គ្នាយើងងូតទឹកសម្អាតរាងកាយយ៉ាងតិចក៏ម្ដង/ថ្ងៃដែរ ដើម្បីកម្ចាត់រាល់ធូលី ឬបាក់តេរីមិនល្អដែលតោងជាប់លើស្បែកយើង។ ជឿថា មានគ្នាយើងខ្លះលួចអត់ងូតទឹក ដោយសារអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ៗពេក ទម្រាំងូតទឹកហើយ រងាញាក់រឹងថ្គាម។ សាកស្រមៃមើល៍ បើក្នុងខែត្រជាក់ យើងអត់ងូតទឹកសម្អាតខ្លួនច្រើនថ្ងៃ ខ្លួនយើង ស្បែកយើង នឹងប្រែក្លាយជាយ៉ាងណាខ្លះទៅ? ប៉ុន្តែ មិនចាំបាច់ស្រមៃក៏បានដែរ ខាងក្រោមនេះ ជាបញ្ហាយើងអាចជួបប្រទះ ប្រសិនបើខ្ជិលងូតទឹកច្រើនថ្ងៃជាប់គ្នា។
១. មេរោគ
ជាទូទៅ រាងកាយរបស់យើងមានបាក់តេរីច្រើននៅលើស្បែក តែមួយចំនួនជាបាក់តេរីល្អ ប៉ុន្តែបើយើង មិនបានងូតទឹកទេ ពពួកបាក់តេរីមិនល្អនឹងកើនឡើង ហើយវាអាចចូលទៅក្នុងច្រមុះ ភ្នែក មាត់ បណ្ដាលឲ្យយើងឈឺបាន។
២. ឆ្លងមេរោគលើស្បែក
ក្រៅពីធ្វើឲ្យយើងឈឺ ប្រភេទបាក់តេរី និងផ្សិតខ្លះអាចធ្វើឲ្យស្បែកឆ្លងមេរោគ ជាពិសេសពេលដែលយើងមិនសម្អាតវាចេញច្រើនថ្ងៃ។ Staphylococcus ជាបាក់តេរីរស់នៅលើខ្លួនយើង ប៉ុន្តែវាមិនបង្កជាបញ្ហាអ្វីនោះទេ លុះត្រាតែមានរបួសដែលអាចធ្វើឲ្យបាក់តេរីជ្រាបចូលតាមមុខរបួស បង្កជាការឆ្លងមេរោគបាន។
៣. ភាពកខ្វក់ជារួម
បើយើងមិនងូតទឹកសម្អាតធូលី ញើស ក្អែល ឬប្រេងមិនល្អចេញពីលើស្បែកយើងទេ ត្រៀមខ្លួនព្រួយពីការកើតមុខលើដងខ្លួនទៅ។ កាលណាយើងមិនផ្អាប់ញើស ឬក្អែល មុននឹងលេចឡើងមក ធ្វើឲ្យយើងបាក់សម្រស់ និងត្រូវចំណាយលុយព្យាបាលទៀត។ ម៉្យាងវិញទៀត ការមិនបានងូតទឹកច្រើនថ្ងៃ អាចធ្វើឲ្យយើងមើលទៅមិនស្រស់ថ្លា គ្មានអនាម័យ និងគ្មានរបៀបរៀបរយ។
លើសពីនេះ បញ្ហាក្លិនខ្លួន ដែលគ្មានគ្នាយើងម្នាក់ណាចូលចិត្តនោះនឹងភាយចេញពីរាងកាយមក។ ក្លិនខ្លួន កើតឡើងនៅពេលដែលបាក់តេរីបំបែកសមាសធាតុគីមីក្នុងញើស ហើយបញ្ចេញក្លិនមក។ ប្រសិនបើយើង មិនងូតទឹកសម្អាតញើស ឬបាក់តេរីអាក្រក់ៗចោល ហើយប្រើផលិតផលសម្អាងដូចជា ឡេ ឬទឹកអប់មានក្លិនក្រអូបទៀតនោះ គ្មានអ្នកណាអាចនៅជិតយើងបានយូរទេ។
៤.រលាកស្បែក
សាកមិនងូតទឹកច្រើនថ្ងៃលមើល៍ យើងនឹងឃើញមានស្នាមប្រឡាក់ពណ៌ត្នោតលើស្បែក ហើយអ្នកជំនាញខាងសើស្បែកហៅវាថា បញ្ហារលាកស្បែក (Dermatitis Neglecta)។ បញ្ហានេះ កើតឡើងដោយសារការកើនឡើងក្អែល ញើស keratin និងប្រេងដែលរាងកាយយើងបង្កើតមកដោយធម្មជាតិ។
[embed-health-tool-due-date]