរួមភេទរួច។ ការធ្វើដូចនេះ អាចជួយកាត់បន្ថយការលូតលាស់នៃបាក់តេរី ព្រមទាំងកាត់បន្ថយការឆ្លងមេរោគបានយ៉ាងស័ក្ដិសិទ្ធិ។
[embed-health-tool-ovulation]