បើកូនបៅ ឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអីខ្លះ?

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ស្រីៗ​កំពុង​បំបៅ​ដោះ​កូន ប្រយ័ត្ន​ប្រយែង​បន្តិច ពិសេស​ចុង​សុដន់​យើង ត្រូវ​តែ​មាន​អនាម័យ​ ប្រយ័ត្ន​កើត​រោគ​ផ្សិត។ ​មេរោគផ្សិត Candida Albicans ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ រោគផ្សិត អាច​លូត​លាស់​បាន​នៅ​លើ​ក្បាល​ដោះ​យើង​ និង​ក្នុង​មាត់​​ទារក។ ចង់​ដឹង​ហេតុអី​បាន​កើត​រោគ​ផ្សិត​នេះ រោគសញ្ញា​យ៉ាង​ម៉េច បង្ការដោយ​វិធីណា សូមស្ដាប់​ការ​បកស្រាយ​របស់ “Hello គ្រូពេទ្យ”។​

១- ម៉េច​បានកើត​ផ្សិត?

ក្នុង​រាង​កាយ​យើង​ មាន​ផ្ទុក​មេរោគ​ផ្សិត​ម៉្យាង​ឈ្មោះ Candida Albicans ដោយផ្សិត​នេះ​ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ ប៉ុន្តែ​នៅ​ពេល​វា​មាន​ឱកាស​លូតលាស់​ ហើយ​រីក​ដុះ​ដាល ​នឹង​បង្ក​ជាជំងឺបង្ក​ដោយ​ពពួក​ផ្សិត។ ការ​បំបៅ​ដោះ​ ងាយ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​កើត​ជំងឺ​នេះណាស់ ដោយ​មេរោគ​ផ្សិតនឹង​លូត​លាស់​ល្អ​ក្នុង​ស្ថានភាពក្ដៅ​ល្មម មាន​សំណើម កន្លែង​មាន​ជាតិ​ស្ករ ដែល​ស្ថានភាព​នេះ ស៊ី​គ្នា​ទៅ​នឹង​ពេលកូន​កំពុង​ម៉ឹម​ដោះ មាន​ន័យ​ថា បើ​កូន​យើង​ឡើង​ជ្រាំង​អណ្តាត នឹង​ចម្លង​មេរោគ​ផ្សិត​នេះ​មក​យើង​ដូច​គ្នា ហើយ​បញ្ហា​ជ្រាំង​អណ្ដាត ​កើត​មាន​ញឹក​ញាប់​បំផុត​ចំពោះ​ទារក ពិសេស​​ទារក​អាយុ​បាន​ ៤ ​សប្ដាហ៍។

២- រោគសញ្ញាកើត​រោគ​ផ្សិត

សញ្ញា​ទូ​ទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ពេល​បំបៅ​កូន​ដោយ​ទឹក​ដោះ​ យើង​អាច​សង្កេតតាម​ចំណុច​មួយ​ចំនួន៖

– ឈឺ​ចាប់​ក្នុង​សុដន់
– ក្បាលសុដន់​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ក្រហម និង​ភ្លឺ
– ក្បាលសុដន់មាន​ការ​ខូច​ខាត ​ហើយ​មិន​បាន​ជា​សះ​ស្បើយ​ពេល​ដែល​ក្មេង​បាន​បៅ។
– ក្បាល​សុដន់ឈឺ​ក្រោយ​ពេល​​បំបៅកូន និង​អាច​ឈឺខ្លាំង និងយូរ​​រហូត​ដល់​មួយ​ម៉ោង ​ក្រោយ​​បំបៅ​។
– រមាស់នៅ​ក្បាល​សុដន់ អាច​មាន​អារម្មណ៍​សង្កៀរ នៅ​ពេល​ដែល​ប៉ះ។ ស្រីៗ​​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ទោះ​បី​ជា​ពាក់​អាវ​រលុង​ក៏​ដោយ។

