ការពារភ្នែកកូន ជាកត្តាសំខាន់ ព្រោះពេលរៀនអនឡាញ កូនត្រូវសម្លឹងមើលកញ្ចក់អេក្រង់រាប់ម៉ោងពីមួយថ្ងៃទៅមួយថ្ងៃ ដូចយើងមនុស្សធំដែរក្នុងសម័យកូវីដ-១៩ នេះ។ យើងដឹងហើយ ការដែលសម្លឹងអេក្រង់យូរ នោះពន្លឺខៀវពីកញ្ចក់ទូរស័ព្ទ ឬកុំព្យូទ័រអាចបង្កផលប៉ះពាល់ដល់ភ្នែកបាន។ ដើម្បីធានាថា អាអូនរៀនអនឡាញបានមិនប៉ះពាល់ដល់ភ្នែក ម៉ាក់ប៉ាអាចប្រើតិចនិកថែទាំខាងក្រោមនេះ ការពារភ្នែកអាអូនពីពន្លឺអេក្រង់។
តិចនិកការពារភ្នែកកូនអំឡុងពេលរៀនអនឡាញ
១. ឲ្យអាអូនរៀនអនឡាញនៅក្នុងបន្ទប់មានពន្លឺភ្លឺ និងរក្សាកម្រិតពន្លឺអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ ត្រឹមពាក់កណ្ដាល កុំឲ្យភ្លឺពេក ឬងងឹតពិបាកមើលពេក។ ការមើលអេក្រង់នៅក្នុងបន្ទប់ដែលមានពន្លឺទាបនាំឱ្យមានការឈឺ ឬស្ពឹកភ្នែក ព្រោះភ្នែកត្រូវប្រឹងមើលអេក្រង់។
២. បង្រៀនកូនឲ្យឧស្សាហ៍ព្រិចភ្នែកពេលកំពុងរៀនអនឡាញ ព្រោះជាទូទៅ ពេលរវល់ស្ដាប់គ្រូពេក អាចសម្លឹងអេក្រង់យូរ កម្រព្រិចភ្នែក អាចធ្វើឲ្យភ្នែកកូនស្ងួត
៣. អនុវត្តតាមក្បួន២០-២០-២០។ រាងរាល់២០នាទីម្ដង ឲ្យកូនងាកចេញពីអេក្រង់ សម្លឹងមើលវត្ថុអ្វីចម្ងាយ៥-៦ម៉ែត្រពីខ្លួន រយៈពេល២០វិនាទី
៤. ឃើញកូនរៀនយូរម៉ោង ម៉ាក់ប៉ាត្រូវដាក់ពេលវេលាឲ្យកូនសម្រាកភ្នែក ពីកញ្ចក់ទូរស័ព្ទ ឬកុំព្យូទ័រ៣-៥នាទី សឹមបន្តរៀនទៀត
៥. ការពារភ្នែកកូនដោយជំរុញឲ្យអាអូនលេងនៅរបស់របរផ្សេងៗក្រៅផ្ទះ (ដូចជាលេងបាល់ ឬកីឡាផ្សេង) ពេលទំនេរពីរៀនអនឡាញ ចៀសវាងឲ្យកូនមើលទូរស័ព្ទលេងក្រោយរៀនចប់។
៦. ផ្ដល់អាហារមានតុល្យភាពឲ្យអាអូនញ៉ាំបានគ្រប់គ្រាន់ ក្នុងអាហារមួយពេលៗគួរមានសាច់ បន្លែ ផ្លែឈើ គ្រប់សារធាតុចិញ្ចឹម ពិសេសអាហារដែលផ្ដល់ប្រយោជន៍ដល់ភ្នែកច្រើន។
៧. នាំអាអូនទៅពិនិត្យភ្នែកយ៉ាងតិច ១ឆ្នាំម្ដង និងតាមដានសញ្ញាដូចជា ឈឺក្បាល ឧស្សាហ៍ភ្នែក ព្រិចភ្នែកញឹកញាប់ពេក ឬអស់កម្លាំង ព្រោះវាអាចជាសញ្ញាបញ្ហាភ្នែក។
បន្ថែមពីលើនេះ ម៉ាក់ប៉ាក៏ត្រូវណែនាំឲ្យអាអូនដាក់ទូរស័ព្ទ ឬកុំព្យូទ័រដែលត្រូវរៀនឲ្យឆ្ងាយពីភ្នែក និងអង្គុយរៀនត្រង់ខ្លួន ដើម្បីការពារភ្នែកកូនពីពន្លឺខៀវ។ ម៉្យាងវិញទៀត កញ្ចក់អេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រត្រូវសម្អាតជាប្រចាំផងដែរ។
[embed-health-tool-vaccination-tool]