គេងដោយមិនកើយខ្នើយអាចធ្វើឲ្យយើងគ្មានផាសុកភាពនៅពេលដំបូងក៏ពិតមែន ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងអស្ចារ្យ។ ពិតណាស់ ការគេងដោយមិនកើយខ្នើយ មិនត្រឹមតែជួយកម្ចាត់បញ្ហាឈឺខ្នងប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងជួយឲ្យស្បែកទន់ល្មើយ ក៏ដូចជាក្មេងជាងវ័យថែមទៀតផង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ចំពោះស្បែក ប្រសិនបើយើងគេងមិនកើយខ្នើយ។
១. កាត់បន្ថយស្នាមជ្រីវជ្រួញ
យើងដឹងហើយថា ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យយើងមើលទៅចាស់ជាងវ័យ។ យ៉ាងណាមិញ ស្រោមខ្នើយក៏អាចធ្វើឲ្យយើងឆាប់ចាស់ដូចគ្នា។ ស្រោមខ្នើយភាគច្រើនផលិតឡើងពីកប្បាស ដែលអាចកកិតនឹងស្បែក បណ្ដាលឲ្យស្បែកស្ងួត។ ស្បែកដែលគ្មានសំណើមងាយនឹងកើតមានស្នាមជ្រីវជ្រួញ។ នៅពេលដែលយើងគេងមិនកើយខ្នើយ វាអាចនឹងផ្ដល់គុណប្រយោជន៍ជាច្រើនដល់ស្បែកនៅរយៈពេលយូរ។
២. ស្បែកទន់ល្មើយ
ស្បែករបស់យើងត្រូវការសំណើមដូចទៅនឹងរាងកាយទាំងមូលផងដែរ។ ប៉ុន្តែ ស្រោមខ្នើយធ្វើពីកប្បាស អាចបំផ្លាញសំណើម និងប្រេងសំខាន់ៗនៃស្បែក ដែលជាលទ្ធផល វាធ្វើឲ្យស្បែករបក និងមិនមានសុខភាពល្អ។
៣. បង្ការការរលាកស្បែក
ប្រសិនបើគ្នាយើងមានស្បែកងាយប្រតិកម្ម និងងាយកើតមុន ការគេងដោយប្រើខ្នើយធ្វើពីកប្បាស មិនមែនជាជម្រើសដ៏ល្អឡើយ។ កប្បាសមានសភាពគ្រើមពេកចំពោះស្បែក ហើយការកកិតនឹងកប្បាស ក៏អាចធ្វើឲ្យស្បែករបស់យើងរលាក និងកាន់តែយ៉ាប់យ៉ឺនទៅៗ។ ដោយសារតែខ្នើយរបស់យើងអាចជាកន្លែងប្រមូលផ្ដុំនៃពពួកបាក់តេរី ការគេងដោយសង្កត់មុខនៅលើខ្នើយ អាចបណ្ដាលឲ្យកើតមុនយ៉ាងងាយ។
៤. ជួយឲ្យស្បែកឆាប់ជាសះស្បើយ
នៅពេលដែលយើងគេង ស្បែករបស់យើងនឹងជួសជុលខ្លួនឯង ដើម្បីត្រលប់ទៅរកសភាពល្អប្រសើរឡើងវិញ។ ខ្នើយប្រមូលផ្ដុំជាតិខ្លាញ់ និងកាកសំណល់ពីគ្រឿងសម្អាងពីមួយយប់ទៅមួយយប់ ដែលធ្វើឲ្យការគេងសង្កត់មុខនៅលើខ្នើយ ជះឥទ្ធិពលអវិជ្ជមានដល់ស្បែកមុខយ៉ាងសម្បើម។
៥. ជួយឲ្យស្បែកភ្លឺថ្លា
ការគេងនៅលើខ្នើយដែលទន់ពេក អាចកាត់បន្ថយលំហូរឈាមទៅកាន់ក្បាល។ កត្តានេះអាចបណ្ដាលឲ្យឈឺក ឈឺក្បាល ព្រមទាំងធ្វើឲ្យស្បែកស្ងួត និងស្រអាប់។ ចរន្តឈាមខ្សោយអាចនាំឲ្យមានបញ្ហាស្បែកផ្សេងៗ រួមទាំងពណ៌ស្បែកមិនស៊ីគ្នា កន្ទួល និងរោល។
៦. កាត់បន្ថយស្នាមផ្នត់នៃស្បែក
ជាមួយគ្នានេះដែរ ប្រសិនបើគ្នាយើងសង្កេតឃើញស្នាមផ្នត់នៅលើផ្ទៃមុខ បន្ទាប់ពីភ្ញាក់ពីគេង វាក៏អាចបណ្ដាលមកពីខ្នើយរបស់យើង។ ជាក់ស្ដែង ខ្នើយដែលធ្វើពីកប្បាសក្រាស់ៗ អាចបង្កឲ្យមានស្នាមផ្នត់នៅលើស្បែក ហើយទោះបីជាស្នាមទាំងនេះ អាចនឹងបាត់ទៅវិញបន្តិចម្ដងៗនៅក្នុងថ្ងៃដដែលក៏ពិតមែន ប៉ុន្តែនៅពេលដែលស្បែករបស់យើងកើតមានស្នាមដែលបន្សល់ពីការកើយខ្នើយដដែលៗ វាក៏អាចនាំឲ្យយើងកើតមានស្នាមជ្រីវជ្រួញជារៀងរហូត។ ហេតុនេះហើយ ការគេងដោយមិនកើយខ្នើយជាជម្រើសដ៏ល្អ ដើម្បីទទួលបានស្បែកដែលមានសុខភាព និងទន់ល្មើយ។