ម៉ាសបិទមុខធម្មជាតិជាជម្រើសដ៏ប្រសើរមួយ សម្រាប់ស្រីៗដែលចង់បានស្បែកស្រស់ស្អាត ប៉ុន្តែចំណាយតិច និងទទួលបានប្រសិទ្ធភាពខ្ពស់។ ពិតណាស់ ក្រៅពីមានគុណប្រយោជន៍ជាច្រើនដល់សុខភាព ទឹកដោះគោជូរក៏ដើរតួយ៉ាងសំខាន់ជួយឲ្យសម្រស់យើងកាន់តែទាក់ទាញទ្វេដង អ៊ីចឹងហើយ គ្នាយើងកុំភ្លេចសាកធ្វើម៉ាសធម្មជាតិដែលផ្សំឡើងពីទឹកដោះគោជូរទាំងអស់គ្នាណា៎!
តើម៉ាសទឹកដោះគោជូរមានគុណប្រយោជន៍អ្វីខ្លះចំពោះស្បែក?
១. ជម្រុះកោសិកាចាស់នៃស្បែក
ទឹកដោះគោជូរផ្ទុកនូវពពួក Lactic acid ដែលអាចជួយសម្អាត ជម្រុះកោសិកាចាស់ៗ ក៏ដូចជាជួយបង្កើនកោសិកាថ្មីៗនៃស្បែក។ ជាងនេះទៅទៀត Lactic acid ក៏មិនបង្កការរលាកផងដែរ នៅពេលដែលយើងជម្រុះកោសិកាចាស់ៗ។
២. ពន្យារភាពចាស់
គ្នាយើងដឹងអត់ថា ការប្រើទឹកដោះគោជូរជាទៀងទាត់ អាចជួយពន្យារភាពចាស់យ៉ាងស័ក្តិសិទ្ធ ពីព្រោះទឹកដោះគោជូរ ផ្ទុក bioactive peptide ដែលអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ។
៣. ជួយឲ្យស្បែកភ្លឺថ្លា និងកាត់បន្ថយការកើតមុន
សារធាតុ lactic acid នៅក្នុងទឹកដោះគោជូរ ក៏អាចជួយទប់ស្កាត់ការកើតនៃអង់ស៊ីម tyrosinase ដែលជាភ្នាក់ងារធ្វើឲ្យស្បែកស្រអាប់មិនភ្លឺថ្លា ហើយស័ង្កសីក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយបញ្ហាកើតមុនផងដែរ។
ម៉ាសទឹកដោះគោជូរដែលស្រីៗយើងមិនគួររំលង
១. ម៉ាសផ្លែបឺរ និងទឹកដោះគោជូរ
- ទឹកដោះគោជូរកន្លះពែង
- ផ្លែបឺរកន្លះផ្លែ
- ជែលប្រទាលកន្ទុយក្រពើចំនួន២ស្លាបព្រាបាយ
វិធីធ្វើ៖
លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ដោយកូរឲ្យសព្វល្អ សឹមលាបលើផ្ទៃមុខ និងក។ ទុករយៈពេលពី២០ ទៅ២៥នាទី រួចលាងទឹកចេញ។
២. ម៉ាសទឹកឃ្មុំ និងទឹកដោះគោជូរ
- ទឹកដោះគោជូរកន្លះពែង
- ទឹកឃ្មុំ២ស្លាបព្រាបាយ
វិធីធ្វើ៖
កូរឲ្យសព្វបញ្ចូលគ្នា រួចលាបលើផ្ទៃមុខ និងក ដោយទុកចោលរយៈពេល២០នាទី រួចលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
៣. ម៉ាសរមៀត និងទឹកដោះគោជូរ
- ទឹកដោះគោជូរកន្លះពែង
- ម្សៅរមៀត១ស្លាបព្រាបាយ
វិធីធ្វើ៖
កូរឲ្យសព្វបញ្ចូលគ្នា រួចលាបលើផ្ទៃមុខ និងក ដោយទុកចោលរយៈពេល២០ ទៅ៣០នាទី សឹមលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
ចំណុចសំខាន់
ម៉ាសបិទមុខផ្សំពីទឹកដោះគោជូរផ្តល់គុណប្រយោជន៍ជាច្រើនដល់ស្បែក រួមមាន៖
- ជម្រុះកោសិកាចាស់នៃស្បែក
- ពន្យារភាពចាស់
- ជួយឲ្យស្បែកភ្លឺថ្លា និងកាត់បន្ថយការកើតមុន
សម្រាប់ស្រីៗយើងដែលចង់បានស្បែកស្អាត កុំរំលងរូបមន្តធម្មជាតិមួយនេះឲ្យសោះណា៎!