សម្រាប់ស្រីៗគ្នាយើង ជំងឺមហារីកដែលប្រឈមខ្ពស់នោះគឺមហារីកសុដន់នេះឯង ហើយរោគសញ្ញារបស់វាមួយចំនួន យើងមិនសូវជាដឹង ឬចាប់អារម្មណ៍ទៅលើវាប៉ុន្មានទេ ដូចជា ឈឺក្លៀក រមាស់ចុងសុដន់ ឬចុងសុដន់លិបចូលក្នុងជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសផ្នែកជំងឺមហារីក និងជំងឺឈាម បានឲ្យដឹងថា “ជាក់ស្ដែង ការឈឺនៅក្នុងតំបន់ក្លៀក វាអាចជាសញ្ញាមួយនៃមហារីកសុដន់រាលដាលទៅកូនកណ្ដុរនៅក្នុងក្លៀកអ្នកជំងឺ។”
លោកវេជ្ជបណ្ឌិតបន្តថា ប៉ុន្តែ ស្ត្រីទាំងអស់ដែលមានឈឺចុកចាប់នៅតំបន់ក្លៀក មិនមានន័យថា សុទ្ធតែកើតមហារីកសុដន់ទាំងអស់នោះទេ ព្រោះមានជំងឺផ្សេងជាច្រើនទៀតក៏ចេញរោគសញ្ញានេះដែរ គ្រាន់តែជំងឺមហារីកសុដន់ កាលណាដែលរាលដាលដល់ក្លៀកក៏វាបណ្ដាលឲ្យឈឺបែបនេះដែរ។