៣- រោគសញ្ញាកើតលើទារក

ពេល​ទារក​ឆ្លង​មេរោគ​ យើង​អាច​មើលឃើញ​មាន​បំណះ​ពណ៌​ស​ដូច​កំណាត់ ​នៅ​លើ​អណ្ដាត អញ្ចាញ​ធ្មេញ និង​ក្នុង​ក្រអូម​មាត់​ផ្នែក​ខាង​លើ​។ បំណះ​ពណ៌​ស​ទាំង​នេះ​ មិន​ងាយ​យក​ចេញ​​ស្រួលៗ​ទេ បើ​ប្រៀប​ទៅ​នឹង​ជ្រាំង​​កើត​ដោយ​សារ​ទឹក​ដោះ​គោ។ ​បើ​យើង​ប៉ះ​បំណែក​ស​នោះ​ជាមួយ​​ម្រាម​ដៃ​យើង យើង​នឹង​មាន​អារម្មណ៍​ថា​ បាត​របស់​បំណះ​មាន​សភាព​ទន់ និង​អាច​ហូរ​ឈាម​ទៀត​ផង។ កូនអាច​នឹង​មិន​បៅដោះ ឬ​បៅ​ក្នុង​រយៈ​ពេល​ខ្លី ដោយ​សារ​ការ​ឈឺ​ក្នុង​មាត់។ មេរោគ​អាច​ចូល​ទៅ​កាន់​គូទ​​ក្មេង​បាន​តាម​ប្រព័ន្ធ​រំលាយ​អាហារ​ ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ឡើង​កន្ទួល​រមាស់​ ពេល​ក្មេង​ស្លៀក​ខោ ឬកន្ទប​ទឹក​នោម។ ជា​ធម្មតា​ កន្ទួល​មាន​សភាព​ឈឺ និង​សើម​ ជាមួយ​នឹង​ឡើង​ក្រហម ឬ​ពណ៌​ស និង​អាច​រាល​ដាល​ទៅ​ផ្នែក​ផ្នត់​នៃ​ស្បែក។

អត្ថបទពាក់ព័ន្ធ៖

៤- វិធីព្យាបាល

ក្រែម ឬ​ជែល​ប្រឆាំងរោគ​ផ្សិត ​ដែល​ចេញ​តាម​វេជ្ជបញ្ជា​សម្រាប់​ព្យាបាលបញ្ហា​​ឆ្លង​មេរោគ​ ជា​ធម្មតា​ គឺ​ថ្នាំ Miconazole។ គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​មើល​រោគ​សញ្ញា​កូន​យើង។ បើ​មាន​មេរោគ​នៅ​ក្នុង​មាត់ និង​មាន​នៅ​តាម​គូទ​ នោះ​ត្រូវ​​ចាប់​ផ្ដើម​ព្យាបាល ដោយ​​លាប​ជែល ឬ​ក្រែម​នៅ​តំបន់​​មាន​មេរោគ និង​បន្ត​ព្យាបាល​រហូត​ទាល់​​លែង​មាន​មេរោគ​ទៀត។

​បើ​ក្បាល​សុដន់​​ឡើង​ក្រហម​ខ្លាំង​ ហើយ​ឈឺ ការ​លាប​ក្រែម​ស្តេរ៉ូអ៊ីត ​អាច​ជួយ​​ព្យាបាល​បាន អាការៈ​ឈឺ​ចាប់ និង​រោគ​សញ្ញា​ដទៃ​ទៀត​ នឹង​បាត់​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក្នុង​ករណី​​មិន​បាត់ ត្រូវ​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​វិញ។ ​បើ​មាន​ការ​ឈឺ​ចាប់​សោយ​សាររោគ​ផ្សិត (Thrush) ​ត្រូវ​លេប​ថ្នាំ​ប្រឆាំង​មេរោគ​ផ្សិត។ ក្រៅ​ពី​ការ​លេប​ថ្នាំ យើង​នៅ​អាច​បំបាត់​មេរោគ​ផ្សិត​បាន​តាមរយៈ៖

– ត្រូវ​លាង​សម្អាត​របស់​ប្រើ​ប្រាស់ ដប​ទឹក​ដោះ​គោ និង​ក្បាល​ដោះ​ជ័រ​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​មេរោគ​ម្តងទៀត។
– ត្រូវ​លាង​សម្អាត​ប្រដាប់ប្រដា​ក្មេង​លេង​ ដែលក្មេង​​អាច​ដាក់​ចូល​ក្នុង​មាត់បាន ជាមួយ​​ទឹក​ក្ដៅ និង​សាប៊ូ​។
– ត្រូវ​លាង​ដៃ​កូនឲ្យ​បាន​ញឹក​ញាប់ លាប​ក្រែម​ប្រឆាំង​​មេរោគ រួម​ទាំង​​ក្រោយ​ពេល​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម។
– ប្រើ​កន្សែង​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​គ្រួសារ ​រួច​ត្រូវ​ផ្លាស់​ប្ដូរ​ជា​រៀង​រាល់​ថ្ងៃ។
– ត្រូវ​សម្អាត​សម្លៀកបំពាក់ ទាំង​ម៉ាក់ៗ ទាំង​កូន​ ដើម្បី​កម្ចាត់​មេរោគ​ផ្សិត។
– ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​លើ​សុដន់​ យើង​​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ស្រាល​ៗ​ ដូច​ជា​ ថ្នាំ​ប៉ារ៉ាសេតាមុល ជាដើម ហើយលុះ​ត្រា​តែ​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​មាន​ការ​ឈឺចាប់ខ្លាំង ទើប​ត្រូវ​ចាប់​ផ្ដើម​ការ​ព្យាបាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 14, 2019

អ្នកអាចចូលចិត្ត