ការកើនឡើងនៃសំណើមក្នុងខ្យល់អាកាសនៅរដូវភ្លៀង អាចបង្កភាពងាយស្រួលដល់ការលូតលាស់នៃបាក់តេរី ក៏ដូចជាបណ្តាលឲ្យគ្នាយើងកើតមុនមិនឈប់។ ថ្វីត្បិតតែការជ្រើសរើសផលិតផលថែរក្សាសម្រស់បានត្រឹមត្រូវ អាចជួយកាត់បន្ថយផលប៉ះពាល់នៃអាកាសធាតុមកលើស្បែកក៏ពិតមែន ប៉ុន្តែការបញ្ចូលសារធាតុចិញ្ចឹមល្អៗទៅក្នុងរបបអាហារ មិនត្រឹមតែជួយឲ្យស្បែកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងអាចរារាំងការកើតមុនផងដែរ។
សារធាតុចិញ្ចឹមអ្វីខ្លះដែលអាចជួយបញ្ចៀសការកើតមុន?
ដើម្បីពង្រឹងរនាំងការពារស្បែកប្រឆាំងនឹងការកើតមុននៅរដូវភ្លៀង ស្រីៗយើងគួរបញ្ចូលសារធាតុចិញ្ចឹមសំខាន់ៗទាំង៥នេះទៅក្នុងរបបអាហារ៖
១. ស័ង្កសី
ស័ង្កសី គឺជាសារធាតុរ៉ែដ៏សំខាន់ដែលមានតួនាទីជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងគ្រប់គ្រងការផលិតផលប្រេង។ សារធាតុចិញ្ចឹមមួយប្រភេទនេះ អាចជួយកាត់បន្ថយការឡើងក្រហម និងរលាកស្បែក និងជួយជួសជុលស្បែកពីការបំផ្លាញដោយការកើតមុន។ អាហារដែលសម្បូរទៅដោយស័ង្កសី រួមមានគ្រាប់ល្ពៅ គ្រាប់ធញ្ញជាតិ និងផលិតផលផ្សំពីទឹកដោះគោ។
២. អាស៊ីដខ្លាញ់អូមេហ្គា៣
អាស៊ីដខ្លាញ់អូមេហ្គា៣ ជាភ្នាក់ងារប្រឆាំងនឹងការរលាក ក៏ដូចជាកាត់បន្ថយការផលិតជាតិខ្លាញ់ដ៏មានប្រសិទ្ធភាព។ បន្ថែមពីនេះ អាស៊ីដខ្លាញ់អូមេហ្គា៣ក៏ជួយពង្រឹងរនាំងការពារស្បែក និងរក្សាសំណើមដល់ស្បែក។ អាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣មានដូចជាត្រីសាម៉ុន ត្រីសាឌីន និងគ្រាប់ជីជាដើម។
៣. សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានតួនាទីប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបំផ្លាញស្បែក និងបង្កឲ្យមានការកើតមុន។ ជាទូទៅ វីតាមីន C ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អឯក ដែលអាចជំរុញការផលិតខូឡាជែន និងកាត់បន្ថយស្នាមមុន ហើយអាហារដែលសម្បូរទៅដោយវីតាមីន C រួមមានផ្លែក្រូច ស្ត្រប៊ឺរី ឃីវី និងម្ទេសប្លោក។ល។
៤. អាហារសម្បូរប្រូបាយអូទិក
សុខភាពពោះវៀនដំណើរការល្អ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពស្បែក ពីព្រោះបើពោះវៀនយើងមានបញ្ហា នោះនឹងអាចបង្កឲ្យមានការរលាក និងបញ្ហាស្បែកផ្សេងៗ ដែលរួមមានការកើតមុន។ អាហារដែលសម្បូរទៅដោយប្រូបាយអូទិក (បាក់តេរីល្អ) អាចជួយរក្សាតុល្យភាព microbiota ពោះវៀន និងជួយឲ្យប្រព័ន្ធរំលាយអាហារទាំងមូលមានសុខភាពល្អ។ ដូច្នេះហើយ គ្នាយើងគួរបញ្ចូលអាហារដែលផ្ទុកទៅដោយប្រូបាយអូទិក ដូចជាទឹកដោះគោជូរ ឬគីមឈី។
[embed-health-tool-bmi]
៥. អាហារដែលសម្បូរទៅដោយជាតិទឹក
ទន្ទឹមនឹងនេះដែរ ការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ មានសារៈសំខាន់ណាស់ចំពោះស្បែក ជាពិសេសនៅរដូវភ្លៀងតែម្តង។ អាហារដែលជាប្រភពនៃជាតិទឹក មានដូចជាផ្លែត្រសក់ ឪឡឹក ក្រូច និង Celery ជាដើម ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពស្បែក ដោយជួយបណ្តេញជាតិពុលពីរាងកាយ កាត់បន្ថយការកើតមុន និងជួយឲ្យស្បែកមុខភ្លឺថ្លា។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង