ការប្រើប្រាស់
១- គេប្រើខ្ទឹមសដើម្បីអ្វីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- គេប្រើខ្ទឹមសដើម្បីអ្វីខ្លះ?
ខ្ទឹមស អាចប្រើចំពោះជំងឺជាច្រើន ទាក់ទងនឹងបេះដូង រួមទាំងប្រព័ន្ធសរសៃឈាម រួមមាន៖
– ឡើងសម្ពាធឈាម
– សម្ពាធឈាមចុះទាប
– ជាតិខ្លាញ់កូលេស្តេរ៉ូលក្នុងឈាមខ្ពស់
– ឡើងជាតិខ្លាញ់កូលេស្តេរ៉ូលដោយសារកត្តាតំណពូជ
– ជំងឺសរសៃឈាមបេះដូង
– គាំងបេះដូង
– បញ្ហាចរន្តឈាមកាត់បន្ថយ ដោយសារសរសៃឈាមរួមតូច
– សរសៃឈាមឡើងរឹង (atherosclerosis)។
យោងតាមការសិក្សាខ្លះ ខ្ទឹមស អាចជួយការពារ ពីប្រភេទជំងឺមហារីកជាច្រើនដូចជា៖
– មហារីកពោះវៀនធំ
– មហារីកចុងពោះវៀនធំ (Rectal cancer)
– មហារីក ក្រពះ (Stomach cancer)
– មហារីកក្រពេញប្រូស្តាត (Prostate cancer)
– មហារីកគ្រាប់ឈាម (Multiple myeloma)
– មហារីកសួត (Lung cancer)
– មហារីកបំពង់បង្ហួរនោម (Bladder cancer)
រុក្ខជាតិនេះ ក៏អាចប្រើដើម្បីការពារចៃខាំ ធ្វើជាថ្នាំដេញមូស ការពារជំងឺផ្ដាសាយ និងព្យាបាលការបង្ករោគដោយបាក់តេរី និងផ្សិត។
ខ្ទឹមស (Garlic) អាចនឹងប្រើក្នុងករណីផ្សេងទៀត ដូចនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យ។
២- ខ្ទឹមសដំណើរការម៉េចខ្លះ?
ខ្ទឹមស (Garlic) មានសារធាតុ គីមីមួយប្រភេទ ហៅថា Allicin។ សារធាតុនេះ ធ្វើឲ្យខ្ទឹមស អាចមានសកម្មភាពព្យាបាលជំងឺមួយចំនួន ក៏ជាសារធាតុធ្វើឲ្យខ្ទឹមស មានក្លិនផងដែរ។
ផលិតផលពីខ្ទឹមសខ្លះ ត្រូវធ្វើឡើងដើម្បីកុំឲ្យមានក្លិន ដោយធ្វើឲ្យខ្ទឹមសកាន់តែចាស់ ប៉ុន្តែវិធីនេះ ក៏ធ្វើឲ្យប្រសិទ្ធភាពព្យាបាលរបស់ឱសថបុរាណមួយនេះ កាន់តែដែរ។ ជាការល្អ បើញ៉ាំអាហារបំប៉នផលិតពីខ្ទឹមស គួរតែជាផលិតដោយប្រើវិធីស្រោប (Enteric coating) ដែលធ្វើឲ្យថ្នាំរលាយក្នុងពោះវៀន ល្អជាងរលាយនៅក្នុងក្រពះ។
សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណដើម្បីដឹងព័ត៌មានបន្ថែម។
៣- ត្រូវដឹងអ្វីខ្លះមុននឹងប្រើខ្ទឹមស?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយខ្ទឹមស ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ
– បើផឹកទឹកខ្ញីមុនពេលវះកាត់ ឬដាក់ថ្នាំសន្លប់។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ខ្ទឹមសមានសុវត្ថិភាពដែរទេ?
– ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានគ្រប់គ្រាន់គួរឲ្យជឿទុកចិត្ត ពាក់ព័ន្ធសុវត្ថិភាពពេលញ៉ាំខ្ទឹមស ជាឱសថនៅឡើយទេ ដូចនេះ បើកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន សូមចៀសវាងប្រើខ្ទឹមសជាឱសថ។
– ចំពោះក្មេង៖ ខ្ទឹមស អាចនឹងមានសុវត្ថិភាពពេលប្រើជាថ្នាំក្នុងរយៈពេលខ្លីចំពោះក្មេង។ តែប្រភពខ្លះ បង្ហាញថា ប្រើខ្ទឹមសជាឱសថក្នុងកម្រិតខ្ពស់ អាចនឹងមានគ្រោះថ្នាក់ចំពោះក្មេង។ ពេលលាបនៅលើស្បែក ខ្ទឹមស អាចបណ្ដាលឲ្យខូចស្បែក ស្រដៀងនឹងការរលាក។
– វះកាត់៖ ខ្ទឹមស អាចនឹងធ្វើឲ្យការហូរឈាមកាន់តែយូរ ប៉ះពាល់ដល់សម្ពាធឈាម។ ត្រូវឈប់ញ៉ាំខ្ទឹមស យ៉ាងហោច ២សប្តាហ៍ មុនពេលវះកាត់។
៥- ខ្ទឹមសអាចបង្កឲ្យមានផលរំខានអ្វីខ្លះ?
ទាំងនេះជាផលរំខានខ្លះៗដែលកើតមានទូទៅ៖
– ខ្យល់ដង្ហើមមិនល្អ
– ធុំក្លិនខ្លួន
– រាក
– ក្រហាយមាត់
– ចង្អោរ
– ក្អួត
– បែកញើស
– មានអារម្មណ៍ស្រាលក្បាល
– ហូរឈាម
– នាំឲ្យផ្លូវដង្ហើមមានបញ្ហា (ដូចគ្នានឹងជំងឺហឺត)
– ប្រតិកម្មអាលែកហ្ស៊ី
– ខូចស្បែក
– រលាកស្បែកធ្ងន់ធ្ងរ។
មិនមែនគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
អត្ថបទពាក់ព័ន្ធ៖
៦- ខ្ទឹមសអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
ខ្ទឹមស អាចនឹងមានអន្តរកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពសុខភាពយើងកំពុងមាននាពេលបច្ចុប្បន្ន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបូរាណមុននឹងប្រើ។
ពេលប្រើឱសថរុក្ខជាតិនេះ ជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺរៀបរាប់ខាងក្រោម អាចបង្កឲ្យមានអន្តរកម្មថ្នាំបានដូចជា៖
– ថ្នាំ Isoniazid (Nydrazid, INH)៖ ជាប្រភេទថ្នាំមួយក្នុងចំណោមថ្នាំព្យាបាលជំងឺរបេង ហើយខ្ទឹមស អាចបន្ថយសកម្មភាពថ្នាំនេះ កាត់បន្ថយការស្រូបយកជាតិថ្នាំចូលរាងកាយ។
– ថ្នាំប្រើព្យាបាលជំងឺអេដស៍ (ពពួកថ្នាំ Non-Nucleoside Reverse Transcriptase Inhibitors (NNRTIs)៖ ញ៉ាំខ្ទឹមស អាចកាត់បន្ថយប្រសិទ្ធិភាពថ្នាំព្យាបាលជំងឺអេដស៍។ ដោយថ្នាំទាំងនោះ រួមមាន ថ្នាំ Nevirapine (Viramune) ថ្នាំ Delavirdine (Rescriptor) និង ថ្នាំ Efavirenz (Sustiva)។
– ថ្នាំ Saquinavir (Fortovase, Invirase)៖ ញ៉ាំខ្ទឹមស ជាមួយនឹងថ្នាំនេះ ធ្វើឲ្យប្រសិទ្ធិភាពធ្លាក់ចុះ ព្រោះខ្ទឹមស និងបង្កើនការបំបែកថ្នាំនៅក្នុងរាងកាយឲ្យកាន់តែលឿន។
– ថ្នាំពន្យារកំណើត (Contraceptive drugs)៖ ថ្នាំពន្យារកំណើតខ្លះ មានជាតិអ័រម៉ូន អឺស្ត្រូជែន (Estrogen) ។ រាងកាយត្រូវការបំបែកសារធាតុអ័រម៉ូននេះនៅក្នុងថ្នាំពន្យារកំណើត ដើម្បីបញ្ចេញវាចេញ។ ខ្ទឹមស នឹងធ្វើឲ្យសកម្មភាពបំបែកនេះកាន់តែលឿន ដូចនេះបើប្រើខ្ទឹមស ជាមួយនឹងថ្នាំពន្យារកំណើតប្រភេទនេះ អាចធ្វើឲ្យប្រសិទ្ធិភាពថ្នាំចុះខ្សោយ។ បើប្រើថ្នាំនេះ ជាមួយខ្ទឹមស គួរប្រើមធ្យោបាយពន្យារកំណើតផ្សេងមួយទៀតអមជាមួយ ដូចជា ប្រើស្រោមអនាម័យជាដើម។ ថ្នាំពន្យារកំណើតទាំងនោះមានដូចជា ថ្នាំ Ethinyl estradiol និង Levonorgestrel (Triphasil) ថ្នាំ ethinyl estradiol និង Norethindrone (Ortho-Novum 1/35, Ortho-Novum 7/7/7) រួមនឹងថ្នាំមួយចនួនផ្សេងទៀត។
– ថ្នាំ Cyclosporine (Neoral, Sandimmune)៖ ជាថ្នាំបញ្ចុះសកម្មភាពប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ខណៈខ្ទឹមស អាចនឹងបង្កើនការបំបែកសារធាតុថ្នាំនេះពីចេញពីរាងកាយ នាំឲ្យធ្លាក់ចុះប្រសិទ្ធិភាពថ្នាំ។
– ថ្នាំផ្លាស់ប្ដូរដោយសារថ្លើមពពួក (Cytochrome P450 2E1 (CYP2E1) substrates)៖ ថ្នាំមួយចំនួន ផ្លាស់ប្ដូរនិងបំបែកដោយសារថ្លើម ដោយពពួកថ្នាំទាំងនេះ អាចមានប្រតិកម្មជាមួយខ្ទឹមស បន្ថយល្បឿនសកម្មភាពបំបែកថ្នាំរបស់ថ្លើម។ ញ៉ាំប្រេងខ្ទឹមស ជាមួយនឹងថ្នាំមួយចំនួន ដែលប្រែប្រួលដោយសារថ្លើម អាចបង្កើនប្រសិទ្ធិភាព និងផលរំខានកាន់តែច្រើន។ មុននឹងញ៉ាំប្រេងខ្ទឹមស បើត្រូវលេបថ្នាំណាមួយដែលផ្លាស់ប្ដូរដោយសារថ្លើម ត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន។ ថ្នាំអាចផ្លាស់ប្ដូរដោយសារថ្លើមរួមមាន ថ្នាំ ប៉ារ៉ាសេតាមុល (Acetaminophen) ថ្នាំ Chlorzoxazone (Parafon Forte) សារធាតុ ethanol ថ្នាំ theophylline និងថ្នាំសណ្ដំអំឡុងពេលវះកាត់ដូចជា ថ្នាំ enflurane (Ethrane) ថ្នាំ halothane (Fluothane) ថ្នាំ isoflurane (Forane) និង ថ្នាំ methoxyflurane (Penthrane)។
– ថ្នាំផ្លាស់ប្ដូរសកម្មភាពដោយសារថ្លើមពេពួក (Cytochrome P450 3A4 (CYP3A4) substrates)៖ ខ្ទឹមស អាចពន្លឿនការបំបែកថ្នាំរបស់ថ្លើម។ ញ៉ាំ ខ្ទឹមស ជាមួយថ្នាំមួយចំនួន ដែលបំបែកនៅក្នុងថ្លើម អាចកាត់បន្ថយប្រសិទ្ធិភាពថ្នាំ។ មុនញ៉ាំឱសថធ្វើពីខ្ទឹមស គួរពិគ្រោះជាមួយគ្រូពេទ្យសិន ខណៈថ្នាំផ្លាស់ប្ដូរសកម្មភាពដោយសារថ្លើមរួមមាន ថ្នាំ lovastatin (Mevacor), ថ្នាំ ketoconazole (Nizoral), ថ្នាំ itraconazole (Sporanox), ថ្នាំ fexofenadine (Allegra), ថ្នាំ triazolam (Halcion), និងថ្នាំផ្សេងៗទៀត។
