អំឡុងពេលមានរដូវ ស្រីៗមួយចំនួនអាចនឹងមានអាការៈឈឺពោះ ហើមពោះ អស់កម្លាំង និងឈឺក្បាល ប៉ុន្តែការហាត់ប្រាណអាចជួយបន្ថយអាការៈទាំងនេះបាន។ អត្ថបទនេះនឹងលើកឡើងពីអត្ថប្រយោជន៍ និងតិចនិកសម្រាប់ការហាត់ប្រាណពេលមករដូវ។
អត្ថប្រយោជន៍នៃការហាត់ប្រាណពេលមករដូវ
១. ជួយឲ្យអារម្មណ៍ល្អ
យោងតាមមហាវិទ្យាល័យផ្នែករោគស្ត្រី និងសម្ភពសហរដ្ឋអាមេរិក ការហាត់ប្រាណអាចជួយបន្ថយអារម្មណ៍បាក់ទឹកចិត្តបាន។ ដូចនេះការហាត់ប្រាណអាចជួយឲ្យអារម្មណ៍ល្អជាងមុនពេលយើងមិនសប្បាយចិត្ត ឬខឹងអំឡុងពេលមករដូវ។
២. បន្ថយអាការៈអស់កម្លាំង
ការប្រែប្រួលនៃអ័រម៉ូនអាចបង្កឲ្យមានអាការៈអស់កម្លាំងអំឡុងពេលមករដូវ។ ការធ្វើសកម្មភាពផ្សេងៗអាចជួយបង្កើនកម្រិតថាមពលជំនួសឲ្យការបាត់បង់ថាមពលអំឡុងពេលមករដូវ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣. បន្ថយអាការៈឈឺចាប់ពេលមករដូវ
ការសិក្សាចេញផ្សាយក្នុងព្រឹត្តិបត្រ Journal of Education and Health Promotion បានរកឃើញថាអ្នកហាត់ប្រាណយ៉ាងតិច៣០នាទីរយៈពេល៨សប្ដាហ៍ជាប់គ្នាមានអាការៈឈឺចាប់ពេលមករដូវតិចជាងអ្នកមិនហាត់ប្រាណសោះ។ អ្នកសិក្សាក៏បានសន្និដ្ឋានថាការហាត់ប្រាណមុន និងអំឡុងពេលមករដូវអាចជួយបន្ថយអាការៈបាន។ ការហាត់ប្រាណមិនចាំបាច់ធ្វើសកម្មភាពខ្លាំងៗទេ ការដើរត្រឹម៣០នាទីក្នុងមួយថ្ងៃក៏ផ្តល់អត្ថប្រយោជន៍នេះដែរ។
តិចនិកសម្រាប់ការហាត់ប្រាណអំឡុងពេលមករដូវ
១. លំហាត់ប្រាណប្រើកម្លាំងតិច
អំឡុងពេលមករដូវយកល្អស្រីៗយើងគួរធ្វើលំហាត់ប្រាណណាដែលប្រើកម្លាំងតិចដូចជាការរត់ ការដើរ ការជិះកង់ និងការពត់ពែនខ្លួន (យ៉ូហ្កា និងតៃជី)។ លំហាត់ប្រាណទាំងនេះសុទ្ធតែអាចជួយពន្លាសាច់ដុំដែលតឹងពេលមានរដូវបាន។
អត្ថបទពាក់ព័ន្ធ៖
- ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា
- រលាកទ្វារមាសពេលកំពុងពពោះ អាចប៉ះពាល់កូនក្នុងផ្ទៃឬអត់?
- ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ
- ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?
២. រក្សាជាតិទឹក
ការបាត់បង់ទឹកពេលមករដូវអាចបណ្ដាលឲ្យមានអាការៈហើមពោះ និងទល់លាមកបាន។ ការផឹកទឹកឲ្យគ្រប់គ្រាន់អាចជួយបន្ទន់លាមក និងបន្ថយអាការៈបង្កភាពមិនស្រួលអំឡុងពេលហាត់ប្រាណបាន។ ដើម្បីជួយឲ្យផឹកទឹកឲ្យបានគ្រប់គ្រាន់យើងដាក់ទឹកនៅជិតខ្លួន និងផឹករាល់១៥នាទីម្ដងអំឡុងពេលហាត់ប្រាណ។
៣. ប្រើថ្នាំបំបាត់ឈឺចាប់
យើងអាចនឹងមានអាការៈឈឺខ្នង និងរមួលក្រពើដែលបង្កដោយការហាត់ប្រាណ ប៉ុន្តែយើងអាចបន្ថយការឈឺចាប់ដោយប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាមួយចំនួន។ យើងអាចប្រើមុនហាត់ប្រាណដើម្បីបន្ថយអាការៈរមួលក្រពើ។ យើងក៏អាចប្រើទឹកកក ឬបន្ទះកម្ដៅក្រោយពីហាត់ប្រាណរួចដែរ។ គួរបញ្ជាក់ដែរថាកុំប្រើទឹកកកស្អំដោយផ្ទាល់លើស្បែក គួរមានកន្សែងទ្រាប់លើស្បែក។
៤. ត្រៀមសំឡីអនាម័យបន្ថែម
ការហាត់ប្រាណអាចជួយបង្កើនលំហូរឈាមដែលនេះធ្វើឲ្យឈាមចេញពីស្បូនលឿនជាងមុន។ ដូចនេះគួរត្រៀមសំឡីអនាម័យបន្ថែម។
គួរចងចាំដែរថាទោះបីជាស្រីៗយើងអាចបន្តហាត់ប្រាណបានអំឡុងពេលមករដូវ ប៉ុន្តែគួរយកចិត្តទុកដាក់លើស្ថានភាពខ្លួនឯងមុននឹងហាត់ប្រាណ និងមិនគួរហាត់ប្រាណហួសកម្លាំងទេ។
[embed-health-tool-ovulation]