ការផ្ដល់ចំណីអាហារត្រឹមត្រូវដល់កូនៗ ជារឿងចាំបាច់សម្រាប់ម៉ាក់ប៉ាត្រូវធ្វើ ព្រោះវាជាផ្នែកមួយជះឥទ្ទិពលដល់សុខភាព និងការលូតលាស់របស់អាអូន។ ស្របពេលអាកាសធាតុក្ដៅបែបនេះ បើយើងបណ្ដោយឲ្យអាអូនញ៉ាំអីផ្ដេសផ្កាស អាចធ្វើឲ្យបាត់បង់ជាតិទឹកខ្ពស់ បង្កើនការរលាក។ល។ ហេតុនេះហើយ ខាងក្រោមនេះ ជាជម្រើសអាហារសម្រន់ឆ្ងាញ់ៗ សម្រាប់អាអូនញ៉ាំក្នុងអាកាសធាតុមេឃក្ដៅហែងបែបនេះ។
១. យ៉ាអ៊ួរ
នៅក្នុងយ៉ាអ៊ួរមានផ្ទុកជាតិ Probiotics ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់កូនៗយើង ហើយវាក៏ល្អសម្រាប់អាអូនក្នុងរដូវក្ដៅ ព្រោះវាជួយរាងកាយឲ្យនៅត្រជាក់ពីខាងក្នុងមក។ ម៉ាក់ប៉ាអាចបន្ថែមជាផ្លែឈើទៅក្នុងយ៉ាអ៊ួរ ដើម្បីបង្កើនរសជាតិ និងផលល្អដល់រាងកាយកូន។
២.ទឹកដូង
ទឹកដូងផ្ដល់ផលល្អដល់ទាំងក្មេង និងចាស់ ព្រោះវាសម្បូរដោយប៉ូតាស្យូម អេឡិចត្រូលីត និងសារធាតុរ៉ែផ្សេងៗ។ មិនតែប៉ុណ្ណោះ វាក៏ជួយរក្សាជាតិទឹកក្នុងខ្លួនយើងបានល្អផងដែរ តែម៉ាក់ប៉ាត្រូវប្រាកដថា ទឹកដូងដែលឲ្យកូនញ៉ាំជាទឹកដូងកាប់ពីដូងស្រស់ៗ មិនមែនទឹកដូងកំប៉ុងមានក្នុងផ្សារទំនើបទេ។
៣. បន្លែ និងផ្លែឈើ
ផ្ដល់បន្លែ ឬផ្លែឈើសម្បូរជាតិទឹកឲ្យកូនញ៉ាំឲ្យច្រើនៗក្នុងខែនេះដូចជា ផ្លែស្ត្រប៊ើរី ផ្លែឪឡឹក ត្រសក់ ស្ពៃក្ដោប។ល។ ដើម្បីជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនអាអូន បន្ថែមពីលើការញ៉ាំទឹក។
៤. ការ៉េម
ក្មេងៗឲ្យតែឮពាក្យការ៉េមម្ដងៗមិនបានទេ ច្បាស់ជាទារម៉ាក់ប៉ាចង់ញ៉ាំជាមិនខាន ព្រោះវាផ្អែម ហើយត្រជាក់ទៀត ស័ក្តិសមនឹងរដូវក្ដៅបែបនេះ។ ដោយសារតែការ៉េមផ្អែម ទើបម៉ាក់ប៉ាមួយចំនួនមិនសូវឲ្យកូនញ៉ាំច្រើន ព្រោះខ្លាចប៉ះពាល់សុខភាពកូន តែបើយូរម្ដងៗពេលមេឃក្ដៅ ឲ្យអាអូនញ៉ាំការ៉េម១ដើម ក៏មិនសូវជាបញ្ហាដល់សុខភាពកូនដែរ។
[embed-health-tool-child-growth-chart]
ចំណាំ៖ ក្រៅពីអាហារសម្រន់អស់នេះ ម៉ាក់ប៉ាត្រូវផ្ដល់ទឹកឲ្យកូនញ៉ាំឲ្យបានច្រើន ពិសេសក្នុងអាកាសធាតុក្ដៅ ចៀសវាងបញ្ហាបាត់បង់ជាតិទឹកកើតឡើងលើកូន។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?