ការបែកញើស គឺជាវិធីដែលរាងកាយយើងបញ្ចេញជាតិពុល និងកម្តៅពីក្នុងខ្លួន ប៉ុន្តែការបែកញើសក្លៀកអាចធ្វើឱ្យក្លៀកយើងធុំក្លិនមិនល្អ និងប្រឡាក់ដាមអាវដែលអាចធ្វើឱ្យខ្មាសគេ ជាពិសេសនៅខែក្តៅដែលជាពេលក្លៀកអាចបែកញើសច្រើន។ តើយើងអាចកាត់បន្ថយការបែកញើសក្លៀកតាមវិធីណាខ្លះ?
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងប្រើដើម្បីកាត់បន្ថយបែកញើសក្លៀក៖
១. ងូតទឹកឱ្យបានទៀងទាត់
យើងគួរងូតទឹកឱ្យស្អាត និងត្រជាក់ខ្លួនយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីការពារ និងកាត់បន្ថយការបែកញើសដោយសារភាពស្អុះស្អាប់។ ម្យ៉ាងទៀត យើងគួរប្រើសាប៊ូដែលគ្មានជាតិកាត់ខ្លាំង ឬគ្មានក្លិនប្រអូបក្នុងការសម្អាតក្លៀក។
២. សម្រកទម្ងន់
ការធាត់ ឬលើសគីឡូក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីជារៀងរាល់ថ្ងៃ និងកាត់បន្ថយការញុំាអាហារដែលផ្ទុកជាតិម្សៅចម្រាញ់ ខ្លាញ់ និងស្ករខ្ពស់ដើម្បីកាត់បន្ថយកាឡូរីក្នុងខ្លួន និងជួយឱ្យយើងអាចស្រកទម្ងន់។
[embed-health-tool-bmi]
៣. ស្លៀកសម្លៀកបំពាក់អាចឱ្យខ្យល់ចេញចូលល្អ
យើងគួរស្លៀកសម្លៀកបំពាក់ដែលធ្វើពីកប្បាស សូត្រ ឬលីនីនជាដើម ដែលរលុងៗព្រោះក្រណាត់ទាំងនេះអាចឱ្យខ្យល់ចេញចូលបានល្អ កាត់បន្ថយការបែកញើស ការកកើតបាក់តេរី និងការមានក្លិនខ្លួន។
លើសពីនេះទៅទៀតយើងគួរស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រាលៗ ព្រោះសម្លៀកបំពាក់ដែលមានពណ៌ក្រមៅអាចស្រូបពន្លឺថ្ងៃ និងកម្តៅខ្លាំងដែលធ្វើឱ្យយើងបែកញើសច្រើន។
៤. កាត់បន្ថយស្រេស្ត
ការមានភាពតានតឹង ឬស្រេស្តក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរកាត់បន្ថយភាពតានតឹងតាមរយៈការដកដង្ហើមវែងៗ ហាត់យូហ្កា ដើរលំហែរ ឬស្តាប់តន្ត្រីជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៥. កោរ ឬដករោមក្លៀក
រោមក្លៀក រោមមុខ និងរោមលើរាងកាយយើងអាចជួយបញ្ចេញកម្តៅពីរាងកាយយើងតាមរយៈការបញ្ចេញញើស ដូច្នេះការដក ឬកោររោមក្លៀកអាចជួយកាត់បន្ថយការបែកញើសក្លៀកបាន។
៦. កាត់បន្ថយអាហារធ្វើឱ្យបែកញើសច្រើន
អាហារដែលអាចធ្វើឱ្យយើងបែកញើសច្រើនមានដូចជា អាហារកែច្នៃ គ្រឿងស្រវឹង ខ្ទឹម ខ្ទឹមបារាំង អាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារហឹរ និងជាតិកាហ្វេអ៊ីនជាដើម ព្រោះអាហារទាំងនេះអាចធ្វើឱ្យរាងកាយយើងឡើងកម្តៅ។
ជាងនេះទៅទៀត ការញុំាអាហារដែលប្រៃៗ (មានជាតិសូដ្យូមខ្ពស់) ក៏រួមចំណែកធ្វើឱ្យយើងបែកញើស និងនោមច្រើនដែរ ព្រោះរាងកាយត្រូវបញ្ចេញជាតិសូដ្យូមដែលលើស។
៧. ចៀសវាងជក់បារី
ជាតិនីកូទីននៅក្នុងបារី គឺដូចជាតិកាហ្វេអ៊ីនដែរ ដោយអាចបង្កើនកម្តៅក្នុងរាងកាយយើង ធ្វើឱ្យបេះដូងលោតលឿន និងធ្វើឱ្យក្រពេញញើសសកម្មជាងមុនដែលធ្វើឱ្យបែកញើសច្រើន។
៨. ញុំាអាហារ និងភេជ្ជៈអាចកាត់បន្ថយការបែកញើស
អាហារមួយចំនួនអាចធ្វើឱ្យរាងកាយយើងត្រជាក់ និងកាត់បន្ថយបរិមាណញើសដែលរាងកាយផលិត។ អាហារទាំងនោះមានដូចជា ទឹក តែបៃតង ចេក ប្រេងអូលីវ ស្រូវសាលីអូត ដំឡូងជ្វា អាហារដែលមានជាតិកាល់ស្យូមខ្ពស់ (ផលិតផលធ្វើពីទឹកដោះ) បន្លែ និងផ្លែឈើដែលមានជាតិទឹកខ្ពស់ ដូចជាឪឡឹក ទំពាំងបាយជូរ ត្រសក់ស្រូវផ្អែម ខាត់ណាខៀវ ផ្កាខាត់ណា ម្ទេសហាវៃ និងត្រប់វែងជាដើម។
យើងបែកញើសនៅពេលក្តៅស្អុះស្អាប់ ដូច្នេះយើងគួរនៅក្នុងម្លប់ ចៀសវាងត្រូវកម្តៅថ្ងៃ និងគួរបើកបង្អួច កង្ហារ ឬម៉ាស៊ីនត្រជាក់ដើម្បីការពារការបែកញើស។
អត្ថបទគួរអាន៖
- មានផ្ទៃពោះ ក្លៀកប្រែជាខ្មៅ នេះជាវិធីដោះស្រាយ
- Excessive sweating (ការបែកញើសច្រើនហួស)
- ធុំក្លិនខ្លួន សាកដោះស្រាយតាមវិធីទាំងនេះ
- តិចនិកជួយរក្សាក្លិនខ្លួន ឲ្យក្រអូបប្រហើរបានពេញមួយថ្ងៃ
- ក្តៅខ្លាំងអ៊ីចឹង បើស្រលាញ់ស្បែក ត្រូវដឹងវីតាមីនសំខាន់ៗទាំងនេះ
- ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ!
ចំណុចសំខាន់
- ងូតទឹកឱ្យបានទៀងទាត់
- សម្រកទម្ងន់
- ស្លៀកសម្លៀកបំពាក់ដែលអាចឱ្យខ្យល់ចេញចូលល្អ
- កាត់បន្ថយស្រេស្ត
- កោរ ឬដករោមក្លៀក
- កាត់បន្ថយអាហារដែលធ្វើឱ្យយើងបែកញើសច្រើន
- ចៀសវាងជក់បារី
- ញុំាអាហារ និងភេជ្ជៈដែលអាចកាត់បន្ថយការបែកញើស