– ថ្នាំធ្វើឲ្យឈាមក្រកក (Anticoagulant / Antiplatelet drugs)៖ ខ្ទឹមស អាចនឹងបន្ថយការដំណើរការកកឈាម។ ញ៉ាំខ្ទឹមស ជាមួយថ្នាំធ្វើឲ្យឈាមក្រកក អាចបង្កើនឲ្យមានរបួស និងការហូរឈាម ហើយថ្នាំធ្វើឲ្យឈាមក្រកករួមមាន ថ្នាំ aspirin, ថ្នាំ clopidogrel (Plavix), ថ្នាំ diclofenac (Voltaren, Cataflam, others), ថ្នាំ ibuprofen (Advil, Motrin, others), ថ្នាំ naproxen (Anaprox, Naprosyn, others), ថ្នាំ dalteparin (Fragmin), ថ្នាំ enoxaparin (Lovenox), ថ្នាំ heparin, ថ្នាំ warfarin (Coumadin) និងផ្សេងៗទៀត។
– ថ្នាំ Warfarin (Coumadin)៖ ខ្ទឹមស អាចនឹងធ្វើឲ្យកើនប្រសិទ្ធិភាពរបស់ថ្នាំ Warfarin (Coumadin)។ ញ៉ាំខ្ទឹមស (Garlic) ជាមួយនឹងថ្នាំនេះ អាចនឹងកើនឱកាសមានរបួស និងការហូរឈាម។ ត្រូវប្រាកដថា បានពិនិត្យឈាមទៀងទាត់ ហើយកម្រិតថ្នាំ Warfarin (Coumadin) ក៏អាចនឹងប្រែប្រួលដូចគ្នា។
– បញ្ហាការហូរឈាម (Bleeding disorder)៖ ខ្ទឹមស ជាពិសេសខ្ទឹមសស្រស់ អាចបង្កើនគ្រោះថ្នាក់នៃការហូរឈាម។
– បញ្ហាក្រពះ ឬបញ្ហាប្រព័ន្ធរំលាយអាហារ៖ ខ្ទឹមស អាចធ្វើឲ្យរលាកបំពង់ក្រពះពោះវៀន ត្រូវប្រើដោយប្រុងប្រយ័ត្ន បើមានបញ្ហាប្រព័ន្ធរំលាយអាហារ។
– សម្ពាធឈាមទាប៖ ខ្ទឹមស អាចធ្វើឲ្យសម្ពាធឈាមចុះទាប។ ក្នុងទ្រឹស្ដី ញ៉ាំខ្ទឹមស អាចធ្វើឲ្យសម្ពាធឈាមកាន់តែចុះទាប បើយើងមានសម្ពាធឈាមទាបស្រាប់។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
លេបតាមមាត់
– ករណីរឹងសរសៃឈាម៖ ម្សៅថ្នាំគ្រាប់ ខ្ទឹមស ៣០០មិល្លីក្រាម លេបម្ដងគត់ ឬ ៣ដង រៀងរាល់ថ្ងៃ រយៈពេលរហូតដល់ទៅ ៤ ឆ្នាំ។
– ករណីជំងឺមហារីកពោះវៀនធំ និងមហារីកចុងពោះវៀនធំ៖ អាចប្រើថ្នាំគ្រាប់មានសម្បក (ខេបស៊ុល) ២,៤មិល្លីលីត្រ សារធាតុចម្រាញ់ពីខ្ទឹមស ញ៉ាំរាល់ថ្ងៃ រយៈពេល ១២ ខែ។
– ករណីឡើងសម្ពាធឈាម៖
– ករណីមហារីកក្រពេញប្រូស្តាត៖ អាចប្រើ ក្នុងកម្រិត ១ មិល្លីក្រាម/គីឡូក្រាម នៃសារធាតុចម្រាញ់ពីខ្ទឹមស រលាយក្នុងទឹក ញ៉ាំរៀងរាល់ថ្ងៃ រយៈពេល ១ ខែ។
– ករណីសត្វចៃខាំ៖ អាចប្រើថ្នាំគ្រាប់មានសម្បក (ខេបស៊ុល) ១២០០មិល្លីក្រាម នៃខ្ទឹមស ញ៉ាំរាល់ថ្ងៃ រយៈពេល ៨សប្ដាហ៍។
ថ្នាំលាប
– ចំពោះការបង្ករោគលើស្បែកដោយផ្សិត៖ សារធាតុ Ajoene នៅក្នុងខ្ទឹមស ជាក្រែម ០,៤% ជាជែល ០,៦% និង ជាជែល ១% លាប ២ ដង/ថ្ងៃ រយៈពេល ១ សប្ដាហ៍។
កម្រិតដូសក្នុងការប្រើប្រាស់ឱសថរុក្ខជាតិនេះ អាចខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- ទម្រងជាថ្នាំរបស់ ខ្ទឹមស (Garlic)
ខ្ទឹមស អាចមានទម្រង់ និងកម្រិតដូចខាងក្រោម៖
– ខ្ទឹមស ជាគ្រាប់ថ្នាំ
– ខ្ទឹមស ជាម្សៅ
– ខ្ទឹមស ជាថ្នាំគ្រាប់មានសម្បក (ខេបស៊ុល)
– ខ្ទឹមស ជាសារធាតុចម្រាញ់
– ខ្ទឹមស ជាជែលលាបស្បែក
– ខ្ទឹមស ជាក្រែមលាបស្បែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