៣- ចំណុចត្រូវដឹង
នៅសប្តាហ៍នេះយើងនឹងដឹងពីបញ្ហាក្អក និងការវារលូនរបស់ក្មេងៗវិញម្តង តើម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ទៅលើចំណុចទាំង ២ នេះដូចម្តេចខ្លះ?
ក្អក៖ និយាយទៅទោះបីក្មេងសុខភាពល្អប៉ុនណា ក៏អាចក្អកដែរ។ ការពិតទៅ ការក្អកអាចជួយក្មេងៗដកដង្ហើមបានស្រួល ដោយបានសម្អាតសំបោរ ឬស្លេស្សពីផ្លូវដង្ហើម។ ជួនកាលការក្អកយូរអាចកើតមានបន្ទាប់ពីរោគសញ្ញាជំងឺបានជាបាត់ទៅ ប៉ុន្តែមិនមែនទាំងអស់ទេ ដូចជា៖
-ដង្ហក់៖ ក្មេងៗពិបាកដកដង្ហើម ឬដង្ហក់ វាជារោគសញ្ញាជំងឺរលាកទងសួតដែលបណ្តាលមកពីវីរុសឈ្មោះ Respiratory syncytial virus (RSV)។
-ក្អកឥតដាច់៖ ក្មេងៗក្អកខ្លាំងដែលយើងតែងនិយាយថាក្អកដូចឆ្កែព្រុស វាជារោគសញ្ញាជំងឺរលាកបំពង់កដែលបណ្តាលមកពីឆ្លងពពួកវីរុសតាមផ្លូវដង្ហើមខាងលើ។
-ត្រជាក់ហើយក្អកតែយប់៖ ក្មេងៗមើលទៅដូចជាត្រជាក់ខ្លួនយូរ ហើយក្អករ៉ាំរ៉ៃនៅពេលយប់ វាអាចជារោគសញ្ញាប្រតិកម្មនឹងអ្វីមួយ ឬការរលាកភ្នាសប្រអប់រន្ធច្រមុះ។
-ក្អកឥតហេតុផល៖ ក្មេងៗនៅសុខៗក្អក ឬក៏ក្អករ៉ាំរ៉ៃដែលមិនមានអាការៈផ្តាសាយ វាអាចជាជំងឺហឺត ឬស្លាក់វត្ថុអ្វីមួយ។
-ក្អករ៉ាំរ៉ៃ៖ ក្មេងៗក្អករ៉ាំរ៉ៃ ពិបាកដកដង្ហើម គ្រុនក្តៅ គ្រុនរងារ អាចជាជំងឺរលាកសួត។
-ក្មេងៗក្អកមិនឈប់រយៈពេល ២០-៣០ វិនាទី ហើយសំឡេងពេលដកដង្ហើមជ្រៅដូចសំឡេងមាន់រងាវ វាអាចជាជំងឺក្អកមាន់។
-ក្មេងៗក្អកមានស្លេស្សច្រើនមកជាមួយ ធ្វើឲ្យពិបាកដកដង្ហើម គួរនាំទៅជួបពេទ្យព្រោះវាអាចជាជំងឺ Cystic Fibrosis (ជំងឺសួតកើតពីតំណពូជម្យ៉ាងដែលអាចបណ្តាលឲ្យសួតរងការបង្ករោគញឹកញាប់)។